កម្ពុជា-សង្គម

អ្នកនាំពាក្យស្នងការភ្នំពេញ៖ ក្នុងពេលបិទខ្ទប់ទីក្រុង មានយានយន្តចំនួន៤២គ្រឿងល្មើសនឹងវិធានការអាជ្ញាធរ

ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩
ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ AP - Heng Sinith

យាន​យន្ត​ចំនួន​៤២​គ្រឿង​ ត្រូវ​បាន​ឃាត់​ទុក​ជា​បណ្តោះអាសន្ន ​ក្រោយ​ពី​ម្ចាស់​យានយន្ត​ទាំងនោះ​ល្មើស​នឹង​បម្រាម​បិទខ្ទប់​និង​បម្រាម​គោលចរ​ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​។ ក៏​ប៉ុន្តែ​យ៉ាងណា ​តាម​អ្នក​នាំ​ពាក្យ​ ម្ចាស់​យានយន្ត​ដែល​ល្មើស​ទាំង​នោះ​ ត្រូវ​បាន​ដោះលែង​ឲ្យ​ទៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​។

ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល២ថ្ងៃនៅថ្ងៃទី១៤ និង១៥មេសា អាជ្ញាធររាជធានីភ្នំពេញឃាត់បានយានយន្តជាម៉ូតូចំនួន៤២គ្រឿង ដែលល្មើសនឹងការអនុវត្តវិធានការបិទខ្ទប់ និងការអនុវត្តបម្រាមគោលចរក្នុងរាជធានីភ្នំពេញ។ ម៉ូតូទាំង៤២គ្រឿងត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ន ចំនួន១៤ថ្ងៃ តាមអធិការខណ្ឌនីមួយៗ។ រីឯចំពោះម្ចាស់យានយន្តចំនួន៤២គ្រឿងដែលល្មើសទៅនឹងបម្រាមបិទខ្ទប់ និងបម្រាមគោលចរនោះ នៅមិនទាន់មានការដាក់ទោសទណ្ឌផ្លូវច្បាប់ណាមួយនៅឡើយទេ។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថាម្ចាស់យានយន្តទាំង៤២គ្រឿងនោះភាគច្រើន មិនមានឯកសារគ្រប់គ្រាន់ពេលអាជ្ញាធរត្រួតពិនិត្យ ទើបអាជ្ញាធរសមត្ថកិច្ចត្រូវដករក្សាទុកជាបណ្តោះអាសន្ន។

នៅទន្ទឹមនឺងករណីល្មើសនឹងការអនុវត្តវិធានការបិទខ្ទប់ និងបម្រាមគោលចរនេះ ក៏មានដែរនៅករណីល្មើសដោយផ្ទាល់នឹងវិធានការបិទខ្ទប់របស់អាជ្ញាធរភ្នំពេញ។ ពោលគឺកាលពីថ្ងៃម្សិលមិញ បុរសម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីយកកូនកាំបិតទៅកាត់ខ្សែដើម្បីបិទការហាមចេញចូលនៅភូមិសាស្ត្រផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ចំពោះករណីនេះ លោក សាន សុខសីហា បានបញ្ជាក់ថា សមត្ថកិច្ចមូលដ្ឋានកំពុងរៀបចំបញ្ជូនសំណុំរឿងនេះ ទៅកាន់ដៃតុលាការនៅព្រឹកនេះ។

គួរបញ្ជាក់ថា ករណីបុរសយកកូនកាំបិតទៅកាត់ខ្សែដែលបិទការចេញចូលជាបណ្តោះអាសន្ននោះ អាចប្រឈមទៅនឹងច្បាប់ដែលមានចែងក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លោក សាន សុខសីហា បានបញ្ជាក់បន្ថែមដែរថា បុរសដែលឃាត់ខ្លួននោះ អាចប្រឈមនឹងផ្លូវច្បាប់តាមមាត្រាទី១១ ពីបទរារាំងដល់ការអនុវត្តវិធានការ ដែលត្រូវជប់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI