កម្ពុជា-កូវីដ១៩

កូវីដ១៩៖ ការចាក់វ៉ាក់សាំងនៅភ្នំពេញសម្រេចផ្អាកចំនួន៣ថ្ងៃ

មន្ដ្រី​សុខាភិបាល​ត្រៀម​វ៉ាក់សាំង​សម្រាប់​ចាក់​ដល់​ពលរដ្ឋ នៅ​ក្រសួង​ព័ត៌មាន នា​ថ្ងៃ​ព្រហស្បតិ៍ ទី០​១ ខែ​មេសា ឆ្នាំ​២០២១។
មន្ដ្រី​សុខាភិបាល​ត្រៀម​វ៉ាក់សាំង​សម្រាប់​ចាក់​ដល់​ពលរដ្ឋ នៅ​ក្រសួង​ព័ត៌មាន នា​ថ្ងៃ​ព្រហស្បតិ៍ ទី០​១ ខែ​មេសា ឆ្នាំ​២០២១។ AP - Heng Sinith

ក្នុង​ពេល​ដែល​រាជធានី​ភ្នំពេញ​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​បិទ​ខ្ទប់ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ត្រូវ​បាន​ប្រកាស​ផ្អាក​ដំណើរការ​​​ចំនួន​៣​ថ្ងៃ​។ លោក​ស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច បាន​ប្រកាស​យ៉ាង​ដូច្នេះ​នៅព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧​មេសា​នេះ​។ ក្នុង​សារ​ដាច់​ដោយ​ឡែក លោក​ស្រី​បាន​បញ្ជាក់​ថា ​អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង​ដែល​​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​ហើយ​ជាប់​បម្រាម​បិទ​ខ្ទប់ ត្រូវទៅ​ទទួល​​វ៉ាក់សាំងនៅ​តំបន់ឬ​ខេត្ត​​បិទ​ខ្ទប់​នោះ​តែ​ម្ដង​។

ផ្សាយពាណិជ្ជកម្ម

នៅ​ភ្នំពេញ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ត្រូវ​ផ្អាក​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩​មេសា​។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​ស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​លើ​កិច្ចការងារ​ចាក់​វ៉ាក់សាំង។ ការ​បញ្ជាក់​របស់​លោក​ស្រី ឱ វណ្ណឌីន យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ពេលដែល​រាជធានី​ភ្នំពេញ​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​បិទ​ខ្ទប់​រយៈ​ពេល​១៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨​ ខែ​មេសា ក្នុង​គោលដៅ​គ្រប់​គ្រង់​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។

ដោយ​ឡែក ចំពោះ​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ទី​២​និង​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ហើយ​ត្រូវ​បាន​​បិទ​ខ្ទប់មិន​ឲ្យ​ត្រឡប់​ចូល​មក​មូលដ្ឋាន​ខ្លួន​វិញ អ្នក​ទាំង​នោះ​​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​អាជ្ញាធរ​នៅ​ទីតាំង​ដែល​ខ្លួន​ស្នាក់នៅ ដើម្បី​ទទួល​វ៉ាក់សាំង​នៅ​មូលដ្ឋាន​ឬ​ខេត្ត​​​​បិទ​ខ្ទប់​នោះ​តែ​ម្ដង។ ក្នុង​នោះ អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ទី​២ ចាំ​បាច់​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​ដល់​អាជ្ញាធរ ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​។

ដើម្បី​សម្រួល​ដល់​ការងារ​ចាក់​វ៉ាក់សាំង​នេះ លោក​ស្រី ឱ វណ្ណឌីន បញ្ជាក់​ថា គណៈកម្មការ​ចំពោះ​កិច្ច​ទទួល​បន្ទុក​ការងារ​ចាក់​វ៉ាក់សាំង នឹង​បញ្ជូន​វ៉ាក់សាំង​ចំនួន​២០០​ដូស​ទៅ​កាន់​ខេត្ត​នីមួយ​ៗ សម្រាប់​ត្រៀម​ចាក់​ជូន​ពលរដ្ឋ​ដែល​ជាប់​បម្រាម​បិទ​ខ្ទប់​។ វ៉ាក់សាំង​ទាំង​២០០​ដូស​នេះ នឹង​ត្រូវ​បញ្ជូន​ពី​រាជធានី​ទៅ​តាម​បណ្ដា​ខេត្ត​នៅ​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​មេសា​។

គួរ​ជម្រាប​ជូន​ថា កម្ពុជា​បាន​ចាប់​ផ្ដើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋតាំង​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ បន្ទាប់​ពី​ទទួល​បាន​វ៉ាក់សាំង​ជំនួយ​ពី​ប្រទេស​ចិន និង​ក្រោយ​មកមាន​វ៉ាក់សាំង​ទទួល​ពី​យន្តការ​កូវ៉ាក់ ព្រម​ទាំង​វ៉ាក់សាំង​ដែល​កម្ពុជា​បញ្ជា​ទិញ​ដោយ​ខ្លួន​ឯង​។ គិត​ត្រឹម​ពេល​នេះ មាន​ពលរដ្ឋ​ខ្មែរ​ជិត​១​លាន​៥​សែន​នាក់​ហើយ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ខណៈ​រដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បានយ៉ាង​ហោច​ណាស់​១១​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI