កម្ពុជា-នយោបាយ

មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប​ទៀត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

ទង់​បក្ស​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។
ទង់​បក្ស​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។ © Reuters

មន្ត្រីជាន់ខ្ពស់របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧រូប​ទៀត បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កាលពីថ្ងៃទី១៣​មេសា​ឆ្នាំ​២០២១នេះ។ គិតត្រឹម​ថ្ងៃនេះ​គឺមានអ្នក​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំងនេះ​ចំនួន២០​នាក់ហើយដែល​​បានសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ​ក្នុងចំណោម​អ្នកនយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​ចំនួន​១១៨​រូប​។

ផ្សាយពាណិជ្ជកម្ម

មនុស្សទាំង៧នាក់​របស់​អតីតគណបក្សសង្គ្រោះជាតិ​​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅថ្ងៃទី១៣​មេសា គឺនាំមុខ ដោយ​លោក យ៉ែម ប៉ុញ្ញាឬទ្ធិ អតីត​ប្រធានគណៈកម្មការទី៧​នៃ​​រដ្ឋសភា និង​តាម​ពីក្រោយ​ដោយ លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ ​លោក កឹម សុខា។ ចំណែក​មនុស្ស​៥រូប​ទៀត​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញជាមួយគ្នានេះ​គឺមាន លោក​ ជុំ ច័ន្ទដាវីន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោក ឡុង គឹមឃន និង​លោកស្រី យង់ ផាន់ណេត។

នៅក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្ញើ​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា បុគ្គលទាំង៧​រូបនេះ​មិនបាន​ធ្វើ​សកម្មភាព​ណាមួយនៅប្រទេស​កម្ពុជា​​ដែល​ផ្ទុយ​ពីសាលដីកា​របស់​តុលាការកំពូលឡើយ ប៉ុន្តែមានតែលោក យ៉ែម ប៉ុញ្ញឬទ្ធិ ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​សកម្មភាព​ការទូតនៅក្រៅ​ប្រទេស​អំឡុង​ពេលដែល​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ។

គួរកត់​សំគាល់ថា ក្រៅពីមនុស្ស៧នាក់​ដែល​បានដាក់ពាក្យ​សុំ​សិទ្ធិ​នយោបាយ​ឡើងវិញនៅពេលនេះ គឺមានអ្នក​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំងចំនួន១៣រូបហើយ ​ដែល​ទទួលបាន​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ រួមមាន ​លោក​ សុ​ន​ ​ឆ័​យ​ ​លោក​ ​តា​វ​ ​គឹម​ឈ​ន​ ​និង​លោក​ ​វ៉ា​ ​សា​ម៉ុ​ន​ ​ដែល​អ្នក​ទាំង​៣​នេះ​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​កាលពី​ថ្ងៃ​ទី​២៧​ខែសីហា​២០២០ ខណៈលោក​ ស៊ុន​ ​សុភ័ក្រ​ ​ទទួល​បានសិទ្ធិ​នយោបាយ​កាលពីថ្ងៃទី១០តុលា២០២០។

​ក្រៅពី​នេះ​ ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​កន្លងមក​ ​មាន​ដូចជា ​លោក​ ​គង់​ ​គាំ​ ​លោក​ ​គង់​ ​បូរ៉ា​ ​លោក​ ​រៀល​ ​ខេមរិន្ទ្រ​ ​លោក​ ​ជី​វ​ ​កត្តា​ ​លោក​ ​កង​ ​គឹម​ហាក់​ ​លោក​ ​អ៊ូ​ ​ច័ន្ទ​រ័ត្ន ​លោក​ ​ច័ន្ធ ​សិលា​ ​លោក​ ​ស៊ិន​ ​សុវណ្ណ​នី​ ​និង​លោកស្រី​ ​ទេព​ ​សិទ្ធី​។​

​​ក្នុងចំណោម​ក្រុម​អ្នកនយោបាយ​មកពី​អតីត​បក្ស​ប្រឆាំង​ទាំងនេះ​ ​គឺ​មាន​មួយ​ចំនួន​បាន​ទៅ​បង្កើត​គណបក្ស​ថ្មី​ ​ដូចជា​ ​លោក​ ​កង​ ​គឹម​ហាក់​ ​និង​លោក​ ​ជី​វ​ ​កត្តា​ ​ទៅ​បង្កើត​គណបក្ស​ថ្មី​ ​ដាក់ឈ្មោះ​ថា​ ​«​ខ្មែរ​ស្រលាញ់​ជាតិ​»​ ​ខណៈ​លោក អ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្ស «កែទម្រង់កម្ពុជា» នៅ​គ្រា​ដែល​ ​លោក​ ​រៀល​ ​ខេមរិន្ទ្រ​ ​ទៅ​បង្កើត​បក្ស​ថ្មី​ដាក់ឈ្មោះ​ថា​ ​«​គណបក្ស​ខ្មែរ​អភិរក្សនិយម​»​។​ ​ចំណែក​ ​លោក​ ​គង់​ ​គាំ​ ​ទៅ​ធ្វើជា​ទីប្រឹក្សា​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​គាត់​ ​គឺ​លោក​ ​គង់​ ម៉ូ​នី​កា​ ​ខណៈ​លោក​ ​គង់​ ​បូរ៉ា​ ​ជា​កូនប្រុស​ម្នាក់ទៀត​ ​ទៅ​ចុះចូល​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI