កម្ពុជា-ច្បាប់

មន្ត្រី​នគរបាល​ដែល​បំពាន​នឹង​បម្រាម​បិទ​ខ្ទប់​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​

ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩
ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ AP - Heng Sinith

មន្រ្តី​នគរបាល​ជាតិ​មួយ​រូប​នឹង​ប្រឈម​ទោសទណ្ឌ​តាម​ច្បាប់​ដោយ​មាន​ការ​ដកស័ក្ត​ និង​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​នគរបាល​ជាតិ​។ ការ​ប្រឈម​នឹង​ទោសទណ្ឌ​នេះ​កើត​ឡើង​បន្ទាប់​ពី​ មន្រ្តី​នគរបាលជាតិ​រូប​នោះ ​បាន​បំពាន​លើ​វិធានការ​បិទ​ខ្ទប់​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ ដោយ​រូបគេ​បាន​ជួប​ជុំ​គ្នា ​សេព​គ្រឿង​ស្រវឹង​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​។ 

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃនេះ​ លោក​ ស ថេត ​អគ្គ​ស្នង​ការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ មន្រ្តី​នគរបាល​ជាតិ​មួយ​រូប​ ជា​អនុ​ប្រធាន​សេនាធិការ​ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុង​ត្រូវ​បាន​អនុវត្ត​ទោស​ទណ្ឌ​ទៅ​តាម​ផ្លូវ​ច្បាប់​ ក្រោយ​មន្រ្តី​រូប​នោះ​បាន​ល្មើស​លើ​ការ​អនុវត្ត​បម្រាម​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​។ បើ​តាម​លោក​ ស ថេត ​បច្ចុប្បន្ន​លោក​ អ៊ុង ចាន់ធួក ​ជា​ឧត្តមសេនីយ៍​ផ្កាយ​២​ នៃ​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ នឹង​ត្រូវ​ដក​ស័ក្ត​ចេញ​ទាំង​អស់​ រួច​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​នគរបាល​ជាតិ​ផ្ទាល់​។ ហើយ​ទន្ទឹម​នេះ​នឹង​រូប​លោក​ក៏​នឹង​ប្រឈម​ការ​អនុវត្ត​ទោសទណ្ឌ​បន្ត​ទៀត​ ក្រោយ​មាន​ការ​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ដៃ​តុលាការ​ដោះស្រាយ​។

ជា​ការ​កត់​សម្គាល់​ ការ​អះអាង​របស់​លោក​ ស ថេត ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បញ្ជា​ពី​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​តាម​រយៈ​សារ​ជា​សម្លេង​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេឡាក្រាម​។ ក្នុង​សារ​ជា​សម្លេង​ជាង​១​នាទី​ លោក​នាយករដ្ឋមន្ត្រី ​បាន​បញ្ជា​ឲ្យ​មាន​ការ​កាត់​ទោស​លើ​មន្ត្រី​រូបនោះ​ជា​បន្ទាន់​ ហើយ​លោក​ក៏​កំពុង​រៀប​ចំ​នីតិវិធី​ដើម្បី​ស្នើ​ព្រះមហាក្សត្រ​ក្នុង​ការ​ដក​ស័ក្ត​ និង​បណ្តេញ​មន្ត្រី​នោះ​ចេញ​ពី​ក្របខណ្ឌ​ផ្ទាល់​តែ​ម្តង​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល ​ទោះ​មាន​ការ​វាយ​ខ្នោះ​មន្រ្តី​រូប​នោះ​ក៏​ដោយ​ តែ​មន្ត្រី​រូប​នោះ​ត្រូវ​តែ​ទទួល​ការ​កាត់​ទោស​ជា​ដាច់​ខាត​។

គួរ​ជម្រាប​ថា ​មន្រ្តី​នគរបាល​ជាតិ​ លោក​ អ៊ុង ចាន់ធួក ​ជា​ឧត្តមសេនីយ៍​ផ្កាយ​២​ មាន​តួនាទី​ជា​អនុប្រធាន​សេនាធិការ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ល្មើស​នឹង​បម្រាម​បិទ​ខ្ទប់​ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី​១៤​មេសា​។​ ពោល​គឺ​មន្ត្រី​រូប​នោះ ​បាន​ជួបជុំ​ជាមួយ​អ្នក​ជួល​ផ្ទះ​ខ្លួន​ សេព​គ្រឿង​ស្រវឹង ​និង​លេង​ប៉ាត​ម្សៅ​ជា​ដើម​ ដែល​ជា​ការ​ល្មើស​នឹង​បម្រាម​បិទ​ខ្ទប់​ដែល​បាន​ដាក់​ចេញ​។ បើ​តាម​បម្រាម​បិទ​ខ្ទប់​ បុគ្គល​ដែល​ល្មើស​អាច​ប្រឈម​នឹង​ទោសទណ្ឌ​តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​។ ដោយ​មន្រ្តី​រូប​នោះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​១០​លាន​រៀល​ ស្រប​ទៅ​តាម​មាត្រា​១០​ពី​បទ​មិន​គោរព​វិធានការ​រដ្ឋបាល​នៃ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។

គួរ​បញ្ជាក់​ជូន​ថា​ មន្ត្រី​នគរបាល​រូប​នោះ​ ជា​បុគ្គល​ទី​២​ដែល​បាន​បំពាន​លើ​បម្រាម​បិទ​ខ្ទប់​នៅ​អំឡុង​ពេល​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ​-១៩​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​ដោយ​នៅ​ថ្ងៃ​ទី​១៥​ មាន​បុគ្គល​ម្នាក់​បាន​បំពាន​បម្រាម​ដោយ​យក​កូន​កាំបិត​ទៅ​កាត់​ខ្សែ​ប៉ារ៉ាស​ដែល​ដាក់​បិទ​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​ផ្សារ​ដេប៉ូ​២​ ហើយ​បុគ្គល​នោះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​តុលាការ​ធ្វើការ​ដោះស្រាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI