កម្ពុជា-កូវីដ១៩

ការកែសម្រួលលើវិធានការបិទខ្ទប់៖ អាជ្ញាធរនឹងអនុវត្តច្បាប់ម៉ឹងម៉ាត់ចំពោះអ្នកល្មើស

ការរឹតបន្តឹងការធ្វើដំណើរនៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ
ការរឹតបន្តឹងការធ្វើដំណើរនៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ © សហការី

នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា ​រដ្ឋាបាល​កម្ពុជា​បាន​កែ​សម្រួល​វិធានការ​ ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​។​ ការ​កែ​សម្រួល​ថ្មី​នេះ​ បញ្ជាក់​ថា​ អ្នក​បំពាន​វិធានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ អាជ្ញាធរ​បិទ​ខ្ទប់​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​។

ផ្សាយពាណិជ្ជកម្ម

ការកែសម្រួលនេះធ្វើឡើង​​ ក្រោយពីរដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១៤ ខែមេសា ដោយសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ការបិទខ្ទប់ធ្វើឡើងរយៈពេល២សប្តាហ៍​ ដោយចាប់ពីគិតពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។

នៅតាមផ្លូវនានានៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាជ្ញាធរត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ដោយមិនអនុញ្ញាតិឲ្យមានការធ្វើដំណើរឆ្លងកាត់នោះទេ។

ប្រការ២ថ្មីនៃសេចក្តីសម្រេចខាងលើនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោយបានធ្វើដំណើរជាដើម។​

ប៉ុន្តែប្រការដដែលនេះ ក៏បានបញ្ជាក់ថា ការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់មួយចំនួន ដោយត្រូវមានលិខិតអនុញ្ញតធ្វើដំណើរ ឯកសារសម្គាល់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ ឬលិខិតបញ្ជាបេសកកម្មរបស់ក្រសួងស្ថាប័នសាមី។

ចំណែកឯប្រការ៣ថ្មី បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។​ ប៉ុន្តែសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយអនុវត្តលក្ខខណ្ឌកាត់បន្ថយចំនួនអ្នកធ្វើការជាដើម។

សកម្មភាព ឬមុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ដោយមានលក្ខខណ្ឌ មានដូចជាការងាររបស់ស្ថាប័ណសាធារណៈ សកម្មភាពការងាររបស់កងកម្លាំងប្រដាប់អាវុធ រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតឱសថ និងសម្ភារៈបរិក្ខាពេទ្យ រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ សេវាសុខាភិបាល សេវាសណ្ឋាគារ ផ្ទះសំណាក់ សេវាកម្មដឹកជញ្ជូនម្ហូបអាហារ រួមនឹងសកម្មភាពមួយចំនួនទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI