កម្ពុជា-សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចចំណាយថវិការជាង៨០០លានដុល្លារក្នុងពេលរាលដាលនៃជំងឺកូវីដ១៩

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ © Internet

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា ​បាន​ចំណាយ​ថវិការ​ជាតិ​ប្រមាណ​៨០០​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​រយៈពេល​ដែល​កម្ពុជា​រង​ការ​រាលដាល​ជំងឺ​កូវីដ១៩​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​នៅ​ថ្ងៃនេះ​។ ទឹកប្រាក់​ប្រមាណ​ជាង​៨០០​លាន​ដុល្លារ​នោះ ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩ ​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ​ក្នុង​រយៈពេល​៩ខែ​កន្លង​មក​។

ផ្សាយពាណិជ្ជកម្ម

លោក មាស សុខសេនសាន អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃនេះបានប្រាប់ឲ្យដឹងថា មួយរយៈពេលកន្លងមកដើម្បីទប់ស្កាត់និងអន្តរាគមន៍លើបញ្ហាសេដ្ឋកិច្ចពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ក្រសួងសេដ្ឋកិច្ចបានចំណាយថវិការជាតិក្នុងរង្វង់ទឹកប្រាក់៨០០លានដុល្លារ។ ការចំណាយនេះគឺដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍រាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។

ទឹកប្រាក់ជាង៨០០លានដុល្លារត្រូវបានចាយវាយលើការផ្គត់ផ្គង់បញ្ហាសេដ្ឋកិច្ចដល់ពលរដ្ឋដែលរងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ បើតាមគណៈកម្មាធិការជាតិគាំពារសង្គម នៅរយៈពេល៩ខែចុងក្រោយ គិតមកត្រឹមថ្ងៃទី២៤មីនាកន្លងទៅ មានប្រជាពលរដ្ឋចំនួនជាង៧០ម៉ឺនគ្រួសារ ឬស្មើនឹងជាង២លាននាក់បានទទួលការគាំពារជាជំនួយសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា។

នៅទន្ទឹមគ្នានេះ ក្រសួងសេដ្ឋកិច្ចនៅថ្ងៃសៅរ៍ម្សិលមិញ បានដាក់ចេញនូវសេចក្តីសម្រេចក្នុងការអនុវត្តគោលនយោបាយអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅ។ តាមសេចក្តីសម្រេចវិធានការនេះ ត្រូវបានអនុវត្តតែចំពោះគ្រួសារដែលមានជីវភាពលំបាក គ្រួសារដែលមានអ្នកកើតជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្នុងនោះ គ្រួសារនីមួយៗអាចទទួលបានទឹកប្រាក់ពីរង្វង់ ១៦ម៉ឺនទៅ២៤ម៉ឺនរៀល អាស្រ័យតាមចំនួនសមាជិកក្នុងគ្រួសារ។ បន្ថែមពីនេះគ្រួសារទាំងនោះក៏ទទួលបានស្បៀងមួយចំនួនមានដូចជា អង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ។ តែយ៉ាងណាការទទួលបាននេះ គឺអនុញ្ញាតឲ្យទទួលតែម្តងប៉ុណ្ណោះក្នុងមួយគ្រួសារ។ លើសពីនេះក៏មាននូវការជួយសម្រួលលើការបង់ថ្លៃទឹកភ្លើង ដូចដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់អះអាងកាលពីថ្ងៃទី១០កន្លងទៅ។ ដោយសម្រាប់គ្រួសារមានជីវភាពលំបាក នៅអំឡុងពេលបិទខ្ទប់អាចទទួលបានការឧបត្ថម្ភចំនួន២ខែ។ រីឯគ្រួសារមានអ្នកកើតជំងឺកូវីដ-១៩ អាចទទួលបានចំនួន៣ខែ និងគ្រួសារមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងទទួលបានចំនួន៥ខែ។ ក៏ប៉ុន្តែការឧបត្ថម្ភក៏ស្ថិតក្នុងបរិមាណមួយចន្លោះពី៨ពាន់រៀល ទៅ៣ម៉ឺនរៀល សម្រាប់ទឹកស្អាត និងពី១ម៉ឺន៩ពាន់រៀលទៅ៦ម៉ឺនរៀលសម្រាប់អគ្គិសនី និងម្យ៉ាងអាស្រ័យលើចំនួនសមាជិកក្នុងគ្រួសារដូចគ្នា។

ហើយសម្រាប់ការផ្តល់កញ្ចប់សាច់ប្រាក់ នោះគឺធ្វើតាមបញ្ជីដែលរៀបចំដោយអាជ្ញាធររាជធានី ខេត្ត ពីចំនួនគ្រួសារក្នុងមូលដ្ឋាន និងតារាងគម្រោងចំណាយថវិការនិងស្បៀងតាមបញ្ជីគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI