កម្ពុជា-សង្គម

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បន្តធ្វើយុទ្ធនាការជំទាស់នឹងគម្រោងកាត់បន្ថយបុគ្គលិក

កាស៊ីណូណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ
កាស៊ីណូណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ © សហការី

រយៈពេល​៥ថ្ងៃមកហើយ​ដែល​ក្រុម​បុគ្គលិក​នៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍​នាំគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ជំទាស់​នឹង​គម្រោង​របស់​កាស៊ីណូមួយនេះ​ក្នុង​ការ​កាត់​បន្ថយ​បុគ្គលិក​ជាង១ពាន់​នាក់​នៅខែមេសានេះ។ គម្រោង​កាត់​បន្ថយ​បុគ្គលិក​នេះ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​វិបត្តិ​សេដ្ឋកិច្ច ដោយ​សារ​កូវីដ១៩ ដែល​ក្រុម​ហ៊ុន​យក្ស​មួយ​នេះ​ថយចុះប្រាក់​ចំណេញ ប៉ុន្តែ​ក្រុម​បុគ្គលិក​លើកឡើងថា ទោះបីជាថយចុះប្រាក់ចំណេញ​ក៏ក្រុម​ហ៊ុន​នេះ​នៅមាន​លទ្ធភាព​ទ្រទ្រង់​បុគ្គលិកដដែល ខណៈ​ប្រាក់ចំណេញឆ្នាំ២០២០​ក្រុមហ៊ុន​រកបាន​រហូតជាង​១០០​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

​យុទ្ធនាការ​ជំទាស់នឹងផែនការ​កាត់​បន្ថយ​បុគ្គលិកនេះ​គឺកើត​ឡើង​កាន់​តែ​ច្រើនឡើង ខណៈ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​នឹង​ចេញ​បញ្ជីឈ្មោះ​បុគ្គលិក​ដែល​ត្រូវ​បញ្ឈប់​ចំនួន១៣២៩​នាក់នៅថ្ងៃចន្ទស្អែក។ នេះបើតា​ម​ការ​ឲ្យ​ដឹង​ពី​បុគ្គលិក​កាស៊ីណូមួយនេះ។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីគម្រោងបញ្ឈប់កម្មករនិយោជិតចំនួន ១៣២៩នាក់ ដោយក្រុមហ៊ុនណាហ្គាវើលដ៍ សំអាងលើមូលហេតុ ជំងឺកូវីដ-១៩។ ប៉ុន្តែពីខាងសហជីពទ្រទ្រង់​បុគ្គលិក​អះអាងថា ក្រុម​ហ៊ុនកាស៊ីណូខ្នាតយក្សមួយនេះ​មិន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរឡើយ ខណៈ​ប្រាក់ចំណេញឆ្នាំ២០២០​ក្រុមហ៊ុននេះ​រកបាន​រហូតជាង​១០០​លាន​ដុល្លារ។

យ៉ាងណាក៏ដោយ គម្រោង​បញ្ឈប់​បុគ្គលិក​នេះ ខាង​ក្រុម​ហ៊ុន​អះអាងថា​នឹង​ផ្តល់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​ដល់​បុគ្គលិកណា ដែល​បានព្រម​ព្រៀង​លាឈប់​តែប៉ុណ្ណោះ ចំណែកបុគ្គលិកណា​ដែល​មិនព្រម​លាឈប់​គឺ​ក្រុម​ហ៊ុន​នឹង​មិន​ផ្តល់​ប្រាក់​សំណងឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់សហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍។

ប្រសិនបើ​ក្រុមហ៊ុន​អនុវត្តបែបនេះមែន នោះគឺផ្ទុយនឹងខ្លឹមសារមាត្រា៩៥​នៃ​ច្បាប់​ស្តីពីការងារ ដែល​ត្រូវ​បាន​សហជីព​បរិហារថាជាការបញ្ឈប់​បុគ្គលិក​ក្រោម​រូបភាព​រើសអើង និងខុស​នីតិវិធី​ច្បាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍ដែលគេស្គាល់ថា ជាកន្លែង​លេង​ល្បែង​ស៊ីសង​ធំជាងគេនៅកម្ពុជានេះ គឺមានបុគ្គលិកប្រមាណ៨០០០នាក់។ កាលពីឆ្នាំ២០២០​ក្រុម​ហ៊ុន​យក្សមួយនេះ​រក​ចំណូល​បានជិត ៩០០លានដុល្លារ ហើយទទួលបានប្រាក់ចំណេញជាង១០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI