កម្ពុជា-នយោបាយ

លោក អ៊ូ ច័ន្ទរ័ត្ន៖ ការរួបរួមនៅតែជារឿងចាំបាច់របស់អតីតគណបក្សសង្គ្រោះជាតិ

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ © RFI

​អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង​ ​ដែល​មាន​គីឡូ​ធ្ងន់​ទល់នឹង​គណបក្ស​កាន់អំណាច​សព្វថ្ងៃ​ ​គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​បាត់បង់​នីតិសម្បទា​ធ្វើនយោបាយ​រយៈពេល​៥​ឆ្នាំ​ ​បាន​នាំគ្នា​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​កាន់តែ​ច្រើន​ទៅ​ៗ​។​ ​កាលពី​ស​ប្តាហ៍​មុន​ ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ ​ដឹកនាំ​ដោយ​លោក​ យ៉ែ​ម​ ​បុញ្ញ​ឬ​ទ្ធិ ​បាន​ទទួល​នីតិសម្បទា​ធ្វើនយោបាយ​ឡើងវិញ​ ​បន្ទាប់ពី​ពួកគេ​ធ្វើការ​ស្នើសុំ​។​ ​លោក​ ​អ៊ូ​ ​ច័ន្ទ​រ័ត្ន ​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​កាលពី​វគ្គ​ដំបូង​ៗ​ ​បាន​ប្រាប់​វិទ្យុ​បារាំង​ R​F​I​ ​នៅ​ថ្ងៃនេះ​ថា​ ​លោក​មិនទាន់​ដឹង​ច្បាស់​ពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើនយោបាយ​ជាបន្តបន្ទាប់​ ​ថា​នឹង​បន្ត​កិច្ចការនយោបាយ​របស់​ពួកគាត់​ទៀត​ឬ​យ៉ាងណា​ទេ​។​ ​លោក​ ​អ៊ូ​ ​ច័ន្ទ​រ័ត្ន ​បញ្ជាក់​ថា​ ​លោក​​​មាន​គោលដៅ​រួបរួម​ជាមួយនឹង​អ្នកសុំ​សិទ្ធិ​ធ្វើនយោបាយ​នានា​ ​និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ ​ដើម្បី​ប្រជែង​តទល់​ជាមួយ​គណបក្ស​កាន់អំណាច​តាមរយៈ​ការបោះឆ្នោត​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោក អ៊ូ ច័ន្ទរ័ត្ន៖

សូមរំលឹកថា គិតមកដល់ត្រឹមថ្ងៃទី១៩ ខែមេសានេះ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិជាង២០នាក់ហើយ ក្នុងចំណោមអ្នកបាត់សិទ្ធិចំនួន១១៨នាក់ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងនោះក៏មានអ្នកនយោបាយ ដែលលេចមុខមាត់គួរសមដែរ ដូចជាលោក គង់ គាំ លោក យ៉ែម បុញ្ញឬទ្ធិ លោក អ៊ូ ច័ន្ទរ័ត្ន លោក សុន ឆ័យ លោក ថាច់ សេដ្ឋា ជាដើម។ ក្រុមអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិទាំងនេះ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់គ្នា ដោយក្រោយមកក៏បង្កើតគណបក្សប្រឆាំងផ្សេងៗគ្នា។ ទោះយ៉ាងណា អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយពេលនេះ បានរងនូវការបរិហាររិះគន់ពីអតីតសហការីរបស់ពួកគេយ៉ាងខ្លាំង។ ក៏ប៉ុន្តែអ្នកសុំសិទ្ធិធ្វើនយោបាយ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាជម្រើសតែមួយគត់ ខណៈការគាបសង្កត់ពីសំណាក់ប្រទេសលោកខាងលិចទៅលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន និងការបាត់បង់ EBAខ្លះ ត្រូវគេមើលឃើញថា មិនមានប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI