កម្ពុជា-សង្គម

អាជ្ញាធរក្រុងភ្នំពេញកំណត់ពិន័យពី២លានរៀលដល់៥លានរៀលចំពោះអ្នកបំពានវិធានការហាមឃាត់

កងកម្លាំងសមត្ថកិច្ចធ្វើការសួរនាំចំពោះអ្នកធ្វើដំណើរនៅអំឡុងពេលបិទខ្ទប់
កងកម្លាំងសមត្ថកិច្ចធ្វើការសួរនាំចំពោះអ្នកធ្វើដំណើរនៅអំឡុងពេលបិទខ្ទប់ AP - Heng Sinith

ថ្ងៃ​ចន្ទ​នេះ​ គឺ​ជា​ថ្ងៃ​ទី​៥​ហើយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​។ ខុស​ពី​ថ្ងៃ​ដំបូងៗ​ នៅ​ព្រឹក​ថ្ងៃ​នេះ ​នៅ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​រាជធានីភ្នំពេញ​មិន​មាន​ស្ថានភាព​អ្នក​ធ្វើ​ដំណើរ​ប្រសេច​ប្រសាច​នោះ​ឡើយ​ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​ឈរ​ជើង​នៅ​តាម​គោលដៅ​ផ្សេងៗ​នៅ​ទូទាំង​រាជធានី​។ បើ​ទោះ​ជា​បែប​នេះ​ក្តី​ សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​បន្ថែម​ទៀត​ចំពោះ​អ្នក​ដែល​មិន​ព្រម​នៅ​ផ្ទះ​ ពោល​ គឺ​ពួកគេអាច​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ចន្លោះ​ពី​២លាន​រៀល​ដល់​៥លាន​រៀល​ ដោយ​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​។

ផ្សាយពាណិជ្ជកម្ម

សាលារាជធានីភ្នំពេញបានប្រកាសថា បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ គឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិត ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស គឺត្រូវពិន័យ២លានរៀល។ ចំណែក បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការហាមឃាត់សកម្មភាពការ​ងារ ឬអាជីវកម្ម គឺពិន័យ៣លានរៀល ហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺពិន័យ៣លានរៀលដែរ។

ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបម្រាមគោចរ គឺពិន័យ៣លាន៥សែនរៀល ហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺពិន័ដល់ទៅ៤លានរៀល។ រីឯ បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើ់ពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺពិន័យដល់ទៅ៥លានរៀល ខណៈបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលផ្សេងទៀតដែលមានភាពចាំបាច់ឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺនឹងពិន័យ២លាន៥សែនរៀល។

សាលារាជធានីភ្នំពេញបានគូសបញ្ជាក់ថា អ្នកដែលរងការផាកពិន័យ គឺមានពេល១ខែសម្រាប់បង់ប្រាក់ពិន័យនេះ។ ប៉ុន្តែ បើលើសពីថេរវេលានេះ គឺអាជ្ញាធររាជធានីភ្នំពេញនឹងកសាងសំណុំរឿងពួកគេបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ បន្ថែមពីលើកាផាកពិន័យនេះ សាលារាជធានីភ្នំពេញក៏បានអះអាងថា បើសិនការបំពានរបស់ពួកគេណាមួយបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ ឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះ គឺពួកគេនឹងត្រូវទទួលជាប់ពន្ធនាគារពី៦ខែរហូតដល់ទៅ៥ឆ្នាំឯណោះ។

សូមបញ្ជាក់ថា តាំងពីររដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៥ ខែមេសាមក គឺឃើញមានករណីល្មើស៣សំខាន់ៗ គឺករណីបុរសម្នាក់បានកាត់ខ្សែខណ្ឌបាំងផ្លូវមិនឱ្យធ្វើដំណើររបស់អាជ្ញាធរនៅក្នុងខណ្ឌទួលគោក។ បុរសម្នាក់នេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ។ រំលងបាន១ថ្ងៃ អាជ្ញាធរខណ្ឌមានជ័យក៏បានចាប់ខ្លួនលោកផ្កាយ២ម្នាក់ និងបក្ខពួក២នាក់ដែលបានរៀបចំការផឹកស៊ី រាំច្រៀងក្នុងពេលបិទខ្ទប់នេះ។ លើសពីនេះទៅទៀត អាជ្ញាធរខណ្ឌជ្រោយចង្វារក៏បានចាប់ឃាត់ខ្លួនបុរសម្នាក់ទៀតដែលបានតាំងខ្លួនជាឧត្តមសេនីយ៍ ហើយបានបើកឡានពាក់ស្លាកលេខនគរបាលលេងតាមដងផ្លូវដែលអាជ្ញាធរបានហាមឃាត់។ ប៉ុន្តែក្រោយការចាប់ខ្លួន អាជ្ញាធរបានអះអាងថា បុរសម្នាក់នេះបានក្លែងបន្លំខ្លួនជានគរបាល។ នៅពេលនេះ ពួកទាំងនេះត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរង់ចាំការកាត់ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI