កម្ពុជា-សង្គម

GMAC៖រោងចក្រទាំងអស់នៅភ្នំពេញ និងតាខ្មៅមិនដំណើរការទេនៅថ្ងៃនេះ

កម្មកររោងចក្រធ្វើដំណើរទៅធ្វើការ
កម្មកររោងចក្រធ្វើដំណើរទៅធ្វើការ AP - Heng Sinith

នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ​ដល់​ពេល​ដែល​បុគ្គលិក​គ្រប់​វិស័យទាំង​រដ្ឋ​ និង​ឯកជន​ត្រូវ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ឈប់​សម្រាកចូលឆ្នាំខ្មែរ​កាលពីសប្តាហ៍មុន។ ប៉ុន្តែ​ដោយសារតែ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បិទ​ខ្ទប់​ទាំង​ស្រុង​មិន​ឲ្យ​ពលរដ្ឋចេញពីផ្ទះ ទាំងនៅភ្នំពេញ និង​ក្រុង​តាខ្មៅគឺមិនមាន​អ្នក​ធ្វើ​ដំណើរ​មកការិយាល័យបានឡើយ ពោលអាជ្ញាធរ​អនុញ្ញាតឲ្យ​តែមនុស្ស២%​ប៉ុណ្ណោះអាច​ចូលទៅកន្លែង​ធ្វើ​ការរបស់​ខ្លួន​ដោយ​ផ្ទាល់ ខណៈ​បុគ្គលិកផ្សេងទៀត​ត្រូវធ្វើការពីផ្ទះ។ សម្រាប់​រោងចក្រកាត់ដេរ​​វិញ ដែល​កម្មករ​មិនអាចធ្វើ​ការ​ពីផ្ទះមក​បាន​គឺត្រូវ​បិទដំណើរការទាំងស្រុង​។

ផ្សាយពាណិជ្ជកម្ម

មិនមានការបើក​ឲ្យ​ដំណើរឡើងវិញនៅឡើយ​ទេ សម្រាប់​រោង​ចក្រ​កាត់​ដេរ​ទាំងអស់ នៅទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខណៈកូវីដ១៩​កំពុង​វាយលុក​ខ្លាំង​ដល់​ទីតាំងរោងចក្រ​ដែលជាកន្លែង​ប្រមូល​ផ្តុំ​​មនុស្សច្រើន​។ នេះបើតាម​ការបញ្ជាក់របស់លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោ​ងចក្រ​នៅកម្ពុជាដែល​ហៅកាត់ថាGMAC​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅព្រឹក​ថ្ងៃចន្ទនេះ។​

បើតាម GMAC រោងចក្រកាត់ដេរប្រមាណ៩០%​នៅភ្នំពេញ និង​តាខ្មៅ​គឺបិទដំណើរការ​អស់​រយៈពេញ​មួយ​សប្តាហ៍មក​ហើយ ពោល​នៅក្នុង​អំឡុងពេលឈប់​សម្រាក​ចូលឆ្នាំ​ខ្មែរ​កាលពីប្តាហ៍មុន។ ចំណែក​ការ​បន្ត​ឈប់សម្រាក​បន្តទៀត​មកដល់ពេលនេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឲ្យ​បុគ្គលិក​ក្នុង​វិស័យ​នានា​អាច​មកធ្វើ​ការបានត្រឹម​តែ​២%ប៉ុណ្ណោះនៅក្នុងពេល​ដែលមានការ​បិទ​ខ្ទប់​ភ្នំពេញ និងតាខ្មៅ​រយៈ​ពេល​១៤​ថ្ងៃនោះ។​

ការបិទខ្ទប់មិនឲ្យមនុស្សចេញពីផ្ទះ គឺនៅគ្រាដែល​កូវីដ១៩​បាន​និងកំពុង​ឆ្លង​រាលដាល​ខ្លាំង​ទៅ​​ដល់​កម្មករ​ក្នុង​វិស័យកាត់ដេរដែលតាមព័ត៌មានមិនទាន់មានការបញ្ជាក់ផ្លូវការគឺមានរោងចក្ររហូតដល់ជាង៦០​ហើយ ដែលមានកម្មករ​ឆ្លងកូវីដ១៩។ នៅក្នុងចំណោមនោះ គឺគ្រាន់តែ​រោងចក្រ​រោងចក្រហ្វធូណា មួយគឺ​មានកម្មករ​ឆ្លងឆ្លងកូវីដ១៩រហូតជាង២០០នាក់។ នេះបើតាមសេចក្តីប្រកាសរបស់​រដ្ឋបាល​រាជធានីភ្នំពេញ​កាលពីម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI