កម្ពុជា-កូវីដ១៩

អ្នកស្លាប់ដោយសារកូវីដ-១៩ កើនឡើងជិត៥០នាក់ គិតទាំង៤នាក់នៅថ្ងៃនេះ

ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩ © Internet

ចំនួន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​កើន​ឡើង​កាន់​តែ​ច្រើនទៅៗ​ ខណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​មាន​អ្នក​ជំងឺ​ ៤​នាក់​បន្ថែមទៀត​ បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​នេះ​។ ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ ៤​នាក់​នៅ​ថ្ងៃ​នេះ ​ធ្វើ​ឲ្យ​អ្នក​ស្លាប់​សរុប​ដោយ​កូវីដ-១៩ ​ចំនួន​៤៩​នាក់​ គិត​មក​ត្រឹម​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ​។

ផ្សាយពាណិជ្ជកម្ម

អ្នកស្លាប់៤នាក់ចុងក្រោយ រួមមានបុរស២នាក់អាយុ ៦៥ឆ្នាំ និងអាយុ ៧២ឆ្នាំ និងស្រ្តី២នាក់ ម្នាក់អាយុ ៤០ឆ្នាំ និងម្នាក់ទៀតអាយុ៤៨ឆ្នាំ។ ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំង៤ មាន៣នាក់ ជាប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ និងម្នាក់ទៀតនៅខេត្តព្រះសីហនុ។

 

 

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសសេចក្តីសន្និដ្ឋានថាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ៤នាក់ ចុងក្រោយ បានស្លាប់ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមស្រួចស្រាល់ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតំរងនោមប្រចាំកាយ។

ជាការកត់សម្គាល់ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ភាគច្រើនសុទ្ធតែមានប្រវត្តិ ជាប់ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម តំរងនោម លើសឈាម និងលើសទំងន់ជាដើម រួមទាំងអ្នកស្លាប់២នាក់ ក្នុងចំណោម៤នាក់ចុងក្រោយនេះ។ ស្លាប់ច្រើនបំផុតគឺមានអាយុលើសពី៤០ឆ្នាំទៅ។

សូមរំលឹកថាប្រទេសកម្ពុជា ចាប់ផ្តើមមានអ្នកស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩ គឺនៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២១ ដែលជាបុរសជនជាតិខ្មែរ មានមុខរបរជាអ្នកបើកបរ រថយន្តឱ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ក្រោយមានពាក់ព័ន្ធនឹងក្លឹប N8 ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ ចាប់តាំងពីពេលនោះមក ដែនដីដែលមានអ្នកឆ្លង ហើយមិនមានអ្នកស្លាប់មួយនេះ បានប្រែក្លាយទៅជាទទួលរងនូវសោកនាដកម្ម មានអ្នកស្លាប់ដោយកូវីដ-១៩ជាបន្តបន្ទាប់ស្ទើរមិនលោះថ្ងៃ។

ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ អ្នកស្លាប់ដោយសារជំងឺនេះ ហាក់ដូចកើនឡើង យ៉ាងគំហុករហូតដល់មួយថ្ងៃពី៣ ទៅ៤នាក់។ ការណ៍នេះ ដោយសារតែ ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ នៅមិនទាន់អាចគ្រប់គ្រងបាន។ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានកាន់តែច្រើនទៅៗ ពីរាប់សិបនាក់ ទៅរាប់រយនាក់ក្នុង១ថ្ងៃៗ ក្រោយវីរុសនេះវាយលុកនៅតំបន់ឧស្សាហកម្មរោងចក្រកាត់ដេរ និងនៅលើទីផ្សារ ដែលចំណុចនេះមានការរិះគន់ថាការគ្រប់គ្រងហាក់មានការធ្វេសប្រហែស និងហាក់ដើរក្រោយសភាពការណ៍។ តែរដ្ឋាភិបាលតែងបដិសេធលើការចោទប្រកាន់ទាំងនេះ។

ទោះយ៉ាងណារដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្រៅពីស្វះស្វែងរកវ៉ាក់សាំងមកចាក់ការពារ ក៏បានប្រឹងប្រែងចាត់វិធានការបន្ទាន់ និងចាំបាច់នានា បិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលខ្ពស់មួយចំនួន បង្កើតច្បាប់ផាកពិន័យ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកដែលប្រព្រឹត្តិល្មើសបំរាមជាដើម។ គិតមកត្រឹមព្រឹកថ្ងៃអង្គារ អ្នកឆ្លងជំងឺកូវីដ-១៩សរុប នៅកម្ពុជាមានចំនួន ៧ ៤៤៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ ៥៥៥ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI