កម្ពុជា-សង្គម

អាជ្ញាធរក្រុងភ្នំពេញអះអាងថា មកដល់ពេលនេះមនុស្សជាង១០០នាក់ហើយត្រូវបានចាប់ខ្លួនព្រោះល្មើសការហាមឃាត់

មនុស្សមួយចំនួនត្រូវបានឃាត់ខ្លួន ដោយសារល្មើសនឹងវិធានការបិទខ្ទប់
មនុស្សមួយចំនួនត្រូវបានឃាត់ខ្លួន ដោយសារល្មើសនឹងវិធានការបិទខ្ទប់ © ស្នងការនគរបាលរាជធានីភ្នំពេញ

គិតត្រឹម​ថ្ងៃពុធ​នេះ​ គឺ​រយៈពេល​ជិត​មួយ​សប្តាហ៍​ហើយ​ដែល​រាជធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​ត្រូវ​បាន​បិទ​ខ្ទប់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​។ បន្ថែម​លើ​នេះ​ ថ្ងៃនេះ ​ក៏​ជា​ថ្ងៃទី​២​នៃ​ការ​បិទ​ខ្ទប់​តំបន់​ខ្លះ​ក្នុង​ខណ្ឌ​មានជ័យ​ ខណ្ឌ​ពោធិ៍សែនជ័យ​ និង​ខណ្ឌ​ទួលគោក​ជា​តំបន់​ក្រហម​ផង​ដែរ​។ ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​បាន​បង្ហាញ​ឱ្យ​ដឹងថា​ គិត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​១០០​នាក់​ហើយ​ដែល​បាន​បំពាន​ទៅ​នឹង​វិធានការ​ហាម​ឃាត់​នានា​នៅ​ក្នុង​រាជធានីភ្នំពេញ​។

ផ្សាយពាណិជ្ជកម្ម

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា គិតចាប់ពីថ្ងៃទី១៥ ខែមេសាមក អាជ្ញាធររាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនមនុស្សចំនួន១២១នាក់ហើយដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់រាជធានីភ្នំពេញ។ ក្នុងនោះ បានបញ្ជូនទៅតុលាការក្រុងភ្នំពេញចំនួន១១នាក់ ហើយ៦នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារព្រៃស ខណៈ២នាក់កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រៅពីនេះ មនុស្សចំនួន៧នាក់ត្រូវបានអប់រំហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ និងមនុស្ស៩៥នាក់ផ្សេងទៀតត្រូវបានពិន័យជាទឹកប្រាក់ដោយសារតែធ្វើដំណើរចេញពីផ្ទះដោយគ្មានការចាំបាច់។

ចំណែក នៅតាមបណ្តាខេត្តមួយចំនួនទៀតឯណោះវិញ អ្នកល្មើសនឹងបម្រាមរបស់អាជ្ញាធរជាច្រើនក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ និងបានផាកពិន័យជាទឹកប្រាក់ផងដែរ។ ជាក់ស្តែង មនុស្ស២នាក់នៅខេត្តព្រះសីហនុត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការដោយសារតែរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ខណៈអ្នកគេចវេះពីគោលដៅត្រួតពិនិត្យចត្តាឡីស័កមានជាង៤០ករណីត្រូវបានផាកពិន័យជាទឹកប្រាក់។ ជាមួយគ្នានេះ អ្នកមិនពាក់ម៉ាសនៅទីកន្លែងសា​ធារណៈជាង១០ករណីក៏ត្រូវបានអាជ្ញាធរផាកពិន័យ និងអប់រំផងដែរ។

ដោយឡែក នៅខេត្តតាកែវវិញ តុលាការខេត្តនេះកាលពីថ្ងៃអង្គារបានផ្តន្ទាទោសដាក់ពន្ធនាគារយុវជន៤នាក់រយៈ​ពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទមិនគោរព និងបទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាលដោយបានជួបជុំគ្នាស៊ីផឹក និងចាក់បាស់រាំលេងនៅក្នុងស្រុកសំរោង។​ រីឯ នៅខេត្តកំពង់ចាមឯណោះវិញ បុរសម្នាក់ត្រូវបានតុលាការខេត្តនេះសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំផងដែរក្រោមការចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការរដ្ឋបាល និងជេរប្រមាថអ្នករាជការសាធារណៈ។

សូមបញ្ជាក់ជូនជាថ្មីថា អ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញក្តី និងអាជ្ញាធរខេត្តផ្សេងៗក្តី គឺនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។ បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ជាការកត់សម្គាល់ នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរខ្លះបានចាប់ផ្តើមប្រើប្រាស់វិធានការក្តៅហើយ ដោយបានដើរកាន់ដំបង ឬរំពាត់វាយវាត់ទៅលើប្រជាពលរដ្ឋណាដែលជិះម៉ូតូ ឬដើរតាមផ្លូវសាធារណៈរហេតរហូតមិនស្តាប់តាមការណែ​នាំរបស់អាជ្ញាធរ។ ក្រៅពីនេះ និងជាពិសេសនៅពេលយប់ឡើង អាជ្ញាធរមានសមត្ថកិច្ចក៏បានធ្វើដំណើរល្បាតគ្រប់ច្រកល្ហកនៅទូទាំងរាជធានី ដើម្បីចាត់ការទៅលើអ្នកដែលមិនគោរពវិធានការបិទខ្ទប់រាជធានីភ្នំពេញផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI