កម្ពុជា-អាស៊ាន

មេដឹកនាំកម្ពុជាទៅចូលរួមកិច្ចប្រជុំពីបញ្ហាភូមានៅឥណ្ឌូនេស៊ី ខណៈថៃ និងហ្វីលីពីនត្រឹមបញ្ជូនតែរដ្ឋមន្រ្តីការបរទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន © FB/SPMPage

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​ នៅ​ទីក្រុង​ហ្សាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី​។ កិច្ច​ប្រជុំ​នេះ​ គឺ​ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​ភូមា​ដែល​ផ្តួចផ្តើម​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ​និង​ព្រះចៅ​ស៊ូលតុង​នៃ​ប្រទេស​ព្រុយណេ​ដែល​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​នៅ​ឆ្នាំ​នេះ​។ កិច្ច​ប្រជុំ​ពិសេស​នេះ​ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍​ស្អែក​ ហើយ​បញ្ចប់​កិច្ច​ប្រជុំ​ភ្លាម ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នឹង​វិល​មក​កម្ពុជា​វិញ​ទាំង​យប់​តែ​ម្តង​។

ផ្សាយពាណិជ្ជកម្ម

ខុសពីប្រទេសថៃ និងហ្វីលីពីន សម្រាប់ប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកប្រាក់ សុខុន ដែ​លជារដ្ឋមន្រ្តីក្រសួងការបរទេសបានសម្រេចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅក្នុងទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីជាមួយគ្នាតែម្តង។ ប៉ុន្តែ គ្រាន់តែលោករដ្ឋមន្រ្តីប្រាក់ សុខុន បានចាកចេញពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ីមុននៅព្រឹកថ្ងៃសុក្រនេះ ខណៈលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចាកចេញពីកម្ពុជានៅពេលរសៀល ដើម្បីចូលរួមកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

គិតមកដល់ពេលនេះ គឺមេដឹកនាំនៃប្រទេសអាស៊ានចំនួន២ហើយបានសម្រេចមិនទៅចូលរួមកិច្ចកំពូលពិសេសនេះ នោះ គឺលោកប្រាយុទ្ធ ចាន់អូរចា នាយករដ្ឋមន្រ្តីថៃ និងលោកឌុយ តែទេរ ប្រធានាធិបតីហ្វីលីពីនដោយសំអាងហេតុផលថា កំពុងរវល់ជាប់ដៃដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសខ្លួន។ ជំនួសវត្តមានរបស់ពួកគេ រដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងហ្វីលីពីន គឺជាអ្នកទៅចូលរួមប្រជុំស្តីពីបញ្ហានៅភូមានេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសនៃថ្នាក់ដឹកនាំកំពូលប្រទេសអាស៊ានស្តីពីបញ្ហាភូមានេះ គឺបានស្នើឡើងដោយប្រធា​នាធិបតីឥណ្ឌូនេស៊ី គឺលោកវីដូដូ បន្ទាប់ពីមានអ្នកស្លាប់កើនឡើងច្រើននៅក្នុងប្រទេសភូមាក្រោមការបង្រ្កាបដោយហិង្សាពីក្រុមយោធា។ លោកមីន អ៊ុងឡាំង ដែលជាមេដឹកនាំយោធាភូមាក៏ត្រូវបាន​ថ្នាក់ដឹកនាំអាស៊ាន​អញ្ជើញឱ្យទៅចូលរួមនៅក្នុងកិច្ចប្រជុំពិសេសនេះផងដែរ។

ជាការកត់សម្គាល់ ត្បិតថា កិច្ចប្រជុំនេះ ត្រូវបានគេដឹងជាទូទៅថា ផ្តោតសំខាន់លើបញ្ហាភូមាក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិននិយាយដល់ទាល់តែសោះ សូម្បីនៅក្នុងសេចក្តីប្រកាសព័ត៌មានទៅចូលរួមកិច្ចប្រជុំនេះក៏គ្មានដែរពាក្យថា បញ្ហាភូមា។ ជំនួសមកវិញ ក្រសួងការបរទេសកម្ពុជាគ្រាន់តែបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺផ្តោតសំខាន់លើការយកចិត្តទុក​ដាក់ទៅលើប្រធានបទធំៗចំនួនបី គឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ ​និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច សង្គមឡើងវិញ។ ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះ ក៏ជំរុញទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ ​និងការបារម្ភរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI