កម្ពុជា-ភូមា

លោក ហ៊ុន សែន៖ អាស៊ាន​អាច​ពិចារណា​ប្រើ​យន្តការ​ត្រី​ភាគី ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភូមា

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ថ្ងៃ​ទី​២៤ មេសា ២០២១
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ថ្ងៃ​ទី​២៤ មេសា ២០២១ © SPM

នៅក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នា​ទីក្រុង​ហ្សាកាតា នៅ​ថ្ងៃ​សៅរ៍​ទី​២៤​មេសា​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​លើក​ឡើង​ថា អាស៊ាន​អាច​ពិចារណា​ប្រើ​យន្តការ​ត្រី​ភាគី ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភូមា​។ ទន្ទឹម​នឹង​យោបល់​ដូច្នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ភូមា​ឡើយ ប៉ុន្តែ​ថា កម្ពុជា​ត្រៀម​ខ្លួន​ចូល​រួម​ជាមួយ​អាស៊ាន ដើម្បីដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា​។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា កម្ពុជា​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានការណ៍​នៅ​ប្រទេស​ភូមា។ ជា​ស្ថានការណ៍ ដែល​លោក​ចាត់​ទុក​ថា មាន​សភាព​ស្រួច​ស្រាល់ និង​ស្មុគ​ស្មាញ​គួរ​ឲ្យ​ព្រួយ​បារម្ភ​។  បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សង្កត់​ធ្ងន់​ពី​ជំហរ​របស់​កម្ពុជា​ថា នឹង​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ភូមា​ឡើយ​។

មិន​ជ្រៀត​ជ្រែក​ដោយ​ផ្ទាល់​ក៏​ពិត​មែន ប៉ុន្តែ​បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន កម្ពុជា​គាំទ្រ​តួនាទី​សម្រប​សម្រួល​របស់​ប្រធាន​អាស៊ាន ក៏​ដូច​ជា​អគ្គលេខាធិការ​អាស៊ាន និងសមាជិក​អាស៊ាន​ផ្សេងទៀត ដែល​អាច​ដើរ​តួ​នាទី​ជា​បេសកជន​ពិសេស​របស់​អាស៊ាន ក្នុង​ការ​បង្កើត​បរិយាកាស​អនុគ្រោះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា ធ្វើ​យ៉ាង​ណា​ជួយ​ភូមា​ដោះ​ស្រាយ​វិបត្តិ និង​ទប់​ស្កាត់​កុំ​ឲ្យ​ស្ថានការណ៍​ធ្លាក់​ចុះ​កាន់​តែ​ដុន​ដាប​។

លោក​បន្ត​ថា អាស៊ាន​អាច​ពិចារណា​ប្រើ​ប្រាស់​យន្តការ​អាស៊ាន​ត្រី​ភាគី ដើម្បី​ជួយ​សម្រប​សម្រួល​រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​ចរចា​ដោយ​ស្ងាត់​ៗ​រវាង​ភាគី​ពាក់ព័ន្ធ​។ សម្រាប់​លោក ហ៊ុន សែន ភាគី​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា អាច​ងាក​មក​រក​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​វិញ ប្រសិន​បើ​មាន​ការ​ជួយ​សម្រប​សម្រួល​។

នៅ​ក្នុង​ពេល​ដែល​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា កម្ពុជា​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ចូល​រួម​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ដើម្បី​ជួយ​ភូមា​ឲ្យ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​។ ការ​ចូល​រួម​​របស់​កម្ពុជា​ទៀត​សោត គឺ​ធ្វើ​ឡើង​ក្នុង​តួនាទី និង​តាម​ទម្រង់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​អនុលោម​តាម​គោលការណ៍អាស៊ាន និង​ដែល​គ្រប់​ភាគី​ទាំង​អស់​អាច​ទទួល​យក​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI