កូវីដ១៩ក្នុងសហគមន៍៖ អ្នកស្លាប់ដោយកូវីដ១៩ កើនលើសពី១០០នាក់
ចុះផ្សាយនៅថ្ងៃ៖
ចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលកូវីដ១៩ក្នុងសហគមន៍ រហូតមកដល់ពេលនេះ ករណីស្លាប់ដោយជំងឺកូវីដ១៩បានកើនឡើងដល់១០៣នាក់ បន្ទាប់ពីមានករណីស្លាប់ថ្មីនៃជំងឺនេះចំនួន៦នាក់ទៀត។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ខណៈករណីឆ្លងថ្មី មានចំនួន៧៣០ករណី។ សម្រាប់ភ្នំពេញ បើទោះជាមានករណីឆ្លងថ្មីបន្ថែម តែករណីឆ្លងនេះ គឺមានតែក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម។ នេះបើតាមអភិបាលរាជធានីភ្នំពេញ។
គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា កម្ពុជា មានករណីស្លាប់ថ្មីដោយជំងឺកូវីដ១៩ចំនួន៦នាក់ ដែលក្នុងនោះ៥នាក់ស្ថិតនៅរាជធានីភ្នំពេញ និងម្នាក់នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យអ្នកស្លាប់សរុបចាប់តាំងពីផ្ទុះករណីឆ្លងសហគមន៍២០កុម្ភៈ មានចំនួន១០៣នាក់ ហើយភាគច្រើនគឺនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីវិញ មានចំនួន៧៣០នាក់ ដែលក្នុងនោះរាជធានីភ្នំពេញ មានចំនួន៤៥៤នាក់ ខេត្តព្រះសីហនុ ១២៤នាក់ កណ្តាល១០៧នាក់ កំពង់ធំ១៤នាក់ តាកែវ១១នាក់ ព្រៃវែង៦នាក់ ត្បូងឃ្មុំ៥នាក់ កំពង់ចាម៤នាក់ សៀមរាប២នាក់ ស្ទឹងត្រែង១នាក់ កំពត១នាក់ និងខេត្តពោធិ៍សាត់១នាក់។ ករណីឆ្លងថ្មីនេះ មានការកើនឡើងដល់ទៅជិតទ្វេដង បើប្រៀបធៀបនឹងករណីថ្មី ដែលរាយការណ៍ដោយក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែឧសភា ដែលមានត្រឹមតែ ៣៨៨នាក់។ ក្រៅពីករណីឆ្លង ក៏មានដែរ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ១៦៩នាក់។
ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះកម្ពុជា មានករណីឆ្លងកូវីដ១៩សរុបទូទាំងប្រទេស ចំនួន ១៤ ៥២០នាក់ ដែលក្នុងនោះមានជាសះស្បើយសរុបចំនួន ៥ ៣៦៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៩ ០៤០នាក់។
ឆ្លើយនឹងសំនួរថា តើអាជ្ញាធរអាចគ្រប់គ្រងបានឬទេ ជុំវិញស្ថានភាពឆ្លងកូវីដ១៩? អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី០២ ខែឧសភានេះថា អាជ្ញាធរកំពុងតែធ្វើកិច្ចការនេះបន្ថែម ដោយសារមួយថ្ងៃៗ នៅមានអ្នកជំងឺពី ២០០ ទៅ៣០០នាក់ ប៉ុន្តែការឆ្លងមានតែក្នុងតំបន់ក្រហម ដែលអាជ្ញាធរបានកំណត់ ហើយជាទីតាំងដែលអាជ្ញាធរកំពុងគ្រប់គ្រង និងមិនរាយប៉ាយទៅកាន់ទីតាំងផ្សេងទៀតខ្លាំងនោះទេ។
លោកបន្ថែមថា សាលាក្រុងនឹងធ្វើការងារសុខាភិបាលបន្តទៀត ហើយក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតានឹងតាមយកសំណាកអ្នកដែលពាក់ព័ន្ធបន្ថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ