កម្ពុជាផ្អាកការនាំចូលសាច់បង្កកពីឥណ្ឌា ខណៈប្រទេស​នេះ​កំពុង​ផ្ទុះ​កូវីដ១៩​ធ្ងន់ធ្ងរ​ជាង​គេ​លើលោក

កម្ពុជាផ្អាកការនាំចូលសាច់បង្កកពីឥណ្ឌា ខណៈប្រទេសនេះកំពុងផ្ទុះកូវីដ១៩ធ្ងន់ធ្ងរជាងគេលើលោក
កម្ពុជាផ្អាកការនាំចូលសាច់បង្កកពីឥណ្ឌា ខណៈប្រទេសនេះកំពុងផ្ទុះកូវីដ១៩ធ្ងន់ធ្ងរជាងគេលើលោក © សហការី

រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានគយ និង​រដ្ឋករ​កម្ពុជា​បានចេញ​សេចក្តី​ប្រកាស​ជាញាប់មួយ​កាលពីល្ងាចម្សិលមិញ ដោយ​ផ្អាកការនាំចូល​សាច់គោ​និងទំនិញ​ដែល​បង្កទុកបានយូមកពីប្រទេសឥណ្ឌា។ បំរាមនេះធ្វើ​ឡើង​បន្ទាប់ពីមានការ​សង្ស័យថា​ប្រភេទសាច់បង្កក និងទំនិញបង្កកគឺមានហានិភ័យ​ក្នុង​ការ​ចម្លង​កូវីដ១៩​មកកម្ពុជា នៅគ្រា​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ផ្ទុះរាលដាលកូវីដ១៩​យ៉ាងធ្ងន់ធ្ងរបំផុត​ជាងគេលើ​ពិភពនៅរយៈពេលចុងក្រោយនេះ។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​ហានិភ័យ​នៃការ​ចម្លង​កូវីដ១៩តាម​រយៈ​សាច់គោបង្កក និងទំនិញ​បង្កក​មកពីប្រទេសឥណ្ឌានេះ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋករកម្ពុជា ​បានធ្វើការ​ផ្អាកការនាំចូល​នូវមុខទំនិញទាំងនេះ។ ជាមួយគ្នានេះ​ អង្គភាពជំនាញដដែល បាន​ដាក់ចេញនូវវិធានការរួមមាន៖ ព្យូរការ​បំពេញ​បែប​បទ​បញ្ចេញទំនិញពីគយ ចំពោះសាច់បង្កក និងទំនិញបង្កករបស់ឥណ្ឌា ដែលបានមកដល់កម្ពុជារួចហើយ។ ផ្តល់​កិច្ច​សហការ​ជាមួយគណៈកម្មការចំពោះ​កិច្ច​ដើម្បី​ស្រាជ្រាវ និងធ្វើ​តេស្តរកកូវីដ១៩ និង​ធ្វើការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជា​ដើម។

វិធានការជាប្រញាប់នេះ ត្រូវបានអគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋករកម្ពុជា គូសបញ្ជាក់ថា ​ដោយ​យោងតាម​ស្ថានភាព​ធ្ងន់ធ្ងរ​នៃការឆ្លង​រាលដាល​កូវីដ១៩​នៅប្រទេសឥណ្ឌា និង​យោងតាម​សេចក្តី​សម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច ស្តីពីការ​ផ្អាកការនាំចូល​សាច់គោ ​និងទំនិញ​ដែល​បង្កទុកបានយូមកពីប្រទេសឥណ្ឌា។

យ៉ាងណាក៏ដោយ​នៅមិនទាន់មានការបញ្ជាក់ណាមួយផ្នែកវិទ្យាសាស្ត្រ ថាមានការចម្លងវីរុស​កូវីដ១៩ តាមរយៈសំបកវេចខ្ចប់និងសាច់បង្កកនោះទេ។ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសមួយចំនួនរួមទាំងប្រទេសចិនផងដែរធ្លាប់បានចាត់វិធានការបង្កាហានិភ័យនៃការ​ចម្លងកូវីដ១៩នេះ គឺតាមរយៈការហាមឃាត់និង ដុតចោល​ផលិតផលដែលមានហានិភ័យទាំងនេះ។

ឥណ្ឌាត្រូវបានគេរាយការណ៍ថា បាន​ជាប់​ចំណាត់ថ្នាក់​ធំ​ជាងគេ​បំផុត​ទី​២​លើ​ពិភពលោកខាងការនាំ​ចេញ​សាច់​គោ​គឺបន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល ខណៈប្រជាជននៃប្រទេសឥណ្ឌា៨០%កាន់សាសនាហិណ្ឌូ ពួកគេមិន​បរិភោគ​សាច់គោ។

នៅរយៈពេលចុងក្រោយនេះ ឥណ្ឌាដែលមានប្រជាជនជាង១៣៤២លាននាក់​គឺបានរក​ឃើញ​ថា បានឆ្លងកូវីដ១៩​ជិត៤០ម៉ឺននាក់​ក្នុង​មួយថ្ងៃៗ ពោលដែល​ធ្វើ​ឲ្យអ្នក​ឆ្លងកូវីដ១៩ បន្តបានកើនឡើងដល់ជិត២០លាននាក់ ខណៈ​ដែល​មានអ្នក​ស្លាប់ឡើងដល់ជាង២១ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI