កម្ពុជា-សង្គម

លោកហ៊ុន សែន បង្ហើបឱ្យដឹងថា ភ្នំពេញនឹងបើកវិញនៅក្រោយថ្ងៃទី៥ ឧសភា តែអាចនៅបន្តបិទតំបន់ហានិភ័យខ្ពស់ខ្លះ

សមត្ថកិច្ចកំពុងឈរណែនាំប្រជាពលរដ្ឋពីការបិទខ្ទប់មិនឲ្យចល័តចេញពីភូមិត្រពាំងថ្លឹងក្នុងរាជធានីភ្នំពេញ
សមត្ថកិច្ចកំពុងឈរណែនាំប្រជាពលរដ្ឋពីការបិទខ្ទប់មិនឲ្យចល័តចេញពីភូមិត្រពាំងថ្លឹងក្នុងរាជធានីភ្នំពេញ AP - Heng Sinith

នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​កើន​ឡើង​ដល់​ទៅ​៨៤១​នាក់​ ក្នុង​នោះ ​ភ្នំពេញ​មាន​៥២៥​នាក់​ ខេត្ត​បន្ទាយមានជ័យ​១៥៣​នាក់​ ព្រះសីហនុ​៦២​នាក់​ កណ្ដាល​៣៣​នាក់​ កំពង់ចាម​២១​នាក់​ កំពង់ធំ​១៥​នាក់​ តាកែវ​៩​នាក់​ ត្បូងឃ្មុំ​៩​នាក់​ សៀមរាប​៧​នាក់​ កំពង់ស្ពឺ​៦​នាក់​ និង​ខេត្ត​ព្រៃវែង​ចំនួន​១​នាក់​។ ជា​មួយ​គ្នា​នេះ ​អ្នក​ស្លាប់​មាន​៤នាក់​បន្ថែម​ទៀត​កើន​ដល់​១០៦​នាក់​ ខណៈ​អ្នក​ជា​មាន​តែ​៦១​នាក់​តែ​ប៉ុណ្ណោះ​។ ទោះជាបែបនេះក្តី​ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​យប់​មិញ​នេះ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ការ​បិទ​រាជធានីភ្នំពេញ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០៥​ ខែ​ឧសភា​ តែ​អាច​នៅ​បន្ត​បិទ​តំបន់​ខ្លះ​ដែល​មាន​ហានិភ័យ​ខ្ពស់​។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយតបនឹងការស្នើសុំឱ្យបើករាជធានីភ្នំពេញនៅថ្ងៃទី០៥ខែឧសភារបស់អ្នកលេងហ្វេសប៊ុកម្នាក់កាលពីយប់ថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា ពុំមានហេតុផលបន្តបិទទេ រដ្ឋាភិបាលនឹងបើក តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗដែលនៅមានហានិភ័យលើការឆ្លងជំងឺកូវីដ១៩ខ្ពស់។ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានអះអាងថា ការបិទកន្លងមកនេះ គឺជាការបង្ខំចិត្ត ដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនកម្ពុជា។

គិតត្រឹមថ្ងៃចន្ទនេះ គឺជាថ្ងៃទី៥ហើយនៃការបន្តបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល៧ថ្ងៃបន្ថែមទៀត។ ការបន្តនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល២សប្តាហ៍រួចមកហើយ ប៉ុន្តែការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ និងគួរឱ្យព្រួយបារម្ភ។ គិតមកត្រឹមថ្ងៃទី០៣ ឧសភា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួនដល់ទៅជាង១ម៉ឺន៤ពាន់នាក់(១៤ ៨០៦នាក់) ហើយមានអ្នកស្លាប់សរុបចំនួន១០៦នាក់។

ប្រឈមនឹងបញ្ហានេះ និងជារឿងអាទិភាពដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើក្នុងពេលបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺការសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ។ ក្នុងរយៈពេល២ថ្ងៃមកនេះ ក្រុមគ្រូពេទ្យយោធាកម្ពុជាបានវ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានជាង៥ម៉ឺន៧ពាន់នាក់(៥៧,៣១៣នាក់)។ ដោយឡែក គិតសរុបទូទាំងប្រទេសវិញ គឺកម្ពុជាបានវ៉ាក់សាំងដល់ប្រជាពលរដ្ឋបានជាង១លាន៤សែននាក់(១,៤២​២,៧២២នាក់)។ បើគិតក្នុងតំបន់អាស៊ានវិញ គឺកម្ពុជាបានជាប់លេខ២ បន្ទាប់ពីសិង្ហបុរីដែលបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានច្រើនជាងគេ។

ចំពោះការចាក់វ៉ាក់សាំងនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលគ្រោងចាក់ជូន​ប្រជាពលរដ្ឋដោយមិនរើសមុខចន្លោះពី១០លាននាក់ទៅ១៣លាននាក់។ ប៉ុន្តែនៅចំពោះមុខនេះ គឺក្រុមគ្រូពេទ្យកម្ពុជាកំពុងសម្រុកចាក់ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អាជ្ញាធរសុខាភិបាលកម្ពុជានឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់នៅក្នុងខែនេះ និងខែមិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI