កម្ពុជា-សង្គម

លោក ហ៊ុន សែន៖ការប្រយុទ្ធកូវីដ១៩នឹងមិនទទួលជោគជ័យឡើយ បើគ្មានការចូលរួមពីអ្នកសារព័ត៌មាន

ក្រុមអ្នកកាសែតកំពុងសម្ភាសលោកខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក្រុមអ្នកកាសែតកំពុងសម្ភាសលោកខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន © Nokorthom

ថ្ងៃ៣ឧសភា២០២១នេះគឺជាទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក​លើកទី២៨​។ ដើម្បី​អបអរទិវានេះ​ សេចក្តី​​ថ្លែងការណ៍ចម្រុះមកពី​ស្ថាប័នគ្រប់និន្នាការ​បានធ្លាក់​មកជា​បន្តបន្ទាប់ ខណៈ​រដ្ឋាភិបាល​កម្ពុជា រំឭកទិវា នេះ នៅ​ក្រោម​ប្រធាន​បទ​«ផលប្រយោជន៍​នៃ​ព័ត៌មាន​ចំពោះ​សាធារណៈជន»។ បើតាម ​លោក ហ៊ុន សែន ការ​ប្រយុទ្ធប្រឆាំង​នឹងកូវីដ១៩​នឹង​មិនទទួលបានជោគជ័យឡើយ បើ​គ្មាន​ការចូលរួមពីអ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ។

ផ្សាយពាណិជ្ជកម្ម

ដោយ​ភ្ជាប់​នឹង​ការផ្ទុះ​ឡើង​នៃជំងឺ​កូវីដ១៩​នៅកម្ពុជា លោកប្រមុខ​រដ្ឋាភិបាល​ខ្មែរ បានគូសបញ្ជាក់​ថា​ ទោះ​បី​ស្ថិត​ក្នុ​ង​កាលៈទេសៈ​ដ៏​លំបាក​ក្តី​ក៏អ្នក​សារព័ត៌មាន​ បាន​ខិត​ខំ​ស្វែង​រក​ព័ត៌មាន​មក​ផ្សព្វ​ផ្សាយ​ជូន​សាធារណៈជន​បានរហ័សទាន់​សភាព​ការណ៍​ និង​បានរួមចំណែកជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​​ឆ្លង​កូវីដ១៩ និង​ប្រឆាំង​នឹងព័ត៌មាន​ក្លែង​ក្លាយ​ថែមទៀតផង។ នេះគឺជាការ​កត់សំគាល់​នៅ​ក្នុង​សារលិខិត​កម្រាស់៤ទំព័រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២៨​ឆ្នាំ​។

បើតាម​លោក​ប្រ​មុខ​រដ្ឋាភិបាល​ការ​ប្រយុទ្ធប្រឆាំង​នឹងកូវីដ១៩​នឹង​មិនទទួលបានជោគជ័យឡើយ បើ​គ្មាន​ការចូលរួមពីអ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ។ ស្ថិត​ក្នុង​គ្រា​ដ៏​លំបាកនេះ លោក ហ៊ុន សែន ស្នើ​ឲ្យ​អ្នក​សារព័ត៌មានបន្ត​ខិត​ខំ​ផ្តល់​ព័ត៌មានពិត​ជូនប្រជាពលរដ្ឋ​ ជាពិសេស​បន្ត​ផ្សព្វផ្សាយពីវិធានការ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល។

ជាមួយគ្នានេះ ​លោកនាយករដ្ឋមន្ត្រី ​ក៏​បានឆ្លៀត​រំឭក ឲ្យ​អ្នក​សារព័ត៌មាន​ត្រូវអនុវត្តន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ ក្រម​សីលធម៌ វិជ្ជាជីវៈ​ ជៀស​វាង​ការ​បំពាន​សិទ្ធិ​បុគ្គល​ឯកជន​ ផ្សាយ​ព័ត៌មាន​មិន​ពិត នាំឲ្យមាន​ច​លាចល​ក្នុង​សង្គម។

កាលពីថ្ងៃ​២០​មេសា ២០២១ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​១៤៤​ក្នុង​ចំណោម​ប្រទេស១៨០​សម្រាប់​សេរីភាព​សារព័ត៌មាន​និង​ការ​បញ្ចេញ​មតិ។​ ចំណាត់​​ថ្នាក់​នេះ​មិន​ខុស​ពី​ការ​កត់ត្រា​របស់​អង្គ​ការ​អ្នក​កាសែត​គ្មាន​ព្រំដែន កាល​ពី​ឆ្នាំ​២០​២០ ដែល​មាន​ន័យ​ថា​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI