ក្រសួងការបរទេស៖ ករណីទី១ ពលករខ្មែរនៅប្រទេសថៃ ស្លាប់ដោយសារកូវីដ១៩

ពលករបរទេសនៅប្រទេសថៃត្រូវបានយកទៅធ្វើតេស្តកូវីដ១៩ ក្រោយផ្ទុះកូវីដ១៩ជាសហគមន៍នៅខេត្តសាមុតសាខន កាលពីថ្ងៃទី១៧ធ្នូ (រូបភាពឯកសារ)
ពលករបរទេសនៅប្រទេសថៃត្រូវបានយកទៅធ្វើតេស្តកូវីដ១៩ ក្រោយផ្ទុះកូវីដ១៩ជាសហគមន៍នៅខេត្តសាមុតសាខន កាលពីថ្ងៃទី១៧ធ្នូ (រូបភាពឯកសារ) AP - Chalida Ekvitthayavechnukul

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​បាំងកក​ កាល​ពី​ថ្ងៃ​ទី​៣០​មេសា​ឆ្នាំ​២០២១​កន្លង​ទៅ​។ តាមរយៈ​វិទ្យុ​បារាំង​អន្តរជាតិ ​rfi ​នៅ​ថ្ងៃ​ទី​០៤​ឧសភា​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​លោក ​កុយ គួង ​បាន​ឲ្យ​ដឹង​ថា​ សព​ពលករ​ខ្មែរ​ដែល​បាន​ស្លាប់​នោះ​ ត្រូវ​បាន​បូជា​នៅ​ប្រទេសថៃ​តែ​ម្តង​។

ផ្សាយពាណិជ្ជកម្ម

មានដើមកំណើតមកពីខេត្ត​ត្បូងឃ្មុំ មកធ្វើការងារនៅទីក្រុងបាងកក ពលករខ្មែរម្នាក់ដែលជាករណីទីមួយត្រូវបានកូវីដ១៩ឆក់យកជីវិតនៅក្នុងទឹកដីនៃប្រទេសថៃ នាថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២១។

បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សពខាងលើ គឺជាពលករស្របច្បាប់ ភេទប្រុស មាន​វ័យ៣៤ឆ្នាំ និងដែលបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០២១ ក្រោយ​ទទួលការព្យាបាល​នៅមន្ទីរពេទ្យ​ក្នុង​ទីក្រុងបាំងកក។ សពជាពលករនេះ ចាំបាច់ត្រូវបូជានៅប្រទេសថៃតែម្តង។

នៅថ្ងៃទី០៤ឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានលើកឡើងថា ប្រពន្ធរបស់សពខាងលើដែលជាពលករខ្មែរ​ដូចគ្នានោះ បានឆ្លងកូវីដ១៩ទន្ទឹមនឹងស្វាមីខ្លួនដែរ។ បច្ចុប្បន្ននេះ​ នាងកំពុងតែបន្តព្យាបាល​ក្នុងមន្ទីរពេទ្យ ដោយមានការដាក់ឧបករណ៍​ជំនួយដង្ហើម​។

អ្នកនាំពាក្យក្រសួងការបរទេស បានគូស​បញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងទៅមន្ទីរពេទ្យព្យាបាលប្រពន្ធសព​ជាប្រចាំ និងបានអះអាងដែរថា មន្ទីរពេទ្យក៏បានយកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺជាពលករខ្មែររូបនេះផងដែរ។

នាអំឡុងពេលផ្ទុះជំងឺកូវីដ១៩ខ្លាំងនៅប្រទេសថៃនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បាន​ឲ្យដឹងថា ស្ថានទូតកម្ពុជា កំពុងទាក់ទងសហការ​ជាមួយក្រុមហ៊ុនបញ្ជូន និងទទួលពលករ ដើម្បីទាមទារអត្ថប្រយោជន៍នានា ជូនគ្រួសារជនរងគ្រោះដោយវិបត្តិកូវីដ១៩នេះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI