កម្ពុជា-សង្គម

ក្រុមសកម្មជនមាតាធម្មជាតិ៥រូបត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារជាង១ឆ្នាំកន្លះ ពាក់ពន្ធនឹងបញ្ហាបរិស្ថាន

យុវជនក្រុមមាតាធម្មជាតិ៣នាក់ ក្នុងចំណោម៥រូប ដែលត្រូវបានកាត់ទោស
យុវជនក្រុមមាតាធម្មជាតិ៣នាក់ ក្នុងចំណោម៥រូប ដែលត្រូវបានកាត់ទោស © សហការី

សមាជិក​៥រូប​នៃ​ក្រុម​សកម្មជន​មាតា​ធម្មជាតិ ​នៅ​ថ្ងៃ​នេះ​ត្រូវ​បាន​តុលាការ​ប្រកាស​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ទៅ​២០​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​ ពី​បទ​ញុះញង់​និង​សម​គំនិត​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​។ នៅ​ទន្ទឹម​នេះ​ អង្គការ​សង្គម​ស៊ីវិល ​និង​ស្ថានទូត​បរទេស​នៅ​កម្ពុជា​ មើល​ឃើញថា​ការ​កាត់ទោស​លើ​ក្រុម​សកម្មជន​មាតាធម្មជាតិ​៥​រូប​នោះ​ ជា​ការ​គំរាមគំហែង​លើ​សិទ្ធិ​បញ្ចេញ​មតិ​ និង​សិទ្ធិ​មនុស្ស​។

ផ្សាយពាណិជ្ជកម្ម

លោកស្រី ចក់ សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា សកម្មភាពបរិស្ថានរបស់ក្រុមសកម្មជនមាតាធម្មជាតិ ជាករណីមួយគួរឲ្យសាទរ ក្នុងការជួយការពារធនធានធម្មជាតិនិងបរិស្ថានកម្ពុជា និងមិនគួរណាមានការដាក់ទោសទណ្ឌណាមួយទៅលើពួកគេនោះទេ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោកស្រី ចក់ សុភាព បានឲ្យដឹងថា ការកាត់ទោសដាក់ពន្ធនាគារលើពួកគេ ជារឿងមួយអយុត្តធម៌ ហើយគួរតែទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាព។

ការដាក់ទោសនេះ ត្រូវបាននាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សមួយនេះ ចាត់ទុកថាជាការប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិរិះគន់ និងឈានដល់ការគំរាមគំហែងដល់បុគ្គលផ្សេងទៀតដែលស្រលាញ់ និងមានបំណងធ្វើសកម្មភាពការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។ បើតាមលោកស្រី រដ្ឋាភិបាលគួរតែមានការលើកទឹកចិត្តលើក្រុមយុវជនណាដែលសកម្មក្នុងការជួយអភិរក្ស និងការពារធនធានធម្មជាតិ ជាជាងចោទប្រកាន់ពួកគេពីបទញុះញង់និងផ្សំគំនិតជុំវិញបញ្ហាបរិស្ថាន។

ជាមួយគ្នានេះ ស្ថានទូតអាមេរិក និងស្ថានទូតអូស្ត្រាលី បានបង្ហាញនូវការព្រួយបារម្ភ ក្រោយតុលាការសម្រេចសាលក្រមកាត់ទោសលើក្រុមសកម្មជនទាំងនោះ។ ដោយនៅលើបញ្តាញសង្គមទ្វីតធ័រ លោក ផាតទ្រីក មូហ្វីរ (Patrick Murphy) អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ការនិយាយពីបញ្ហាបរិស្ថាននៅកម្ពុជាដែលរងការគំរាមគំហែងដោយសកម្មភាពខុសច្បាប់ គឺជាការដែលត្រូវបានលើកទឹកចិត្ត និងជំរុញឲ្យមានការដោះលែង។

រីឯលោក ប៉ាផ្លូ កាំង ឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានលើកឡើងដែរថា ការនិយាយពីបញ្ហារស៊ើបណាមួយ គឺជាមូលដ្ឋានគ្រឺះនៃសិទ្ធិមនុស្ស និងមិនមែនការជាការចោទប្រកាន់ពីបទញុះញង់។

សូមបញ្ជាក់ជូនថា សកម្មជនប្រាំរូបនៃក្រុមមាតាធម្មជាតិ ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាង១ឆ្នាំកន្លះ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ជា គន្ធីន និងលោក Alejandro Gonzalez-Davidson ពីបទ“ញុះញង់និងសមគំនិតបង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម។ ក៏ប៉ុន្តែសម្រាប់កញ្ញា ជា គន្ធីន និងលោក Alejandro Gonazalez Davidson កំពុងតែស្ថិតនៅក្រៅឃុំ និងត្រូវបានតុលាការបង្គាប់ឲ្យមានការចាប់ខ្លួនមកដាក់ទោស។ បើតាមលោកស្រី ចក់ សុភាព ពួកគេទាំងនោះត្រូវបានចាប់ខ្លួនក្រោយធ្វើការសកម្មជុំវិញបញ្ហាបរិស្ថាន និងជាពិសេស ការអំពាវនាវឱ្យរាជរដ្ឋាភិបាល​យកចិត្តទុកដាក់​អំពីការលុបបឹងតាមោក​ នៅភាគខាងជើង​នៃរាជធានីភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI