កម្ពុជា-កូវិដ១៩

បរិយាកាសទូទៅនៃតំបន់លឿងនៅភ្នំពេញ ត្រលប់មករកភាពអ៊ូអរជាបណ្តើរៗ ខណៈតំបន់ក្រហមរងការបិទខ្ទប់១សប្តាហ៍ទៀត

អាជ្ញាធរដែលនៅតែបន្តធ្វើការរក្សាសណ្ដាប់ធ្នាប់ទីក្រុងភ្នំពេញ ក្រោយបញ្ចប់ការបិទខ្ទប់
អាជ្ញាធរដែលនៅតែបន្តធ្វើការរក្សាសណ្ដាប់ធ្នាប់ទីក្រុងភ្នំពេញ ក្រោយបញ្ចប់ការបិទខ្ទប់ © ស្នងការរាជធានីភ្នំពេញ

ប៉ុន្មានម៉ោង​ក្រោយផុត​សុពលភាព​នៃការបញ្ចប់​ការបិទខ្ទប់​រាជធានី​ភ្នំពេញ ​និងក្រុង​តាខ្មៅ​នៃខេត្តកណ្តាល ​ស្ថានភាព​ទូទៅនៅ​ក្នុងរាជធានី​ ហាក់បាន​វិលត្រលប់​ទៅរក​ស្ថានភាព​ដូចមុន​ការបិទខ្ទប់​ឡើងវិញ​ តែមិនដូច​ស្ថានភាព​មុនព្រឹត្តិការណ៍​២០កុម្ភៈនោះទេ​។ ​រូបភាពនេះ ​គឺដោយសារតែ​រដ្ឋាភិបាល​សម្រេច​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺ​កូវីដ-១៩​ ដោយបង្រួម​ពីការបិទខ្ទប់​តំបន់​ ដែលមាន​វិសាលភាព​ធំទូលាយ​ ទៅជាការបិទខ្ទប់​តាមតំបន់​តូចៗ ​ដែលមាន​ហានិភ័យ​នៃការឆ្លង​ជំងឺកូវីដ-១៩​ កំណត់​ដោយពណ៌ទាំងបី​ គឺពណ៌លឿង​ លឿងទុំ​ និងពណ៌ក្រហម​។

ផ្សាយពាណិជ្ជកម្ម

ចរាចរណ៍ជាពិសេសនៅតំបន់លឿង ត្រូវបានបើកឲ្យដំណើរការឡើងវិញ បារ៉ាសរាប់រយកន្លែង ដែលធ្លាប់ពង្រាយក្នុងទីក្រុង អស់រយៈពេល៣សប្តាហ៍ កន្លងមក ត្រូវបានដកទៅវិញ រួមទាំងកងកម្លាំង​សន្តិសុខ ក៏ត្រូវបានរំសាយផងដែរ។ នៅតាមដងវិថីមួយចំនួន ប្រជាពលរដ្ឋបានស្គាល់ជាលើកដំបូងនូវការកកស្ទះចរាចរណ៍​ឡើង​វិញ បន្ទាប់ពីខកខានឃើញអស់រយៈពេលជាច្រើនថ្ងៃ ដោយសារតែការបិទខ្ទប់។

ពលរដ្ឋចំណាកស្រុកមួយចំនួន ដែលមិនទាន់មានការងារធ្វើ និងពលរដ្ឋខ្មែរផ្សេងទៀត ដែលរងសម្ពាធផ្លូវអារម្មណ៍ និង​ជាប់គាំង​សកម្មភាព​អាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់ ក៏ត្រូវគេសម្គាល់ឃើញថា បានចាប់ផ្តើមធ្វើដំណើរចេញទៅតាមបណ្តាខេត្តដែរ។

ក៏ប៉ុន្តែស្ថានភាពនៅតាមភូមិមួយចំនួន ជាពិសេសនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវជាដើម ដែលគេកំណត់ថាជាតំបន់ក្រហមនោះ គឺរងនូវការបិទខ្ទប់យ៉ាងតឹងតែងជាងមុន រយៈពេល១សប្តាហ៍ទៀត។

ជាទូទៅ សកម្មភាពធ្វើដំណើរ និងធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមតំបន់លឿង ជាពិសេសអាជីវកម្មនៅតាមផ្ទះ ហាងទំនើបលក់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ បានបើកដំណើរការឡើងវិញភាគច្រើន។ ក៏ប៉ុន្តែទីផ្សារធំ តូច នៅទូទាំងរាជធានី នៅតែបន្តបិទទ្វាដដែល ដោយរង់ចាំសម្រេចពីអាជ្ញាធររាជធានីភ្នំពេញ។ ដោយឡែក ភោជនីយដ្ឋាន និងកន្លែងលក់អាហារនានា ត្រូវបានណែនាំឲ្យលក់ដោយអនុវត្តតាមរូបភាពវិចខ្ចប់ដដែល។

សូមរំលឹកថា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ដោយ​ជំនួស​មក​វិញ​នូវ​វិធានការ​ថ្មី​ សំដៅទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩ ដែលដាក់ដោយ​អភិបាល​រាជធានីភ្នំពេញ សម្រាប់​ភូមិ​សាសាស្ត្រ​រាជធានី​ភ្នំពេញ និងអភិបាលខេត្តកណ្ដាលសម្រាប់ភូមិសាស្ត្រខេត្តកណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI