កម្ពុជា-កូវិដ១៩

អាជ្ញាធរសុំចិត្តពលរដ្ឋរស់នៅតំបន់តំបន់ក្រហមនិងលឿងទុំកុំចេញពីផ្ទះដើម្បីប្រែក្លាយពណ៌មកធម្មតាវិញ

ការបន្តធ្វើការរបស់ក្រុមសមត្ថកិច្ចក្នុងទីក្រុងភ្នំពេញ
ការបន្តធ្វើការរបស់ក្រុមសមត្ថកិច្ចក្នុងទីក្រុងភ្នំពេញ © ស្នងការរាជធានីភ្នំពេញ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅក្នុង​សន្និសីទកាសែត​នៅថ្ងៃទី៦​ឧសភានេះ​សុំចិត្តពលរដ្ឋ​រស់នៅ​តំបន់បិទខ្ទប់​ក្នុងតំបន់​ក្រហម​និងលឿងទុំ​បន្តស្នាក់នៅ​ផ្ទះមួយសប្ដាហ៍ទៀត​ពីថ្ងៃទី៦​ដល់ថ្ងៃទី១២​ឧសភា​ ដើម្បីប្រែក្លាយ​តំបន់​ពួកគេ​មកធម្មតាវិញ​និងឈាន​ទៅកាត់ផ្ដាច់​ឬសគល់​ព្រឹត្តការណ៍​២០កុម្ភៈ​។​

ផ្សាយពាណិជ្ជកម្ម

«អត់ធ្មត់»ជាអ្វីដែលអាជ្ញាធររាជធា​នីភ្នំពេញសុំចិត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតំបន់ក្រហមនិងលឿងទុំ ចូលរួមសហការជាមួយអាជ្ញាធរអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលដោយបន្តនៅក្នុងផ្ទះកុំចរាចរណ៍ឬបំលាស់ទីពីតំបន់មួយទៅតំបន់មួយ ដើម្បីកាត់ផ្ដាច់ការចម្លងវីរុសកូវីដ១៩ ​ទៅក្នុងសហគមន៍និងប្រែតំបន់ពួកគេមកធម្មតា។

បើតាមអាជ្ញាធរដោយសារការអត់ធ្មត់និងការចូលរួមរបស់ពលរដ្ឋដ៏ច្រើនលើសលប់ក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ទើបធ្វើឲ្យអាជ្ញាធរសម្រេចជោគជ័យបានមួយជំហ៊ាននៅក្នុងការបង្រួមតំបន់ក្រហមទៅជាលឿងទុំនិងប្រែពីលឿងទុំទៅជាលឿងធម្មតា។ ហើយលទ្ធផលនៃការអត់ធ្មត់កន្លងមកបានធ្វើឲ្យអាជ្ញាធរគ្រប់គ្រងបានចំនួនអ្នកឆ្លងដែលភាគច្រើន ស្ថិតនៅក្នុងតំបន់ក្រហម ទោះជាចំនួនអ្នកឆ្លងប្រចាំថ្ងៃមិនមានថយចុះក៏ដោយ។

នៅចំពោះមុខការបិទខ្ទប់តំបន់ក្រហមនិងលឿងទុំមួយសប្ដាហ៍ទៀតនេះ អាជ្ញាធរបានធ្វើការធានាមិនឲ្យពលរដ្ឋរស់នៅតំបន់ទាំងនោះ ប្រឈមនឹងកង្វះស្បៀងនោះទេ ជាពិសេសពលរដ្ឋស្ថិតនៅតំបន់ក្រហម។

ដំណាលគ្នានឹងការសុំចិត្តប្រជាពលរដ្ឋឲ្យចូលរួមសហការបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ អាជ្ញាធររាជធានីភ្នំពេញដដែល ក៏បានព្រមានផងដែរថា ប្រសិនបើពលរដ្ឋធ្វេសប្រហែសមិនអនុវត្តវិធានការសុខាភិបាល ៣កុំ៣ការពារទេនោះ ស្ថានការណ៍អាចនឹងវិលមកសភាពដើម ឬអាក្រក់លើសដើមផង ដោយប្រែពីលឿងទុំប្រែទៅជាក្រហម។ តែយ៉ាងណាក៏ដោយទោះជាសង្កត់ធ្ងន់លើពណ៌ទាំងពីរក៏ពិតមែន អាជ្ញាធរក៏មិនភ្លេចរម្លឹកពលរដ្ឋស្ថិតនៅតំបន់លឿងដែរដោយមិនត្រូវប្រហែសខ្លួនទេ។ បើតាមអាជ្ញាធរពលរដ្ឋស្ថិតនៅតំបន់លឿងមិនមែនមានន័យថា តំបន់លឿងគ្មានអ្នកឆ្លងកូវីដ១៩ទេ មានតែស្ថិតនៅក្នុងកម្រិតស្រាល។ 

សូមជម្រាបជូនថា តំបន់ក្រហមក្នុងខណ្ឌទាំង៦នៃរាជធានីភ្នំពេញរួមមាន៖ខណ្ឌមានជ័យមាន៣សង្កាត់ ខណ្ឌទួលគោក៣សង្កាត់ ខណ្ឌពោធិ៍សែនជ័យ២សង្កាត់ ខណ្ឌឬស្សីកែវ១សង្កាត់ ខណ្ឌ៧មករា១សង្កាត់ ខណ្ឌច្បារអំពៅ១សង្កាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI