កម្ពុជា-គ្រោះធម្មជាតិ

ផ្ទះពលរដ្ឋជាង ១ ៣០០ខ្នង រងការខូចខាត ខណៈមនុស្ស ៦នាក់រងរបួស ក្នុងគ្រោះមហន្តរាយធម្មជាតិ ២ថ្ងៃមកនេះ

ផ្ទះរបស់ប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់
ផ្ទះរបស់ប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ © សហការី

រយៈពេល ២ថ្ងៃមក​នេះ បាតុភូត​ធម្មជាតិ ភ្លៀង ខ្យល់​កន្ត្រាក់ និង​រន្ទះ ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋជាង ១ ៣០០ខ្នង នៅតាម​បណ្តា​ខេត្ត​ចំនួន ១១។ ក្នុងនោះក៏មាន​មនុស្សចំនួន ៦នាក់​បាន​រងរបួស​ដែរ។ នេះបើតាម​របាយការណ៍​បឋម​ពីលេខាធិការដ្ឋាន​គ្រោះមហន្តរាយតាម​បណ្តាខេត្តនានា ដែល​ត្រូវបាន​បង្ហាញ​បន្តតាមរយៈគណៈកម្មការ​គ្រប់គ្រងគ្រោះមហន្តរាយ​។

ផ្សាយពាណិជ្ជកម្ម

រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៥ និង​ទី ៦ខែឧសភាមក​នេះ គ្រោះមហន្តរាយ​ធម្មជាតិ បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះប្រជាពលរដ្ឋ ១ ៣២៦ខ្នង​ នៅក្នុង​ក្រុង ស្រុក​ចំនួន ៣៨​នៃខេត្តចំនួន ១១។ នេះបើតាមការ​បូក​ចំនួន​មិន​ទាន់​ផ្លូវការ យោង​តាម​របាយការណ៍ពី​តាមបណ្តាខេត្ត​នានា របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ​

ខេត្ត​ដែល​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ បាន​បង្ហាញពីការ​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ រួមមាន ខេត្ត​បន្ទាយ​មានជ័យ ឧត្តរមានជ័យ កំពង់​ស្ពឺ កំពង់ចាម កោះកុង ព្រៃវែង ក្រចេះ ខេត្តកណ្តាល ព្រះវិហារ កំពង់ឆ្នាំង និង​ស្វាយរៀង។ ហើយ​ជាការ​កត់សម្គាល់ ខេត្តបន្ទាយ​មានជ័យ កំពង់ស្ពឺ និងកំពង់​ចាម បាន​រងគ្រោះ​ច្រើន​ជាងគេ ក្នុងគ្រោះមហន្តរាយ​ធម្មជាតិនេះ។

តាម​ការបង្ហាញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បាតុភូតភ្លៀង រន្ទះខ្លាំង និង​ខ្យល់កន្ត្រាក់ បាន​កើតឡើង​តាំងពីដើម​សប្តាហ៍នេះ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។ កាលពីយប់​ថ្ងៃទី ៥ខែឧសភា ភ្លៀង​ និង​ខ្យល់​កន្ត្រាក់ បាន​ធ្វើឲ្យ​ផ្ទះពលរដ្ឋ ១៧៣ខ្នង ក្នុង​ខេត្តបន្ទាយ​មានជ័យ រងការ​ខូចខាត ហើយ​ក្នុងនោះ ៥៣ខ្នង ខូចខាតធ្ងន់ធ្ងរ។ នៅយប់​ថ្ងៃទី ៥ខែឧសភាផងដែរ នៅខេត្តកំពង់ស្ពឺ ខ្យល់​កន្ត្រាក់ ក៏បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្ទះប្រជាជន ១៩៥ខ្នង ដោយ​ក្នុងនោះ​មាន​ធ្ងន់ធ្ងរខ្លាំង ៨ខ្នង ហើយ​ក្នុងនោះ​ក៏មាន​បាតុភូតរន្ទះបាញ់ កើតឡើង​នៅស្រុក​ភ្នំស្រួច បណ្តាល​ឲ្យ​របួស​មនុស្ស ២នាក់ដែរ។

នៅយប់​ថ្ងៃទី ៦ខែឧសភាម្សិលមិញ​ដែរ ភ្លៀង ខ្យល់កន្ត្រាក់ និង​រន្ទះខ្លាំង ក៏​បានបន្ត​ធ្វើឲ្យប៉ះពាល់​ដល់​តាម​បណ្តាខេត្ត​នានា និង​រាជធានីភ្នំពេញ​ដែរ តែយ៉ាងណាមិញ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ នៅមិនទាន់អាចបូកសរុប​តួលេខផ្លូវការបាន​នៅឡើយទេ គិត​មក​ដល់​រសៀល​នេះ។ នេះបើលោក ឃុន សុខា អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។​

គួរជម្រាបជូនថា ចាប់ពីថ្ងៃទី ៥ ដល់​ថ្ងៃទី ១១ខែឧសភា កម្ពុជា កំពុងរងសម្ពាធទាប​ឥណ្ឌា និង​ខ្យល់​មូសុងនីរតី ដែលធ្វើឲ្យ​រដូវវស្សា​ឆ្នាំ ២០២១នេះ នឹងឈាន​ចូល​មក​ដល់​នៅពេល​ដ៏ខ្លី​ខាងមុខ។ តាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីចុងសប្តាហ៍កន្លងទៅ ចាប់ពីថ្ងៃទី ៥ ដល់​ថ្ងៃទី ១១ខែឧសភា បណ្តាខេត្ត​នៅតំបន់​វាលទំនាប​កណ្តាល នឹងអាចមានភ្លៀងធ្លាក់​រាយប៉ាយ ក្នុងកម្រិត​ពីតិចទៅបង្គួរ ខណៈបណ្តាខេត្តនៅភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្ត​ភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់​ក្នុងកម្រិត​ពីមធ្យមទៅច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI