កម្ពុជា-សង្គម

អង្គការគាំពារអ្នកកាសែត៤អំពាវនាវដល់អាជ្ញាធរអនុញ្ញាតឱ្យអ្នកកាសែតចូលយកព័ត៌មាននៅក្នុងតំបន់ក្រហម

អ្នកសារព័ត៌មាន និងអ្នកគាំទ្ររបស់​ លោក កឹម សុខា ស្ថិតនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ
អ្នកសារព័ត៌មាន និងអ្នកគាំទ្ររបស់​ លោក កឹម សុខា ស្ថិតនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ @សហការី

អង្គការគាំពារ​អ្នកសារព័ត៌មាន​ចំនួន៤ ​គឺមជ្ឈមណ្ឌលកម្ពុជា ​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌​មាន​កម្ពុជា(CamboJA) ​សហព័ន្ធអ្នកសារព័ត៌មាន​អន្តរជាតិ ​និងក្លិបអ្នកសារព័ត៌មាន​បរទេស​នៃកម្ពុជា​បានរួមគ្នា​អំពាវនាវ​ក្រសួងព័ត៌មាន​ផ្តល់សិទ្ធិឱ្យអ្នកសារព័ត៌មាន​អាចចូលយក​ព័ត៌មាន​នៅក្នុងតំបន់​ក្រហមបានឡើងវិញ។​ ក៏ប៉ុន្តែ​ក្រសួងព័ត៌មាន​បានឆ្លើយតបថា ​មិនអាចធ្វើទៅ​បានទេ ​ដោយអ្នកសារព័ត៌មាន​គ្រប់រូប​ត្រូវគោរព​ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល ​ដើម្បីកាត់ផ្តាច់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩​។

ផ្សាយពាណិជ្ជកម្ម

អង្គការគាំពារអ្នកសារព័ត៌មានទាំង៤នេះ កាលពីថ្ងៃព្រហស្បតិ៍បានលើកឡើងថា អ្នកសារព័ត៌មានមួយចំនួនបានត្រៀមខ្លួនទទួលហានិភ័យ ​និងចាត់វិធានការការពារខ្លួនដែឡចាំបាច់ម៉ត់ចត់ ដើម្បីចុះយកព័ត៌មាននៅក្នុងតំបន់ក្រហមទៅតាមវិធីដែលអាចការពារខ្លួនពួកគេ និងការពារសុវត្ថិភាពសាធារណៈបាន។ សម្រាប់អង្គការទាំងនេះ លទ្ធភាពរបស់អ្នកសារព័ត៌មានក្នុងការផ្លាស់ទីដោយសេរីទៅក្នុងតំបន់ក្រហម គឺមានភាពចាំបាច់ណាស់ដល់ការងារអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានជូនដល់សាធារណជន។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានកាលពីថ្ងៃទី០៤ ខែឧសភាបានចេញមកណែនាំប្រាប់ដល់អស់អ្នកសារព័ត៌មានទាំងក្នុងស្រុក និងបរទេសបញ្ឈប់ការចូលទៅរាយការណ៍ព័ត៌មានក្នុងតំបន់ក្រហម និងតំបន់រឹតត្បិតផ្សេងទៀតដូចយ៉ាង មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និង ដេញរាយការណ៍ផ្ទាល់តាមរថយន្តសង្គ្រោះបន្ទាន់។ បើតាមក្រសួងព័ត៌មានសកម្មភាពទាំងអស់នេះអាចបង្កភាពវឹកវរក្នុងសង្គម និងបង្កើនហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។

ក៏ប៉ុន្តែអង្គការគាំពារអ្នកសារព័ត៌មាននៅកម្ពុជាបានអះអាងថា ការហាមឃាត់របស់ក្រសួងព័ត៌មាននេះ គឺបានរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ដោយសេរី និងយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការពារសេរីភាពសារព័ត៌មាន និងការទទួលបានព័ត៌មាន។ អង្គការគាំពារអ្នកសារព័ត៌មានបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ហើយគួរតែទទួលបានសិទ្ធិស្មើគ្នាក្នុង​ការចូលយកព័ត៌មានក្នុងតំបន់ហាមឃាត់។ ដូច្នេះហើយ អង្គការទាំងនេះបានអំពាវនាវឱ្យដល់ក្រសួងព័ត៌មានអនុ​ញ្ញាតឱ្យអ្នកសារព័ត៌មានឯករាជ្យ និងអ្នកសារព័ត៌មានមិនមានស្ថាប័នអាចចូលយកព័ត៌មានបាននៅក្នុងតំបន់ក្រហមដោយអនុវត្តទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល។

ក៏ប៉ុន្តែ ក្រសួងព័ត៌មានបានបដិសេធ។ លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានពន្យល់ថា អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពទៅតាមវិធានការរបស់រដ្ឋាភិបាលឱ្យម៉ឺងម៉ាត់ចំពោះការចេញចូលទៅក្នុងតំបន់ក្រហម ឬតំបន់ហាមឃាត់ផ្សេងៗ ព្រោះថា ការចេញចូលនៅក្នុងតំបន់ក្រហមក្តី និងតំបន់ហាមឃាត់ណាមួយក្តី គឺមានហានិភ័យណាស់។ លោកគូសបញ្ជាក់ថា ការហាមឃាត់លើអ្នកសារព័ត៌មាននេះ មិនមែនមានតែនៅកម្ពុជានោះទេ ពោល គឺប្រទេសដទៃក៏មានវិធានការបែបនេះដែរ។

ចំណែក សាលារាជធានីភ្នំពេញវិញបានអះអាងថា ពុំមានហេតុផលណាដែលអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងតំបន់ក្រហមនោះទេ។ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់កាលពីថ្ងៃពុធថា បើអ្នកសារព័ត៌មានចូលក្នុងតំបន់ក្រហម គឺពួកគេអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ និងអាចជាការនាំយកជំងឺកូវីដ១៩ទៅចម្លងដល់ក្រុមការងារនៅអង្គភាពរបស់ខ្លួន។ ដូចនេះហើយ លោកអំពាវនាវម្តងជា២ដងហាមពួកគេចូលទៅក្នុងតំបន់ក្រហម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI