កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន៖ ការ​ដាក់​កំហិត​ឲ្យ​ចាក់​វ៉ាក់សាំង​ដើម្បី​បាន​ចូល​ធ្វើ​ការងារ​វិញ​គឺ​ជា​រឿង​អយុត្តិធម៌

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន © SPM

ប្រមុខ​រដ្ឋាភិបាល​ លោក​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ បាន​បញ្ជា​ទៅ​ក្រសួង​ការងារ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ម្ចាស់​រោងចក្រ សហគ្រាស ដែល​ជា​គ្រឹះស្ថាន​ការងារ​ទាំង​អស់ គឺ​មិន​ត្រូវ​កំណត់​លក្ខខណ្ឌ ទាល់​តែ​កម្មករ និយោជិត បាន​ចាក់​វ៉ាក់សាំង​រួច ទើប​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ​នោះ​ឡើយ​។ ការ​ណែនាំ​បែប​នេះ​គឺ​បន្ទាប់​ពី​មាន​កម្មករ​នៅតាម​រោងចក្រ​មួយចំនួន សម្រុក​នាំ​គ្នា​ទៅ​រក​បណ្ណ​ចាក់​វ៉ាក់​សាំង​ពី​មេ​ភូមិ​ដើម្បី​ត្រៀម​ចូល​ធ្វើ​ការ​វិញ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សារ​សំឡេង​រយៈ​ពេល​ជិត​៣០​នាទី​នៅ​ថ្ងៃ​ទី​០៨​ឧសភា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល បាន​ប្រាប់​ទៅ​ម្ចាស់​រោងចក្រ​កុំ​បំភ័យ​កម្មករ​ទៅ​លើ​បញ្ហា​វ៉ាក់សាំង ព្រោះ​ពេល​នេះ​មិន​មែន​ជា​ពេល​ត្រូវ​យក​វ៉ាក់សាំង​មក​ធ្វើ​ជា​សមភាព សមធម៌ ហើយ​ធ្វើ​ជា​លក្ខខណ្ឌ​ដោះស្រាយ​ការងារ​ធ្វើ​នោះ​ឡើយ​។

បើ​តាម​ លោក ហ៊ុន សែន គេ​ត្រូវ​រង់​ចាំ​ទាល់​តែ​ដល់​ពេល​ដែល​ទី​ក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល ឬ​រង់​ចាំ​ដល់​ប្រទេស​ទាំង​មូល​ចាក់​វ៉ាក់សាំង​ហើយ ទើប​អ្នក​ដែល​បដិសេធ​មិន​ព្រម​ចាក់​វ៉ាក់សាំង នឹង​អស់​ការងារ​ធ្វើ ឬ​រក​ការងារ​ធ្វើ​មិន​បាន ដោយ​សារ​តែ​ជឿ​តាម​ការ​ឃោសនា​ដែល​ថា វ៉ាក់សាំង​ចាក់​ទៅ​ស្លាប់ ឬ​ចាក់​វ៉ាក់សាំង​ទៅ​កើត​ជំងឺ​នេះ ឬ​ជំងឺ​នោះ​។

ជំនួស​ឱ្យ​ការ​ដាក់​លក្ខខណ្ឌ​ចាក់​វ៉ាក់សាំង​ទើប​ឱ្យ​ចូល​ធ្វើ​ការ លោក ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​គ្រឹះស្ថាន​ការងារ​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​សុខាភិបាល សម្រាប់ កម្មករ និយោជិត ដោយ​សារ​ថា ​ទោះ​បី​ចាក់​វ៉ាក់សាំង​ហើយ ក៏​វ៉ាក់សាំង​មិន​ទាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ​១៩​ភ្លាម​ៗ​នៅ​ឡើយ​ដែរ​។

បើ​តាម​លោក​ប្រមុខ​រដ្ឋាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​០៨​ឧសភា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ គឺ​មាន​១លាន​៦​សែន​៦​ម៉ឺន​នាក់ ដែល​នេះ​មាន​ភាគ​រយ​ខ្ពស់​បើ​ធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​។

ចំណែក​នៅ​ភ្នំពេញ ក្នុង​រយៈ​ពេល​៧​ថ្ងៃ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម អាជ្ញាធរ​សម្រេច​បាន​ជាង​៣០​ម៉ឺន​នាក់​ហើយ ដែល​នេះ​គឺ​ជា​ល្បឿន​មួយ​យ៉ាង​លឿន ខណៈ​តាម​ផែន​ការ នៅក្នុង​តំបន់​ក្រហម​គឺ​ត្រូវចាក់ជូន​មនុស្ស​ជិត​៦០ម៉ឺន​នាក់​ជា​ការ​ប្រញាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI