កម្ពុជា-វៀតណាម

៣​ខែ​ដើម​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​បន្ត​កើន​ឡើង​ខ្ពស់

ទង់ជាតិកម្ពុជា និងទង់ជាតិវៀតណាម
ទង់ជាតិកម្ពុជា និងទង់ជាតិវៀតណាម © សហការី

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម នា​រយៈ​ពេល​៣​ខែ​នៃ​ដើម​ឆ្នាំ​២០២១​នេះ មាន​កំណើន​ខ្ពស់​ដល់​ទៅ ​១០៣% ឬស្មើ ២,៦៩ ពាន់​លាន​ដុល្លារ។ ការ​នាំ​ចេញ​ពីកម្ពុជា​ទៅ​វៀតណាម បន្ត​មាន​កំណើន​ខ្ពស់​ខ្លាំង ​ ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​វៀតណាម កាលពីថ្ងៃទី​៦ឧសភា​។

ផ្សាយពាណិជ្ជកម្ម

គេហទំព័រ​ព័ត៌មាន​វៀតណាម «Vietnam Times» កាល​ពី​ថ្ងៃ​ទី​៦​ខែ​ឧសភា បាន​ដក​ស្រង់​ទិន្ន័យ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា​ថា នៅ​ក្នុង​ត្រី​មាស​ទី​១​ក្នុង​ឆ្នាំ២០២១​នេះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​វៀតណាម​ក្នុង​ទំហំ​ទឹកប្រាក់​ ១.៤៧​ពាន់​លានដុល្លារ​ ជា​អត្រា​កំណើន​ខ្ពស់​កប់​ពពក​រហូត​ដល់​ទៅ​ ៤៤៣%។ រីឯ​វៀតណាម​វិញ បាននាំ​ទំនិញ​មក​កម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១.២២​ពាន់​លាន​ដុល្លារ ឬ​ស្មើ​នឹង​កើន ​១៥.៨៣%។

ផលិតផល​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា​ទៅ​វៀតណាម​នា​អំឡុង​ពេល​នេះ គឺ​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម រួមមាន ​គ្រាប់​ស្វាយ​ចន្ទី ​កៅស៊ូ និង​បន្លែ។ ក៏​មាន​ដែរ ​ផលិតផល​ដែក​និង​ដែក​ថែប​ខាត​។ ដោយ​ឡែក ផលិតផល​វៀតណាម​នាំ​ចូល​កម្ពុជា​វិញ មាន​ដូច​ជា ដែក​និង​ដែកថែប ផលិតផល​សម្លៀក​បំពាក់​ស្បែក​ជើង ប្រេង និង​ហ្គាស​ជាដើម​។

នៅ​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​នេះ​ដែរ ភាគី​កម្ពុជា​និង​វៀតណាម កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឯកភាព​គ្នា បន្ត​រក្សា​និង​កែ​លម្អ​បោស​សំអាត​គយ​នៅ​ច្រក​ព្រំដែន​ទាំង​តាម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក ដើម្បី​ធានា​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​ផលិតផល​ចាំ​បាច់​នានា​ក្នុង​បរិបទ​កូវីដ​១៩​នេះ ក្នុង​នោះ​រួម​មាន​ទំនិញ​សម្រាប់​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្រ្ត​និង​ស្បៀង​អាហារ​ជា​ដើម​។

ជា​ការ​កត់​សម្គាល់ បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ក្នុង​ពេល​វិបត្តិ​កូវីដ​១៩​នៃ​ឆ្នាំ​២០២០ មាន​អត្រា​ថយ​ចុះ​ប្រមាណ ១.១៣% គិត​ជា​ទំហី​ទឹក​ប្រាក់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI