កម្ពុជា-កូវីដ១៩

ក្រសួង​ប្រាប់​មន្ទីរ​ពេទ្យ​រដ្ឋ​ត្រូវ​ធានា​និរន្តភាព​សេវា​សុខាភិបាល​ក្នុង​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩

ក្រសួង​សុខាភិបាល​កម្ពុជា
ក្រសួង​សុខាភិបាល​កម្ពុជា © ក្រសួងសុខាភិបាល

ក្រសួង​សុខាភិបាល កាល​ពី​ម្សិលមិញ​នេះ បាន​រំឭក​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​អស់ ត្រូវ​ធានា​និរន្តភាព​សេវា​សុខាភិបាល​ជាសារវ័ន្ត​ ឬ​ជា​ប្រចាំ ហើយ​ប្រសិន​បើ​ចាំ​បាច់ គឺ​ត្រូវ​ធ្វើ​តេស្ត​រហ័ស រក​កូវីដ​១៩  លើ​អ្នក​ជំងឺ​ទូទៅ និង​សង្គ្រោះ​បន្ទាន់​។ ការ​ណែ​នាំ​នេះ​ គឺ​បន្ទាប់​ពី​កើត​មាន​ករណី​ អ្នក​ជំងឺ​មួយចំនួន​ត្រូវ​បាន​បដិសេធ​មិន​ទទួល​យក​ទៅ​ពិនិត្យ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កើត​មាន​ប្រតិកម្មរ​រិះគន់​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​កន្លង​មក​នេះ​។

ផ្សាយពាណិជ្ជកម្ម

លិខិត​ក្រើន​រំឭក​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃ​ទី​០៨​ឧសភា ​បាន​គូស​បញ្ជាក់​ថា  ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដូច្នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ធានា​ឲ្យ​មាន​ប្រក្រតីភាព​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​។

រដ្ឋ​មន្ត្រី​ក្រសួងសុខភិបាល ក៏​បាន​ប្រាប់​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​អស់ ត្រូវ​បន្ត​ធានា​និរន្តរភាព​សេវា​សុខាភិបាល​ជាសារវ័ន្ត​ឬ​ជា​ប្រចាំ ​ ដោយ​ផ្ដល់​សេវា​ជូន​ដល់​គ្រប់​អ្នក​ជំងឺ ដែល​មក​ទទួល​សេវា​ក្នុង​មូលដ្ឋាន​សុខាភិបាល​របស់​ខ្លួន​។ លើស​ពី​នេះ ត្រូវ​រៀបចំ​ឲ្យ​មាន​បន្ទប់​ដាច់​ដោយ​ឡែក សម្រាប់​ផ្ដល់​សេវា​ព្យាបាល សង្រ្គោះ​បន្ទាន់ វះ​កាត់ និង​សម្ភព តាម​លក្ខណៈ​បច្ចេកទេស ដល់​អ្នក​ជំងឺ​ដែល​បាន​រក​ឃើញ​ជំងឺ​កូវីដ-១៩ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​គ្មាន​ការ​រើសអើង រហូត​ដល់​អ្នក​ជំងឺ​មាន​ស្ថានភាព​ល្អ​សមស្រប មុន​នឹង​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ-១៩។

ជា​ការ​កត់​សម្គាល់ ការ​ក្រើន​រំឭក​បែប​នេះ​របស់​ក្រសួង​សុខាភិបាល គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​អ្នក​ជំងឺ​មួយ​ចំនួន​ត្រូវ​បដិសេធ​មិន​ទទួល​យក​ទៅ​ព្យាបាល​ដោយ​មន្ទីរ​ពេទ្យ​មួយ​ចំនួន។ បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះ​គន់​​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

តួ​យ៉ាង​ដូច​ជា​ករណី លោក ចាន់ មករា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន គាត់​បាន​ឌុប​ប្រពន្ធ​គាត់​ទៅ​មន្ទីរពេទ្យ​ទាំង​យប់។ យ៉ាង​ណា​ក៏​ដោយ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ឯកជន​៣​កន្លែង និង​ពេទ្យរដ្ឋ៣កន្លែង ក្រុម​គ្រូពេទ្យ​សុទ្ធ​តែ​បដិសេធ​ទទួល​មិន​ពិនិត្យ​ជំងឺ​របស់​ភរិយា​គាត់ឡើយ​ ខណៈ​ដែល​គ្រា​នោះ​កូវីដ១៩​កំពុង​ផ្ទុះ​រាលដាល​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI