កម្ពុជា-សង្គម

លោក​ស្រី ជូ ប៊ុនអេង៖ ការ​ជួញ​ដូរ​មនុស្ស​មាន​ការ​កើន​ឡើង​អំឡុង​ពេល​កម្ពុជា​ជាប់​ដៃ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស © Internet

រយៈ​ពេល​៣​ខែ​ក្នុង​ឆ្នាំ​២០២១​នេះ ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ខ្ពស់​រហូត​ដល់​ទៅ​៨៥​ករណី បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២០ ដែល​មាន​ត្រឹម​២៧​ករណី។​  ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ចំនួន​៨៥​ករណី​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ទប់​ស្កាត់​និង​បង្ក្រាប​ទាន់​ពេល។ នេះ​ជា​តួលេខ​បណ្ដោះ​អាសន្ន ដែល​ត្រូវ​បាន​ឲ្យ​ដឹង​ដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃ​អាទិត្យ​ទី​០៩​ឧសភា​នេះ លោកស្រី ជូ ប៊ុនអេង បាន​គូស​បញ្ជាក់​ថា មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ជួញដូរ​មនុស្ស មាន​ការ​កើន​ឡើង​ដល់​ទៅ​៨៥​ករណី​ត្រឹម​តែ​រយៈ​ពេល​៣​ខែ គឺ​ដោ​យ​សារ​តែ​មេ​ខ្យល់​យល់​ថា រដ្ឋាភិបាល​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ មិន​បាន​នឹក​គិត​ដល់​ការចរាចរ​មនុស្ស​ក្នុង​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស​នេះ។ តែ​ផ្ទុយ​មក​វិញ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​បាន​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នេះ​បាន​ចំនួន​៨៥​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​៨៣​នាក់​។

ក្នុង​ចំណោម​៨៥​ករណី​នៃ​ការ​ជួញ​ដូរ​មនុស្ស អ្នក​ជំនាញ​បាន​ញែក​ជា​ពីរ​ផ្នែក ពោល​គឺ​៥៤​ករណី​ជា​ទម្រង់​មួយ​នៃ​ការ​ជួញ​មនុស្ស​ឆ្លង​ដែន​និង​រៀប​ឆ្លង​ដែន តែ​រូបភាព​ទាំង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេល​វេលា​ដូច​គ្នា​។ ចំណែក​៣១​ករណី ក្នុង​ចំណោម​៨៥​ករណី គឺ​ជា​ទម្រង់​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ​និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣១​នាក់​។ ជន​រង​គ្រោះ​ទាំង​នោះ​មាន​ទាំង​ខ្មែរ​និង​បរទេស​។ បើ​តាម​លោកស្រី ជូ ប៊ុនអេង នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ពី​ក្រញាំ​នៃ​ការ​ជួញដូរ​ធ្វើ​ឡើង​ភ្លាម​ៗ​ដោយ​មិន​បណ្ដោយ​ឲ្យ​ជន​ទាំង​នោះ​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​មុន​នោះ​ទេ។

នៅ​ចំពោះ​មុខ​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ក៏​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ពិចារណា​មុន​ធ្វើ​ចំណាក​ស្រុក កុំ​ឱ្យ​ចាញ់​បោក​ជន​ជួញ​ដូរ​មនុស្ស ព្រោះ​ការ​ធ្វើ​ចំណាក​ស្រុក​ពេល​នេះ គឺ​ជា​ការ​ផ្សងព្រេង​ដ៏​ប្រថុយ​ប្រថាន ដែល​អាច​ទទួល​បាន​ត្រឹម​តែ​ការ​ខាត​បង់​ប្រាក់​កាស​ប៉ុណ្ណោះ​។

ចំណែក​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ក៏​ដូច​ជា​ក្រសួង​មហាផ្ទៃ នឹង​បន្ត​វិធានការ​សំខាន់​ៗ​២ចំនុច ក្នុង​នោះ ទី​១​ជា​ការ​អនុវត្ត​ច្បាប់ និង​ទី​២​គឺ​ការ​ស៊ើប​រក​ជន​ជួញដូរ​មនុស្ស ដោយ​មាន​ការ​ស្នើ​ឱ្យ​អាជ្ញាធរ​នៅ​ជាប់​ព្រំដែន​អនុវត្ត​វិធានការ​តឹងរឹង បិទ​ការ​ធ្វើ​ចរាចរណ៍​តាម​ច្រក​របៀង​នានា និង​តាម​មធ្យោបាយ​អប់រំ​ផ្សព្វផ្សាយ​ផង​ដែរ ដែល​ការ​ផ្សព្វផ្សាយនេះ ធ្វើ​ឲ្យ​ពលករ​ចំណាក​ស្រុក​១២​ម៉ឺន​នាក់​បាន​យល់​និង​ត្រូវ​បាន​ទប់​ស្កាត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI