កម្ពុជា-កូវិដ១៩

ខេត្តព្រះសីហនុ៖ អ្នកជាប់ពន្ធនាគារជាង៣០នាក់ឆ្លងកូវីដ១៩

រូបភាពពន្ធនាគារខេត្តព្រះសីហនុ
រូបភាពពន្ធនាគារខេត្តព្រះសីហនុ © សហការី

អ្នកជាប់​ពន្ធនាគារ​យ៉ាងតិច​៣៣នាក់​ នៅខេត្ត​ព្រះសីហនុ​ ត្រូវបាន​រក​ឃើញថា មានវិជ្ជមាន​កូវីដ-១៩។ នេះបើតាម​សេចក្តី​ជូនដំណឹង​​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​នៅថ្ងៃទី៨​ឧសភា។ ករណី​រក​ឃើញ​កូវីដ​-១៩ ​នៅក្នុង​ពន្ធនាគារ​នេះ ​គឺ​ស្រប​ពេល​ដែល​ការ​ចាក់​វ៉ាក់​សាំង​ឲ្យអ្នក​ជាប់​ពន្ធនាគារ​ទើប​ចាប់​ផ្តើម​កាលពីថ្ងៃទី៧ ខែ​ឧសភា សម្រាប់​អ្នកជាប់​ពន្ធនាគារ​ចំនួន ៣​កន្លែង​នៅភ្នំពេញ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​របស់​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ អ្នកជាប់​ពន្ធនាគារ​ចំនួន​ ៣៣នាក់ ​ដែល​មាន​វិជ្ជមាន​កូវីដ-១៩ ​នោះ គឺភាគច្រើនជា​ជនជាតិ​ខ្មែរ តែក្នុងនោះក៏មានជនបរទេសចំនួន៥នាក់​ ផងដែរ។

អ្នកនាំពាក្យសាលាខេត្តព្រះ​សីហនុ លោក ឃាង ភារម្យ ទទួល​ស្គាល់​លើ​របាយការណ៍នេះ តែ​លោក​ស្នើ​សុំ​កុំ​បង្ហាញអត្តសញ្ញាណអ្នក​ជាប់​ពន្ធនាគារ ​ដែល​ឆ្លង​កូវីដ-១៩ ទាំង​នេះ។

ករណី​អ្នក​ជាប់​ពន្ធនាគារ​ឆ្លង​កូវីដ-១៩ ​នេះ គឺជាលើកទី១​ហើយ​នៅកម្ពុជា។ លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​បាន​ថ្លែងប្រាប់​សារព័ត៌មានក្នុងស្រុក​ថា អ្នកជំនាញ​កំពុង​រក​មូលហេតុ​នៃ​ការឆ្លង​នេះ ខណៈដែលមានការសង្ស័យថា ​ប្រហែល​ជា​ឆ្លង​មកពី​អ្នកខ្លះ ​ដែល​​កើត​ជំងឺ​កូវីដ-១៩ តាំងពីមុន​ពេលបញ្ជូន​ទៅដល់​ពន្ធនាគារ ប៉ុន្ដែ​មិនមាន​រោគសញ្ញា។

បើតាមអ្នកនាំពាក្យរូបនេះ ការ​ឆ្លង​កូវីដ-១៩ ​ទៅ​ក្នុង​ពន្ធនាគារ គឺកើតឡើងមុនពេល​ដែល​មាន​ឧបករណ៍​ធ្វើតេស្ត​រហ័សរកកូវីដ-១៩ ត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់​ពន្ធនាគារ ដែលកាលណោះ ខាងពន្ធនាគារ​គ្រាន់តែ​ធ្វើ​ចត្ដាឡីស័ក​​រយៈ១៤ថ្ងៃ​ សម្រាប់​អ្នក​ចាប់​ចូល​ថ្មី។ ប៉ុន្តែគោលការណ៍​ថ្មី សម្រាប់​អ្នក​ដែល​ចាប់​ឃាត់ខ្លួន​ឡើង​តុលាការ ​គឺ​ត្រូវតែ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ ​ជាមុន​សិន ​ទើប​សម្រេច​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃក្រសួង​មហាផ្ទៃ ​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​ដល់​អ្នក​ជាប់​ពន្ធនាគារ​ចំនួន​៣​ នៅ​រាជធានីភ្នំពេញ ​នៅ​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​ ដែល​មាន​អ្នក​ជាប់​ឃុំ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​។

លោក ​នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ​ឲ្យ​ដឹង​ថា​ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ ដល់​អ្នក​ជាប់​ឃុំ​នៅ​ពេល​នេះ​ គឺ​ផ្តល់​អាទិភាព​ទៅ​លើ​ពន្ធនាគារ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​កំពុង​ប្រឈម​ខ្លាំង​ នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ ដោយ​ចាប់​ផ្តើម​ពី​ពន្ធនាគារ​នៅ​ភ្នំពេញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI