កម្ពុជា-សេដ្ឋកិច្ច

៣ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក កើនឡើង ១០៦.៣លានដុល្លារ

ការធ្វើពាណិជ្ជកម្មនៅកម្ពុជា
ការធ្វើពាណិជ្ជកម្មនៅកម្ពុជា © Internet

ទោះជាកម្ពុជា​ និងអាមេរិក​ កំពុង​រងនូវការ​រាតត្បាត​ដោយជំងឺ​កូវីដ-១៩​ក៏ដោយ ​ក៏ប៉ុន្តែ​រយៈពេលបីខែ​ដើមឆ្នាំ​២០២១នេះ​ ទំហំពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក​ នៅតែមានការ​កើនឡើងចំនួន​ ១០៦.៣លានដុល្លារ​ ធៀបនឹង​រយៈពេ​លដូចគ្នា​ក្នុងឆ្នាំ​២០២០​ គឺមានការកើន​ឡើងប្រមាណ​ជាង២១,៣លានដុល្លារ​។ ​ នេះបើតាម​ទិន្នន័យ​របស់​ការិយាល័យ​ជំរឿន​របស់សហរដ្ឋ​អាមេរិក​ ដែលចេញផ្សាយ​នៅខែឧសភា​នេះ​។​

ផ្សាយពាណិជ្ជកម្ម

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក នៅក្នុងរយៈពេល៣ខែ គិតចាប់ពីខែមករា រហូតដល់ ខែមីនា ឆ្នាំ២០២១ មានទំហំកើនឡើងប្រមាណ១០៦,៣លានដុល្លារ ឬកើនឡើងប្រមាណ២១,៣លានដុល្លារ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានប្រមាណត្រឹមតែ ៨៥លានដុល្លារ ប៉ុណ្ណោះ។ នេះបើតាមទិន្នន័យរបស់ការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ដែលចេញផ្សាយនៅខែឧសភានេះ។  

សូមជម្រាបជូនថា ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក ភាគច្រើនគឺជាទំនិញទាក់ទង​នឹង​​ការធ្វើ​ដំណើរ ដែលរួមមាន សម្លៀកបំពាក់ កាបូបដៃ កាបូបយួរ កង់ និង​វ៉ាលីសជាដើម ដែល​ផលិតផលទាំងនេះ ត្រូវ​បាន​រាប់បញ្ចូល​ជា​ផលិតផល​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក (GSP) ​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៦​។

ចំពោះការនាំចូលពីអាមេរិកមកកម្ពុជាវិញ ក៏មានការកើនឡើងផងដែរ គឺកើនឡើងប្រមាណ ២៦៨,៥លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានការនាំចូលមកប្រមាណ ១ ៥៩៤,៤លានដុល្លារ។ ការកើនឡើងយ៉ាងដូច្នេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោកហុង វណ្ណៈ យល់ឃើញជារួមថា គឺដោយសារកត្តាចម្បងៗ ចំនួន៣៖ ទី១.គឺការ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក(GSP)មិនទាន់បានកាត់ និងមិនមានផលប៉ះពាល់នៅឡើយ។ ហើយទី២. គឺទំនាក់ទំនងការទូតរវាងអាមេរិក និងកម្ពុជា នៅតែមានភាពរលូន និងល្អប្រសើរដែរ និងទី៣. គឺផ្តោតលើទំនាក់ទំនងល្អ រវាងក្រុមហ៊ុនផលិត និងក្រុមហ៊ុនទទួលនៅតែមានការបញ្ជារទិញ និងបញ្ជូនទៅមកតាមតម្រូវដដែល បើទោះជាមានការរាតត្បាតពីវិបត្តិកូវីដ-១៩ ក្តី។

ជាការគូសបញ្ជាក់បន្ថែម អ្នកជំនាញផ្នែកសេដ្ឋកិច្ចដដែល លើកឡើងថា កំណើននេះនឹងនៅតែបន្តដដែល នេះបើស្របតាមទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងកម្ពុជា នាបច្ចុប្បន្ននេះ។ បើទោះជាកន្លងមកកម្ពុជាមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅកន្លងទៅអាចនឹងមានការប៉ះពាល់ខ្លះដល់វិស័យរោងចក្រកាត់ដេរ តែជារួមកម្លាំងផលិត នឹងនៅតែបន្តធ្វើឱ្យការនាំចេញមានកំណើនដដែល។

សូមរម្លឹកជូនថា ការបន្ត​អូសបន្លាយ​ពេល​ជាង​ ១ឆ្នាំ ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​កូវីដ​-១៩ មិនបាន​ធ្វើឱ្យ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ធ្លាក់ចុះ​ទេ ដោយ​ទិន្នន័យ​បង្ហាញ​ថា រយៈពេល ១២ ​ខែ ឆ្នាំ​ ២០២០ ការនាំ​ទំនិញ​កម្ពុជា​ទៅ​អាមេរិក​មាន​តម្លៃ​ជាង ៦,៥ ​ពាន់​លាន​ដុល្លារ ​កើន​ជិត ២៣ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជិត ៧ពាន់​លាន​ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI