កម្ពុជា-កូវិដ១៩

ទាំងបម្រាមបិទខ្ទប់ និងបម្រាមគោលចរ មានអ្នកល្មើសជាងមួយពាន់ករណី

ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩
ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ AP - Heng Sinith

យ៉ាងហោចណាស់​ មានអ្នកល្មើស​នឹងការអនុវត្ត​បម្រាម​បិទខ្ទប់​ និងបម្រាម​គោលចរ​ ចំនួន​១០៣៨ករណី ​ដោយគិតចាប់​ពីថ្ងៃទី១៥​ខែសីហា ​ដល់ថ្ងៃទី​៥ឧសភា ​សម្រាប់​បម្រាម​បិទខ្ទប់ ​និងគិតពី​ថ្ងៃទី៦​ដល់ថ្ងៃទី​១១ឧសភា​នេះ ​សម្រាប់​បម្រាម​គោចរពីម៉ោង៨យប់​ដល់ម៉ោង៣ភ្លឺ​។​ បើតាម​អ្នកនាំពាក្យ​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​ ករណី​ល្មើសទាំងនោះ ​ភាគច្រើន​ត្រូវបាន​អាជ្ញាធរ​មានសមត្ថកិច្ច​ធ្វើការអប់រំ ​និងដោះលែង​ទៅវិញ​។

ផ្សាយពាណិជ្ជកម្ម

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ក្នុងរយៈពេលនៃការអនុវត្តបម្រាមបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញចំនួន២១ថ្ងៃ ដោយគិតពីថ្ងៃទី១៥មេសា ដល់ថ្ងៃទី៥ឧសភា អ្នកល្មើសនឹងការអនុវត្តបម្រាមបិទខ្ទប់មានចំនួន៤៧៨នាក់។ ក្នុងនោះមានមនុស្ស១០នាក់ត្រូវបានតុលាការចេញដីកាឃុំខ្លួន ៣នាក់កំពុងអនុវត្តការសាកសួរ ២១នាក់កំពុងសាកសួរនៅតាមអធិការខណ្ឌ ៨៣នាក់បានអប់រំដោះលែង ៣១នាក់ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក និង៣២៨នាក់ត្រូវពិន័យអន្តរការណ៍។

ចំណែកឯការអនុវត្តបម្រាមគោលចរវិញ អ្នកនាំពាក្យដដែរ បានគូសបញ្ជាក់ដោយគិតពីថ្ងៃទី៦ដល់ថ្ងៃទី១១ឧសភា ថាមានអ្នកល្មើសចំនួន៥៦០នាក់ មាន១៨នាក់កំពុងសាកសួរនៅតាមអធិការខណ្ឌ ៤០៨នាក់បានអប់រំដោះលែង ១២៧នាក់ដាក់ឲ្យធ្វើចត្តាឡីស័ក និងពិន័យអន្តរការណ៍ចំនួន៥នាក់។

ករណីល្មើសជាងមួយពាន់ករណីនេះ ត្រូវបានដោះស្រាយទៅតាមទោសទណ្ឌនៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លោក សាន សុខសីហា បានឲ្យដឹងដែរថា ភាគច្រើននៃអ្នកល្មើសត្រូវបានយល់យោគ និងធ្វើការអប់រំដោះលែង តែលើកលែងករណីមួយចំនួន ដែលបង្កការរារាំងដល់ការអនុវត្តរបស់អាជ្ញាធរ។

យ៉ាងណាមិញ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កន្លងមកប្រជាពលរដ្ឋក៏បានចូលរួមអនុវត្តតាមអ្វីដែលជាសេចក្តីសម្រេចជាបន្តបន្ទាប់ តែម្យ៉ាងអ្វីដែលជាការកត់សម្គាល់នោះ ក្រោយការបញ្ចប់ការបិទខ្ទប់ ប្រជាពលរដ្ឋប្រែមិនបានគិតពីការអនុវត្តបម្រាមគោលចរនៅពេលរាត្រី ដែលនាំអាចឲ្យការឃាត់ខ្លួនមនុស្សមួយចំនួននៅមួយសប្តាហ៍ចុងក្រោយនេះ ហើយការបន្តបម្រាមគោលចរនេះដល់ពេលណា នោះលោកសាន សុខសីហា ថាកំពុងការសម្រេចជាបន្តទៀតពីប្រមុខរដ្ឋាភិបាល និងអាជ្ញាធរក្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI