កម្ពុជា-កូវីដ១៩

អាជ្ញាធរក្រុងបង្រួមតំបន់ខ្លះពីពណ៌ក្រហមមកលឿងទុំ និងតំបន់ខ្លះពីពណ៌លឿងទុំមកជាពណ៌លឿង

ការបិទប៉ារ៉ាស់ដើម្បីរិតបន្តឹងការធ្វើដំណើររបស់ប្រជាជននាពេលកន្លងមក
ការបិទប៉ារ៉ាស់ដើម្បីរិតបន្តឹងការធ្វើដំណើររបស់ប្រជាជននាពេលកន្លងមក AP - Heng Sinith

រដ្ឋបាលរាជធានី​ភ្នំពេញ​នៅថ្ងៃពុធនេះ​បានចេញនូវ​សេចក្តីសម្រេច​ពីការអនុវត្ត​ការបែងចែក​តំបន់​ក្រហម ​តំបន់​លឿងទុំ ​និងតំបន់​លឿង​ក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ ជាបន្តទៀត​រយៈពេល៧ថ្ងៃ ​រហូតដល់​ថ្ងៃទី១៩ឧសភា​ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩​។​ សេចក្តីសម្រេចថ្មីនេះ ​បានធ្វើឲ្យ​ភូមិសាស្រ្តមួយចំនួន​ក្នុងរាជធានី​ភ្នំពេញ​ប្រែពីតំបន់​ពណ៌ក្រហម​ មកជាតំបន់ពណ៌លឿងទុំ​ រីឯភូមិសាស្រ្ត​មួយចំនួនទៀត​ប្រែពីតំបន់​ពណ៌លឿងទុំ​ មកជា​តំបន់ពណ៌លឿង​ ដែលមានការឆ្លង​កម្រិតស្រាល​។

ផ្សាយពាណិជ្ជកម្ម

តំបន់ភូមិសាស្រ្តមួយចំនួនដែលប្រែពីពណ៌ក្រហមមកជាពណ៌លឿងទុំវិញ មានជាអាទិ៍ ភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤ ភូមិទួលពង្រក្នុងសង្កាត់ចោមចៅ១ ភូមិជ្រៃកោងក្នុងសង្កាត់ចោមចៅទី២នៃខណ្ឌពោធិ៍សែនជ័យ  ភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦ក្នុងសង្កាត់បឹងកក់ទី២ និងភូមិ២ ភូមិ៧ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ រីឯខណ្ឌមានជ័យវិញ មានផ្នែកខ្លះនៃភូមិទ្រាក្នុងសង្កាត់ស្ទឹងមានជ័យ១ ភូមិដំណាក់ធំ៤ក្នុងសង្កាត់ស្ទឹងមានជ័យ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៥ក្នុងសង្កាត់ស្ទឹងមានជ័យ៣។ ចំណែកឯខណ្ឌឫស្សីកែវវិញ គឺកែសម្រួលមកនៅត្រឹមផ្នែកខ្លះភូមិទួលសង្កែ ភូមិចុងខ្សាច់ ភូមិបាក់ទូកក្នុងសង្កាត់ទួលសង្កែទី១។ ហើយតំបន់មួយចំនួនទៀត មានដូចជា ប្លុកបុរីកីឡា (ចំនួន៨អគារ) ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ផ្នែកខ្លះនៃភូមិដើមចាន់នៃសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ និងភូមិ១០នៃសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវរក្សាជាតំបន់ក្រហមដដែរ។

ដោយឡែកសម្រាប់តំបន់លឿងទុំមួយចំនួនដែលប្រែមកជាតំបន់លឿង មានដូចជា ភូមិ១៧ ភូមិ២២នៃសង្កាត់បឹងកក់២ ភូមិ១ ភូមិ៣ ភូមិ៥ ភូមិ៦នៃសង្កាត់ផ្សារដើមគរក្នុងខណ្ឌទួលគោក។ ភូមិចោមចៅ១ ភូមិត្រពាំងរំចេក្ និងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ភូមិថ្មគោលទី២សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ប្រែមកជាតំបន់លឿងដែរ។ រីឯសង្កាត់ព្រែកព្នៅ សង្កាត់សំរោង សង្កាត់គោករកាក្នុងខណ្ឌព្រែកព្នៅ សង្កាត់និរោធ និងសង្កាត់ច្បារអំពៅទី១នៃខណ្ឌច្បារអំពៅក៏ដូចគ្នាដែរ។រីឯភូមិទី២ ទី៣ និងផ្នែកខ្លះនៃភូមិ៤ ក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ឫស្សីកែវក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យមានជាអាទិ៍ សង្កាត់បឹងទំពន់ទី១ និងទី២ ភូមិព្រែកទាល់ ភូមិដំណាក់ធំក្នុងសង្កាត់ស្ទឹងមានជ័យ២ ក៏បានផ្លាស់មកជាតំបន់ពណ៌លឿងវិញដែរ។

ក្រៅពីការកែសម្រួលបង្រួមភូមិសាស្រ្តពណ៌ក្រហម ពណ៌លឿងទុំ និងពណ៌លឿងនេះ ខណ្ឌមួយចំនួនក៏នៅរក្សាជាតំបន់ពណ៌លឿងដែលមានហានិភ័យទាបក្នុងការរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌបឹងកេងកង។ ហើយសម្រាប់ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ក៏ប្រែមកជាតំបន់លឿង ដោយលើកលែងផ្នែកខ្លះប៉ុណ្ណោះ។

គួរបញ្ជាក់ជូនថា ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅកាលពីថ្ងៃទី០៥ឧសភាមក រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃបន្ទាប់ បានកំណត់បែងចែកភូមិសាស្រ្តរាជធានីភ្នំពេញជាបីតំបន់រយៈពេលមួយសប្តាហ៍ រួមមានតំបន់ក្រហម ជាតំបន់មានការរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ តំបន់លឿងទុំ ជាតំបន់មានការឆ្លងរាលដាលកម្រិតមធ្យម និងតំបន់លឿងជាតំបន់មានហានិភ័យស្រាល។ ហើយនៅថ្ងៃនេះ រដ្ឋបាលភ្នំពេញបានសម្រេចបន្តការបែងចែកភូមិសាស្រ្តនេះមួយសប្តាហ៍ទៀតរហូតដល់ថ្ងៃទី១៩ឧសភា ក្នុងន័យទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI