កម្ពុជា-នយោបាយ

លោកកឹម សុខា ចេញមុខផ្តល់ជំនួយដល់ពលរដ្ឋ បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញថា ក្រុមប្រឆាំងមិនបានជួយអ្វីសោះ

លោក កឹម សុខា និងក្រុមការងារកំពុងរៀបចំអំណោយសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់
លោក កឹម សុខា និងក្រុមការងារកំពុងរៀបចំអំណោយសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ © សហការី

លោកកឹម សុខា ​ប្រធានអតីត​បក្សសង្រ្គោះជាតិ​នៅព្រឹកថ្ងៃពុធនេះ​បានចេញមុខ​នាំជំនួយ​របស់លោក​ផ្ទាល់ ​និងសប្បុរសជន​នៅក្រៅប្រទេស​ទៅចែកជូន​ពលដ្ឋ​រស់នៅ​ក្នុងតំបន់​បិទខ្ទប់​ដោយសារ​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩​ក្នុងខណ្ឌទួលគោក​ រាជធានីភ្នំពេញ។​ ​នេះ គឺជាលើកទី១​ហើយដែលលោក​កឹម សុខា ​បានចេញមុខ​ផ្តល់អំណោយ​ដល់ពលរដ្ឋ​រងគ្រោះ​នេះចាប់តាំងពី​ព្រឹត្តិការណ៍​ឆ្លងជំងឺ​កូវីដ១៩​ក្នុងសហគមន៍​ថ្ងៃទី២០​កុម្ភៈមក​។​ ការចេញមុខ​ផ្តល់ជំនួយនេះ ​គឺធ្វើឡើង​ ប​ន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញថា ​ក្រុមប្រឆាំង​មិនបានជួយអ្វីសោះ​ដល់ពលរដ្ឋ​។

ផ្សាយពាណិជ្ជកម្ម

«ទោះបីនៅពេលនេះ ខ្ញុំមិនមានសិទ្ធិធ្វើនយោបាយក្តី តែខ្ញុំមិនបិទភ្នែកសម្ងំសុខតែឯង មិនគិតតែបក្សពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់ប្រទេសជាតិឡើយ»។ នេះ គឺជាគូសបញ្ជាក់របស់លោកកឹម សុខា នៅលើទំព័រហ្វេសប៊ុករបស់លោកព្រឹកថ្ងៃពុធនេះក្នុងពេលដែលលោកនាំយកជំនួយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះព្រោះវិបត្តិកូវីដ១៩ ។ ត្បិតថា ជំនួយនេះតិចតួច ប៉ុន្តែលោកកឹម សុខា អះអាងថា វាជាការជួយដល់ប្រជាពលរដ្ឋខ្មែរ ពោល គឺបើខ្មែរមានបញ្ហាត្រូវតែមានដំណោះស្រាយរវាងខ្មែរនិងខ្មែរ ទោះបីកន្លងមកតែងតែមានអន្តរជាតិជួយក៏ដោយ។

ជាការកត់សម្គាល់ ការចេញមុខជាលើកដំបូងរបស់លោកកឹម សុខានេះ ធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី ដែលជាប្រធា​នស្តីទីអតីតបក្សប្រឆាំងនៅក្រៅប្រទេសនាពេលកន្លងមក ក៏បានចេញមុខតាមហ្វេសប៊ុកអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិនៅក្នុងរាជធានីភ្នំពេញជួយឧបត្ថម្ភដល់អ្នកក្រខ្សត់ដែលកំពុងខ្វះខាតក្នុងពេលបិទខ្ទប់រាជធានីដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩។ លើសពីនេះទៅទៀត លោកសម រង្ស៊ី ក៏ជំរុញឱ្យមានការផ្តល់ស្បៀងអាហារពីសំណាក់អន្តរជាតិដល់ប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែ ចុងក្រោយនេះ លោកក៏បានបន្តរិះគន់ និងមិនគាំទ្រលើចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលក្នុងបន្តបិទខ្ទប់តំបន់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩។

ចំពោះបញ្ហានេះ អភិបាលរងរាជធានីភ្នំពេញ លោកកើត ឆែ បានអះអាងកាលពីសប្តាហ៍មុនថា ក្រុមប្រឆាំងបានត្រឹមតែស្រែករិះគន់តែប៉ុណ្ណោះ គឺមិនបានជួយអ្វីសោះដល់ប្រជាពលរដ្ឋដែលខ្វះខាតនៅក្នុងតំបន់បិទខ្ទប់។ បើតាមលោកកើត ឆែ គឺក្រុមប្រឆាំងបានត្រឹមតែប្រឆាំងប៉ុណ្ណឹង តែមិនបានចេញថវិកា ឬកម្លាំងពលរដ្ឋណាមួយជួយដល់ពលរដ្ឋឡើយ និងថា ពួកគេក៏នឹងមិនហ៊ានចេញមុខទៅចែកអំណោយអ្វីដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដែរ។

ប៉ុន្តែបន្ទាប់ពីការលើកឡើងនេះ លោកកឹម សុខា ដែលកំពុងមានក្តីក្តាំនៅតុលាការក៏បាននាំអំណោយរបស់លោកផ្ទាល់ និងរបស់សប្បុរសជននៅក្រៅប្រទេសទៅចែកជូនប្រជាពលរដ្ឋប្រមាណ១០០គ្រួសារនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។  លោកកឹម សុខា បានអះអាងថា អំណោយទាំងនេះ គឺដើម្បីខ្មែរស្របពេលដែលលោកកំពុងធ្វើទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ និងខ្មែរនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយោជន៍ខ្មែរជារួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI