កម្ពុជា-សិទ្ធិស្ត្រី

អង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលមានចំណាត់ការផ្លូវច្បាប់លើអ្នកប្រព្រឹត្តអំពើហិង្សាលើស្រ្តី

រូបចម្លាក់ស្ត្រីកាន់ជញ្ជីងដែលដំណាងឲ្យយុត្តិធម៌ចំពោះស្រ្តី (រូបតំណាង)
រូបចម្លាក់ស្ត្រីកាន់ជញ្ជីងដែលដំណាងឲ្យយុត្តិធម៌ចំពោះស្រ្តី (រូបតំណាង) © FB

អង្គការ​សង្គមស៊ីវិល​ចំនួន២៦ស្ថាប័ន​និងប្រជាពលរដ្ឋ​ចំនួន៥០នាក់​ នៅល្ងាចនៅថ្ងៃពុធនេះ ​បានដាក់លិខិត​ចំហមួយដល់រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​ និងរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​ក្នុងការស្នើឲ្យមាន​ចំណាត់ផ្លូវច្បាប់​លើជនប្រព្រឹត្ត​អំពើហិង្សាលើស្ត្រី ​និងផ្តល់យុត្តិធម៌​សមស្របមួយដល់ជនរងគ្រោះ​។ ​ការដាក់ស្នើនូវ​លិខិតចំហនេះ ​ធ្វើឡើងបន្ទាប់ពី​មានការផ្ទុះឡើង​នូវករណី​បៀតបៀន​ផ្លូវភេទ​ និងប៉ុនប៉ង​រំលោភ​យុវតី​មួយរូប​លើបណ្តាញសង្គម​ម្សិលមិញ​ និងការកើតមាន​អំពើហិង្សា​មួយចំនួនលើស្ត្រី ​នាពេលកន្លងមក​។

ផ្សាយពាណិជ្ជកម្ម

អង្គការសង្គមស៊ីវិលទាំង២៦ស្ថាប័ននោះ មានដូចជាគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាជាដើម បានស្នើឲ្យរដ្ឋាភិបាលមានវិធានការផ្លូវច្បាប់លើបុគ្គលដែលធ្លាប់ប្រព្រឹត្តអំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្ត្រី។ នៅក្នុងលិខិតចំហ បានចង្អុលជាចំពោះលើឧកញ៉ា ហេង សៀ ដែលមានភាពចម្រូងចម្រាស់ប៉ុនប៉ងរំលោភយុវតីមួយរូប និងត្រូវបានសាធារណជនដឹងឮតាមរយៈពាក្យបណ្តឹងរបស់នាងកាលពីម្សិលមិញនេះ។

បន្ថែមពីនេះ អង្គការទាំងនោះក៏ស្នើឲ្យមានដែលនូវចំណាត់ការផ្លូវច្បាប់ត្រឹមត្រូវលើអតីតឧកញ៉ា ឌួង ឆាយ ដែលបានប្រើប្រាស់អំពើហិង្សាលើស្រ្តីជាប្រពន្ធរបស់ខ្លួន និងលោកអ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ដែលធ្លាប់ពាក់ព័ន្ធលើករណីបៀតបៀនផ្លូវភេទលើមន្រ្តីថ្នាក់ក្រោមជាស្ត្រី។

ក្រុមអង្គការនិងប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ការដោះស្រាយលើបញ្ហាទាំងនោះកន្លងមក មិនបានផ្តល់យុត្តិធម៌ពេញលេញមួយដល់ជនរងគ្រោះ និងធ្វើឲ្យប្រជាពលរដ្ឋដទៃទៀតមានការសង្ស័យលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជា ពោលគឺជនល្មើសទាំងនោះ គ្រាន់តែត្រូវបានបញ្ឈប់ពីតំណែង និងបន្ថយឋានន្តរសក្តិ ហើយក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថានេះជាបង្កទៅជាវប្បធម៌និទណ្ឌភាពនៅកម្ពុជា។

តាមរយៈការកើតមានអំពើហិង្សាលើស្រ្តី និងការបៀតបៀនផ្លូវភេទនេះ ក្រុមអង្គការទាំងនោះបានអះអាងថា ពួកគេកំពុងរង់ចាំវិធានការផ្លូវច្បាប់ណាមួយដែលត្រឹមត្រូវ លើករណីលោកឧកញ៉ា ហេង សៀ លោកអតីតឧកញ៉ា ឌួង ឆាយ និងលោកអ៊ុក កុសល ហើយផ្តល់បាននូវយុត្តិធម៌ពេញលេញមួយដល់ជនរងគ្រោះ ហើយនោះជាសារមួយឲ្យនារីរងគ្រោះផ្សេងទៀតមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ហិង្សាលើស្ត្រី។

គួរបញ្ជាក់ជូនថា នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញនិងថ្ងៃនេះ មានការផ្ទុះចេញនូវករណីប្តឹងទៅវិញទៅមករវាងលោកឧកញ៉ាហេង សៀ និងយុវតីមួយរូបជាពិធីការីទូរទស្សន៍។ ដោយបុគ្គលជាឧកញ៉ាបានចោទយុវតីរូបនោះលួចទូរស័ព្ទនិងបង្ករបួសស្នាមលើខ្លួន តែពីភាគីយុវតីវិញបានបង្ហាញនូវពាក្យបណ្តឹងមួយច្បាប់ដោយចោទលោកឧកញ៉ាហេង សៀ ពីបទបៀតបៀនផ្លូវភេទនិងប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយមកពេលនេះសំណុំរឿងកំពុងស្ថិតនៅក្នុងដៃតុលាការធ្វើការដោះស្រាយ។

ជាមួយគ្នានេះ នៅលើបណ្តេញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួន លោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានសរសេររៀបរាប់ថា ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ ក្នុងការផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ និងស្នើដល់សាធារណជន រក្សាភាពស្ងប់ស្ងាត់ ដើម្បីស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI