កម្ពុជា-កូវិដ១៩

កម្ពុជាមានអ្នកស្លាប់ពី៥ទៅ៦នាក់ជាប់ៗគ្នាក្នុង១ថ្ងៃ ដោយកូវីដ-១៩ ជិត១សប្តាហ៍មកហើយ ខណៈអ្នកឆ្លងនៅភ្នំពេញបន្តថយថុះ

ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩ © Internet

ចំនួនអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ-១៩​ នៅកម្ពុជា ​បានស្ថិតនៅ​ក្នុងរង្វង់​ពី៥ទៅ៦នាក់ ​ក្នុងមួយថ្ងៃ​រយៈពេលជិត១សប្តាហ៍​ជាប់ៗគ្នា​។​ តួលេខនៃអ្នកស្លាប់​ប្រចាំថ្ងៃនេះ ​ត្រូវគេមើលឃើញថា​ជាចំនួន​មួយច្រើន ​ខណៈដែលចំនួន​អ្នកឆ្លងជំងឺនេះ ​បានធ្លាក់ចុះនៅ​ភ្នំពេញជាបន្តបន្ទាប់​ និងបានផ្ទុះឡើង​ជារូបភាពតូចៗ​ នៅតាមបណ្តាខេត្ត​មួយចំនួន​។

ផ្សាយពាណិជ្ជកម្ម

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុប នៅកម្ពុជា មកទល់ព្រឹកថ្ងៃទី១៣ ខែឧសភានេះ គឺមានចំនួន១៤២នាក់ ខណៈការឆ្លងថ្មីទូទាំងប្រទេសមានចំនួន ៤៤៦នាក់ និងជាសះស្បើយ ៩៨០នាក់។ អ្វីដែលជាការកត់សម្គាល់គឺ ចាប់តាំងពីថ្ងៃទី០៩ ខែឧសភាមក អ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ គឺជាការតួលេខមួយគួរឲ្យព្រួយបារម្ភ ដោយថ្ងៃទី០៩ និងទី១០ ខែឧសភា មានអ្នកស្លាប់ក្នុង១ថ្ងៃ៦នាក់ ខណៈដែលថ្ងៃទី៨ឧសភា មិនមានអ្នកស្លាប់សោះ។

ជាបន្តបន្ទាប់នៅថ្ងៃទី១១ និងទី១២ ខែឧសភាកន្លងទៅ ក៏មានអ្នកស្លាប់ដោយកូវីដ-១៩ ក្នុងមួយថ្ងៃៗចំនួន៥នាក់ដែរ ហើយព្រឹកថ្ងៃទី១៣ ឧសភានេះ មានអ្នកស្លាប់៦នាក់។ តួលេខនៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ហាក់បានវ៉ាលើអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បើគិតតាមរយៈពេលដូចគ្នា។

ទោះយ៉ាងណា រាជធានីភ្នំពេញ ដែលជាទីតាំងសំខាន់នៃការផ្ទុះជំងឺកូវីដ-១៩ សហគមន៍ ត្រូវគេសង្កេតឃើញថាមានការថយចុះ ពីជិត១ពាន់នាក់ មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃជាប់ៗគ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះ។ យោងតាមការផ្តល់ព័ត៌មានជាសាធារណៈតាមរយៈបណ្តាញហ្វេសប៊ុក លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចំនួនអ្នកឆ្លងកូវីដ-១៩ បានធ្លាក់មកទាបជាលើកដំបូងក្រោម ២០០នាក់ ក្នុង១ថ្ងៃ បើគិតត្រឹមម៉ោង ៩យប់ម្សិលមិញ។

ការធ្លាក់ចុះនេះ គឺជាសញ្ញាវិជ្ជមានមួយ ក្រោយអាជ្ញាធររាជធានី បានដាក់វិធានការបិទខ្ទប់ ដោយកំណត់តំបន់សុវត្ថិភាព និងតំបន់ហានិភ័យខ្ពស់(តំបន់ក្រហម) អស់រយៈពេល១ខែកន្លងទៅនេះ។ អាជ្ញាធររាជធានី បានបន្ធូរបន្ថយការបិទខ្ទប់ចុងក្រោយនេះច្រើន ដោយបង្រួមតំបន់ក្រហម ឲ្យមកនៅតិចតួច នៅតាមខណ្ឌចំនួន៤ ក្នុងចំណោមខណ្ឌទាំង១៤ បន្ទាប់ពីឬសគល់នៃការចម្លង ត្រូវបានកាត់ផ្តាច់ជាបណ្តើរៗ។

ទោះយ៉ាងណា ការរាលដាលជំងឺកូវីដ-១៩ ត្រូវបានគេសម្គាល់ឃើញថា បានកើតមានកាន់តែច្រើន នៅតាមបណ្តាខេត្តនានា ក្រោយពីអនុញ្ញាតឲ្យមនុស្សម្នាចល័តទៅមក។ ខេត្តទាំង២៥នៃប្រទេសកម្ពុជា ក៏ត្រូវបានរកឃើញថា សុទ្ធតែមានករណីឆ្លងជំងឺកូវីដ-១៩ទាំងអស់។ សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុប គឺ ២១ ១៤១នាក់ និងជាសះស្បើយចំនួន ៩ ៥១៩នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI