កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ខួបការទូត៦៥ឆ្នាំ៖ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីផ្លាស់ប្តូរលិខិតគ្នាអបអរសាទរ និងប្តេជ្ញាពង្រឹងទំនាក់ទំនង

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតី​រុស្ស៊ី
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតី​រុស្ស៊ី © សហការី

ថ្ងៃទី១៣ ​ខែឧសភា ​ឆ្នាំ២០២១នេះ ​គឺជាគម្រប់​ខួប៦៥ឆ្នាំ​នៃការបង្កើត​ទំនាក់ទំនង​ការទូតរវាង​ប្រទេសកម្ពុជា ​និងសហព័ន្ធរុស្ស៊ី​។ ​នៅថ្ងៃខួបនេះ ​ក្រសួងការបរទេស​កម្ពុជា ​និងរុស្ស៊ី ​បានរៀបចំ​តាំងពិព័រណ៍​រូបថត​ជាច្រើនស្តីពីដំណើរការ​បង្កើ​ត​ទំនាក់ទំនង​ការទូត​រវាងប្រទេសទាំង២តាមប្រព័ន្ធ​អនឡាញ​។​ បន្ថែមលើនេះ ​និងជារឿងគួរឱ្យកត់សម្គាល់​ គឺប្រមុខរដ្ឋ ​ប្រមុខរដ្ឋាភិបាល​ និងស្ថាប័ន​កំពូល​ផ្សេងទៀត​នៃប្រទេសទាំង២​បានផ្លាស់ប្តូរ​លិខិតអបអរសាទរ​គ្នាទៅវិញទៅមក​ និងបានប្តេជ្ញាពង្រីក​ និងពង្រឹង​ទំនាក់ទំនង​ការទូតទ្វេភាគី​ឱ្យកាន់តែប្រសើរ​ឡើងបន្ថែមទៀត​។

ផ្សាយពាណិជ្ជកម្ម

ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋកម្ពុជា និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី១៣ ខែឧសភានេះបានចូលរួមអបអរសាទរខួបទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ ក្រៅពីអបអរសាទរតាមរយៈលិខិតឆ្លងឆ្លើយគ្នា លោក Vladimir Putin បានសម្តែងការជឿជាក់ថា តាមរយៈបទពិសោធន៍នៃទំនាក់ទំនងជាច្រើនទសវត្សទៅនេះ រុស្ស៊ី និងកម្ពុជានឹងធានាឈានទៅរកការអភិវឌ្ឍបន្ថែមលើទំនាក់ទំនងទ្វេភាគី។ បើតាមលោក Putin គឺការឈានទៅនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំង២ និងឈានទៅពង្រឹងស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងន័យស្រដៀងគ្នានេះ សម្តេចព្រះនរោត្តម សីហមុនីវិញ ទ្រង់មានព្រះបន្ទូលថា មិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី នឹងជួយអភិវឌ្ឍបន្ថែម ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំង២ និងផលប្រយោជន៍សម្រាប់សន្តិភាព និងការអភិវឌ្ឍនៅក្នុងពិភពលោក។ ចំណែក នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន វិញនៅក្នុងលិខិតទៅកាន់នាយករដ្ឋមន្រ្តីរុស្ស៊ីបានអះអាងថា លោកនឹងធ្វើការរួមគ្នាជាមួយនាយករដ្ឋរុស្ស៊ីក្នុងការស្ថាបនាផ្លូវថ្មី ដើម្បីលើកកម្ពស់ភាពជាដៃគូនៃប្រទេសទាំង២សម្រាប់សន្តិភាព និងវិបុលភាពបានរឹតតែខ្ពស់ថែមទៀត ជាគុណប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាពលរដ្ឋកម្ពុជា និងរុស្ស៊ី។

ដោយឡែក នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin ក្នុងលិខិតមកនាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា ការបំ​ពេញការងារយ៉ាងស្វាហាប់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជា នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវពាណិ​ជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា វប្បធម៌ និងមនុស្សធម៌ ព្រមទាំងការអនុវត្តនូវគម្រោងរួមគ្នានានាក្នុងវិស័យផ្សេងៗដែលមានសក្កានុពល។ តាមលោក Mikhail Mishustin គឺវិធីសាស្រ្តនេះ ពិតជានឹងបម្រើផលប្រយោជន៍នៃប្រទេសទាំង២រុស្ស៊ី-កម្ពុជា។

សូមរំលឹកជូនថា កម្ពុជា និងរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូតនឹងគ្នាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ដោយសម្តេច ព្រះនរោត្តម សីហនុ និង លោកNikita Khrushchev ដែលជាអគ្គលេខាបក្សកុំមុយនីស្តសូវៀត។ ប៉ុន្តែទំនាក់ទំនងនេះបានកាត់ផ្ដាច់នៅក្នុងរបបខ្មែរក្រហម តែក្រោយរបបនេះដួលរលំ កម្ពុជា និងសហភាពសូវៀតក៏បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញ។ បន្ទាប់ពីសហភាពសូវៀតដួលរលំនៅចុងឆ្នាំ១៩៩១បង្កើតមកជាសហព័ន្ធរុស្ស៊ីវិញ ក៏ទំនាក់ទំនងការទូតនៃប្រទេសទាំង២នៅរក្សាដដែល។

កាលពី​ទសវត្សរ៍​៨០ កម្ពុជា​បាន​ជំពាក់​បំណុល​រុស្ស៊ី ១,៥០០​លាន​ដុល្លារ​អាមេរិកដែលខ្ចី​យកមកទិញ​អាវុធ និង​ទ្រទ្រង់សេដ្ឋកិច្ច​​។ ប៉ុន្តែ​កាលពីឆ្នាំ២០០៩ បំណុល​នេះត្រូវបាន​រុស្ស៊ី​សម្រេច​លុបចោល៧០​ភាគរយដោយនៅសល់បំណុលតែ ៤៥០​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ យ៉ាងណាមិញ កាលពីឆ្នាំ២០១៨ រុស្ស៊ីក៏បានយល់ព្រមបង្វែរបំណុលដែលសេសសល់នេះទៅជួយសម្រាប់ការវិនិយោគនៅនៅក្នុងប្រទេសកម្ពុជាវិញតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI