កម្ពុជា-កូវិដ១៩

ក្រសួងសុខាភិបាល ស្នើឲ្យអភិបាលខេត្តនានា យកវិធានាការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាមេរៀន

ទិដ្ឋភាពនៃការបិទខ្ទប់ទីក្រុងភ្នំពេញកន្លងមក
ទិដ្ឋភាពនៃការបិទខ្ទប់ទីក្រុងភ្នំពេញកន្លងមក AP - Heng Sinith

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ លោក​ ម៉ម ប៊ុនហេង ​នៅថ្ងៃទី ​១៤ខែឧសភានេះ ​បាន​ជូនដំណឹង​ដល់​អភិបាល​រាជធានី​ ខេត្ត​ ឳ្យពង្រឹង​បន្ថែម​វិធានាការ​ទប់ស្កាត់ការរាតត្បាត​កូវីដ១៩​។ ​ការពង្រឹង​វិធានាការ ​ដែលរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​ក៏​ស្នើផងដែរឲ្យ​អភិបាល​ខេត្តនានា ​យក​គម្រូ​តាម​វិធានាការ​បិទខ្ទប់​នៅរាជធានីភ្នំពេញ ​និងក្រុងតាខ្មៅ​នៃខេត្តកណ្តាល​។ ​ជាការកត់សម្គាល់ ​ការស្នើរបស់ក្រសួង​សុខាភិបាលនេះ ​ធ្វើឡើង​ក្រោយ​មេរោគកូវីដ១៩​ពីព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ ​បានឆ្លង​រាលដាល​ដល់គ្រប់ ២៥រាជធានីខេត្ត​ទូទាំងប្រទេស​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ការ​ដាក់វិធានាការបិទខ្ទប់​នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជាមេរៀន​បទពិសោធន៍ ដែលគួរត្រូវបាន​ដកស្រង់ ដើម្បីប្រតិបត្តិនៅតាម​មូលដ្ឋានរបស់ខ្លួន ទៅតាម​ស្ថានភាពជាក់ស្តែង។ នេះគឺជាខ្លឹមសារ ដែល​រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ដាក់សំណើសុំពង្រឹងបន្ថែមវិធានាការ​ទប់ស្កាត់ការរាតត្បាតកូវីដ១៩ នៅតាមមូលដ្ឋាន​រាជធានី ខេត្ត នៅថ្ងៃទី ១៤ខែឧសភា។​

ការ​ស្នើសុំពង្រឹងវិធានាការ​នេះ គឺបន្ទាប់ពី​តួលេខអ្នក​ឆ្លងកូវីដ១៩ នៅតាម​បណ្តាខេត្ត មានការ​កើន​ឡើងរាល់​ថ្ងៃ ខណៈនៅរាជធានីភ្នំពេញ ចំនួនអ្នក​ឆ្លង មានការ​ថយចុះក្នុងអំឡុងពេល​មួយសប្តាហ៍ចុងក្រោយនេះ។ ខេត្ត​មួយចំនួន ដូចជា ខេត្តព្រះសីហនុ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម​ និង​តាកែវ ជាដើម ត្រូវបាន​អាជ្ញាធរ អះអាងថា បាន​រក​ឃើញ​ករណីឆ្លង​រាល់​ថ្ងៃ ក្រោយ​ពីមានការ​អនុញ្ញាតឲ្យ​ប្រជាពលរដ្ឋ​ អាចចរាចរណ៍ចេញចូល​ឆ្លងខេត្ត​បានវិញ។ ខេត្តមួយចំនួនធំ ក៏បញ្ជាក់ថា អ្នក​ឆ្លងថ្មីដែលគេរក​ឃើញ គឺជាអ្នក​ដំណើរមក​ពីរាជធានីភ្នំពេញ។

គួរជម្រាបជូនថា ក្រោយ​ប្រឈមនឹង​ការ​ផ្ទុះឡើងនូវ​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូត​មាន​ការ​ឆ្លងរាលដាល​ខ្លាំងដល់​កម្មកររោងចក្រ រដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ប្រើ​វិធានាការ​បិទខ្ទប់​នៅរាជធានីភ្នំពេញ​ និងក្រុង​តាខ្មៅនៃខេត្តកណ្តាល ដោយកម្រិត​តឹងរ៉ឹងបំផុតចំពោះការ​ធ្វើចរាចរណ៍ ហើយ​តម្រូវឲ្យ​ប្រជាជនទាំងអស់​ត្រូវនៅតែក្នុងផ្ទះ។

ក្រោយ​ការ​បិទខ្ទប់​រួចមួយសប្តាហ៍ រដ្ឋាភិបាល ក៏សម្រេចផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្រួម​ពីការបិទខ្ទប់​តំបន់ដែលមាន​វិសាលភាពធំទូលាយ ទៅជាការបិទខ្ទប់​តាម​តំបន់​តូចៗ ដែលមាន​ហានិភ័យ​នៃការ​ឆ្លងកូវីដ១៩ តាមរយៈការ​កំណត់ពណ៌ ៣ គឺពណ៌លឿង លឿងទុំ និងពណ៌ក្រហម។ ការកំណត់​ពណ៌តាម​តំបន់​ក្នុងរយៈពេលជាង ៣សប្តាហ៍មកនេះ និងត្រូវបន្តធ្វើដល់​ថ្ងៃទី ១៩ខែឧសភាទៀតនេះ បានធ្វើឲ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ និងខេត្តកណ្តាល អះអាងថា តួលេខអ្នក​ឆ្លងកូវីដ១៩ មានការ​ថយ​ចុះ។​ អាជ្ញាធររាជធានីភ្នំពេញ ធ្លាប់​ថ្លែងដែរថា វិធានាការ​កំណត់ពណ៌នេះ បាន​ជួយ​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ច្រើន​ពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសគឺលំហូរឆ្លងខ្លាំងទៅដល់​តាមបណ្តាខេត្ត។

គួរ​កត់សម្គាល់​ថា តាំងពីមានការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក អាជ្ញាធរ​តាម​បណ្តាខេត្តនានា ត្រូវបាន​ប្រមុខរដ្ឋាភិបាល ផ្តល់សិទ្ធិ​ឲ្យ​សម្រេចវិធានាការ​ទប់ស្កាត់ការរាតត្បាតកូវីដ១៩រៀងៗខ្លួន។ ខេត្ត​ជាច្រើន បានអនុវត្តវិធានការ ដូចជាបម្រាមគោចរ ​ត្រួតពិនិត្យអ្នក​ដំណើរ និងតម្រូវឲ្យ​យក​សំណាក និងធ្វើចត្តាឡីស័ក ព្រម​ទាំងមានផ្អាក​សកម្មភាពអាជីវកម្មដែលពាក់ព័ន្ធនឹងការ​ឆ្លងរាលដាលកូវីដ១៩ដែរ។ តែបណ្តាខេត្តនានា មិន​ទាន់បានកំណត់ពណ៌តំបន់​ដូចរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI