កម្ពុជា-នយោបាយ

បក្សកែទម្រង់កម្ពុជាបានចាត់តាំងអ្នកនយោបាយ៧រូបភាគច្រើនមកពីអតីតបក្សប្រឆាំងធ្វើជាថ្នាក់ដឹកនាំបណ្តោះអាសន្ន

ឡូហ្គូសម្គាល់គណបក្សកែទម្រង់កម្ពុជា
ឡូហ្គូសម្គាល់គណបក្សកែទម្រង់កម្ពុជា © Internet

គណបក្ស​កែទម្រង់​កម្ពុជា​ដែលជា​គណបក្សនយោបាយ​ទើបបង្កើតថ្មី​ មិនទាន់មាន​ថ្នាក់ដឹកនាំ​ពិតប្រាកដ​នៅឡើយទេ ​បន្ទាប់ពីចុះ​បញ្ជីនៅក្រសួង​មហាផ្ទៃជិត២​ខែមកនេះ។​ ប៉ុន្តែ​ គណបក្សនេះ​បានរៀបចំ​គណៈកម្មការ​ដឹកនាំ​បណ្តោះអាសន្ន​មួយដែលមានអ្នកនយោបាយ​៧រូបដោយភាគច្រើន​មកអតីតគណបក្ស​សង្រ្គោះជាតិ​។​ គណបក្ស​កែទម្រង់​កម្ពុជា​នឹងបញ្ជូន​បញ្ជីឈ្មោះគណៈកម្មការនេះ​មកកាន់​ក្រសួងមហាផ្ទៃ​ ដើម្បីពិនិត្យ​ និងទទួលស្គាល់​ជាផ្លូវការ​នៅសប្តាហ៍ក្រោយ​។

ផ្សាយពាណិជ្ជកម្ម

លោកអ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាមិនព្រមបង្ហាញឱ្យដឹងពីសមាសភាពគណៈកម្មការដឹកនាំបណ្តោះអាសន្ននេះទេ តែលោកគ្រាន់តែបញ្ជាក់ថា ពួកគេភាគច្រើន គឺជាមន្រ្តីអតីតគណបក្សសង្រ្គោះជាតិក្រៅប្រទេស។ បើតាមលោកអ៊ូ ច័ន្ទរ័ត្ន គណៈកម្មការដឹកនាំនេះ គឺរៀបចំឡើងតាមតម្រូវការចាំបាច់ជាក់ស្តែង ដើម្បីដំណើរការការងារបក្សប៉ុណ្ណោះ ខណៈថ្នាក់ដឹកនាំពិតប្រាកដកំពុងជ្រើសរើសរហូតដល់សមាជលើកដំបូងរបស់គណបក្សដែលគ្រោងនឹងធ្វើឡើងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

ក៏ប៉ុន្តែ លោកប៉ុល ហំម ដែលជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិត្រូវបានគេដាក់ការសង្ស័យថា នឹងត្រូវជ្រើសរើសធ្វើជាប្រធានគណបក្សកែទម្រង់កម្ពុជា។ ចំពោះបញ្ហានេះ លោកអ៊ូ ច័ន្ទរ័ត្ន មិនបដិសេធទេ តែលោកក៏មិនប្រកាសជាផ្លូវការនៅឡើយទេ​ដែរ ដោយថា ទុកឱ្យសាម៉ីខ្លួនប្រកាសដោយខ្លួនឯង។ ទោះជាបែបនេះក្តី លោកអ៊ូ ច័ន្ទរ័ត្ន បានបង្ហើបឱ្យដឹងថា បញ្ហានេះ នឹងត្រូវបើកបង្ហាញជាផ្លូវការនៅសប្តាហ៍ក្រោយនេះហើយ។ ជុំវិញរឿងនេះដែរ លោកប៉ុល ហំម មិនទាន់អាចទាក់ទងសុំការបញ្ជាក់បាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ។

សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជាត្រូវបានក្រសួងមហាផ្ទៃកម្ពុជាប្រកាសទទួលស្គាល់កាលពីអំឡុងខែមីនាកន្លងទៅ។ គណបក្សនយោបាយថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលផ្តួចផ្តើមដោយលោកអ៊ូ ច័ន្ទរ័ត្ន។ ការបង្កើតគណបក្សនយោបាយថ្មីនេះ គឺបន្ទាប់ពីពួកគេអស់សង្ឃឹមថា អតីតបក្សសង្រ្គោះ​ជាតិអាចនឹងរស់ឡើងវិញសម្រាប់ចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។ តែទោះបែបនេះក្តី លោកអ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានបញ្ជាក់ថា គណបក្សនេះ មិនប្រកួតប្រជែងជាមួយអតីតបក្សប្រឆាំង ហើយបើសិនជាអតីតបក្សសង្រ្គោះជាតិអាចរស់ឡើងវិញនោះ គឺគណបក្សកែទម្រង់កម្ពុជាផ្អាកសកម្មភាពរបស់ខ្លួនភ្លាម។

ត្បិតថា មកដល់ពេលនេះ គណបក្សកែទម្រង់កម្ពុជាមិនទាន់មានរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំពិតប្រាកដនៅឡើយ តែលោកអ៊ូ​ ច័ន្ទរ័ត្ន បន្តអះអាងថា ក្បាលដឹកនាំនៃគណបក្សអាចជាមន្រ្តីជានខ្ពស់មកពីអតីតគណបក្សសង្រ្កោះជាតិ។ សម្រាប់លោកអ៊ូ ច័ន្ទរ័ត្ន អ្នកណាដឹកនាំបក្សមិនសំខាន់ទេ សំខាន់ គឺដឹកនាំឱ្យគណបក្សមានដំណើរការទៅមុខ ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចតាមរយៈការបោះឆ្នោតនាពេលខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI