កម្ពុជា-សេដ្ឋកិច្ច

រោងចក្រកាត់ដេរប្រមាណជាពាក់កណ្តាលបានបើកដំណើរការឡើងវិញ ក្រោយខកខានដោយសារការបិទខ្ទប់ ភ្នំពេញ និងតាខ្មៅ

ទិដ្ឋភាពកម្មការនីរោងចក្រកំពុងធ្វើការក្(រូបតំណាង)
ទិដ្ឋភាពកម្មការនីរោងចក្រកំពុងធ្វើការក្(រូបតំណាង) © Internet

រោងចក្រ​កាត់ដេរ​មកទល់ពេលនេះ ​បានបើកដំណើរការ​ជាបន្តបន្ទាប់​ឡើងវិញហើយ​ ក្រោយពី​បានព្យួរការងារ​អស់មួយរយៈ​កន្លងមក​ អំឡុងពេល​ភ្នំពេញ ​និងក្រុងតាខ្មៅនៃ​ខេត្តកណ្តាល ​មានការបិទខ្ទប់​ជាទូទៅ។ ​កាលពីថ្ងៃពុធ​ រោងចក្រប្រមាណជាង១៧០ ​ដែលស្ថិតនៅក្នុងតំបន់លឿង​ ត្រូវបាន​អនុញ្ញាត​ឲ្យបើកឡើងវិញ​ ដោយត្រូវ​គោរពតាម​បទដ្ឋាន​ការងារ​បែបថ្មី ​ដែលសម្រេច​ដោយកិច្ចប្រជុំ​ក្រុមប្រឹក្សា​ការងារ​កាលពីពេលថ្មីៗនេះ​។

ផ្សាយពាណិជ្ជកម្ម

ក្រសួងការងារកម្ពុជាកាលពីថ្ងៃពុធ បានឲ្យដឹងថា មានរោងចក្រកាត់ដេរ និងផលិតស្បែកជើងសរុបចំនួន ១៧២ ដែលស្ថិតនៅក្នុងតំបន់លឿង ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយ ដោយមានកម្មករ និយោជិត ចូលបំរើការងារសរុបចំនួន ៤៦ ៦៣៣នាក់ ក្នុងនោះស្រ្តី ៣៧ ០០០នាក់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ក៏បានឲ្យដឹងដែរថារោងចក្រដែលបានព្យួរកន្លងមក នៅមិនទាន់បានបើកឡើងវិញអស់ទេ ដោយសារមួយចំនួនស្ថិតនៅក្នុងតំបន់ក្រហមនៅឡើយ។ ចំពោះរោងចក្រ ដែលបានបើកឡើងវិញ ក៏ដំណើរការត្រឹម៥០% នៃកម្លាំងពលកម្មសរុបដែរ ដោយត្រូវអនុវត្តអោយបានត្រឹមត្រូវតាមវិធានសុខាភិបាល។ នេះបើតាម លោក ម៉ូនីកា។

ជាការកត់សម្គាល់ ការបើកឲ្យដំណើរការឡើងវិញនៃរោងចក្រកាត់ដេរនៅពេលនេះ ធ្វើឡើងបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមកម្មករ មានការថមថយពីមួយថ្ងៃទីមួយថ្ងៃ។ អាជ្ញាធររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បានចាត់វិធានការជាជំហ៊ានៗ ធ្វើការបិទខ្ទប់តំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ហើយដំណាក់កាលចុងក្រោយនេះ ក៏បានបង្រួមតំបន់ប្រឈម ដែលសំបូរទៅដោយកម្មករ ឲ្យមកនៅតូច និងបើកទូលាយតំបន់លឿងឲ្យកាន់តែធំ។

តាមរយៈចំណាត់ការនេះ រោងចក្រ និងកម្មករ ដែលស្ថិតនៅក្នុងតំបន់លឿងអាចមានលទ្ធភាពបើកដំណើរការឡើងវិញ ក៏ប៉ុន្តែត្រូវគោរពតាមការសម្រេចនៃកិច្ចប្រជុំក្រុមប្រឹក្សាការងារ កាលពីថ្ងៃទី០៤ ខែឧសភា ដោយកំណត់បែងចែកកម្មករ និយោជិត៥០% នៃចំនួនកម្មករនិយោជិតសរុប ធ្វើការឆ្លាស់វេនគ្នារាល់២សប្តាហ៍ម្តង និងទទួលបានប្រាក់ឈ្នួលតែ៥០%ប៉ុណ្ណោះ នៃប្រាក់ឈ្នួលអប្បបរមារបស់ពួកគេ។

សូមរំលឹកថា កាលពីពាក់កណ្តាលខែមេសា កន្លងទៅនេះ រោងចក្រកាត់ដេរទាំងអស់នៅភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានផ្អាកដំណើរការ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងចំណោមកម្មក។ តាម GMAC រោងចក្រច្រើនជាង ៣៦០ រួមមានកម្មករជាង៣០ម៉ឺននាក់ ត្រូវបានផ្អាកការងារក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI