កម្ពុជា-សង្គម

បទល្មើសគ្រឿងញៀន៖ សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៣នាក់ និងរឹបអូសបានគ្រឿងញៀន៧៦គីឡូក្រាម

គ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាន
គ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាន © FB

មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹងថា ​សមត្ថកិច្ច​បាន​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ចំនួន​២ករណី​ផ្សេងគ្នា​នៅ​ក្នុង​រាជធានីភ្នំពេញ​។ បើ​តាម​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​មាន​មួយ​ករណី​ចាប់​ខ្លួន​បុរសម្នាក់​ជា​ជនជាតិ​ចិន​ និង​រឹបអូស​គ្រឿងញៀន​ចំនួន​៧​គីឡូក្រាម​ និង​មួយ​ករណី​ទៀត​ចាប់​ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ដូចគ្នា​ចំនួន​២នាក់​ និង​រឹបអូស​គ្រឿងញៀន​បាន​ចំនួន​៧០​គីឡូក្រាម​។

ផ្សាយពាណិជ្ជកម្ម

ក្នុងប្រតិបត្តិការចំនួន២ផ្សេងគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន បានអះអាងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួន ថាជាការជួញដូរឆ្លងកាត់ពីកម្ពុជាទៅកាន់វៀតណាម។ កាលពីថ្ងៃពុធទី១២ អាជ្ញាធរសម្ថកិច្ចបានឃាត់បានបុរសជាជនជាតិចិនម្នាក់ឈ្មោះ ហ្វាន យី ស្នាក់នៅផ្ទះមួយកន្លែងក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយក្នុងនោះរឹបអូសបានគ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី ជាង៩០០ក្រាម កេតាមីន៥គីឡូក្រាម និងប្រភេទមេតំហ្វេតាមីន ឬហៅថាម្សៅទឹកកកចំនួន៩៣ក្រាម។ ក្រៅពីនេះ មានសារធាតុមិនទាន់ផ្សំចំនួន១២គីឡូក្រាមផ្សេងទៀត។

ចំណែកឯករណី២ គឺការបង្រ្កាបនៅថ្ងៃទី១២ដូចគ្នា ក្នុងភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ។ ប្រតិបិត្តការនោះចាប់បានបុរសជាជនជាតិចិនចំនួន២នាក់ ដោយមានឈ្មោះថា លូ ជីក (Liu Jic) និង ចាន់ ហុង ហ្វៃ (Chan Hung Fai) ជាមួយនឹងគ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី៥២គីឡូក្រាម ហេរ៉ូអ៊ីន១៧គីឡូក្រាម និងមេតំហ្វេតាមីនចំនួន១១ក្រាម។

លោកឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្លាប់គូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីខែមករាថា នៅអំឡុងពេលកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ការចរាចរណ៍គ្រឿងញឿននៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមលោក មាស វិរិទ្ធ ការចរាចរណ៍គ្រឿងញៀនយ៉ាងសកម្មនេះ ដោយសារតែការផលិតមានភាពរហ័សជាងមុន និងការលក់ក្នុងតម្លៃថោក ជាហេតុនាំឲ្យបុគ្គលមួយចំនួនធំមានលទ្ធភាពក្នុងការទិញមកប្រើប្រាស់។

គួរជម្រាបជូនថា កាលពីឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសសរុប​ចំនួនជា​ង​៩​ពាន់​ករណី​ ​និង​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ចំនួនជា​ង​៣​ពាន់​គីឡូក្រាម​ ​រួម​នឹង​កញ្ឆា​ ​ជិត​៣​០​០​គីឡូក្រាម។ នេះបើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន។ លោកបានបញ្ជាក់ទៀតថា រយៈពេល១១ខែគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ សមត្ថកិច្ចបាន​ចាប់ខ្លួន​ជន​ល្មើស​ជួញ​ដូរ​គ្រឿងញៀន​ចំនួន​ ​ជាង​១​៩​០​០​០​នាក់​ ​ក្នុង​នោះ​បរទេស​៣​១​៨​នាក់​ហើយគ្រឿងញៀន​ទាំងអស់​នោះ​ ​ភាគច្រើន​មកពី​តំបន់ត្រីកោណមាស​ ​កាត់តាម​២​ច្រក​គឺ​ផ្លូវគោក​ ​និង​ទន្លេ​ ​ដែល​ជា​ភូមិសាស្ត្រ​ស្មុគស្មាញ​ ​និង​ពិបាក​គ្រប់គ្រង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI