កម្ពុជា-នយោបាយ

លោក ហ៊ុន សែន៖ការបោះឆ្នោតឃុំ-សង្កាត់ពេលខាងមុខគឺជាគោលដៅប៉ងវាយប្រហាររបស់ក្រុមប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន © FB/SPMPage

ប្រមុខ​រដ្ឋាភិបាលកម្ពុជា ហ៊ុន សែន បានលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ​គឺ​ជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមប្រឆាំង។ លោក​បញ្ជាឲ្យកម្លាំងនគរបាលជាតិ ត្រូវបន្តពង្រឹងស្មារតីរក្សាឲ្យបាននូវស្ថិរភាព និងបង្ក្រាបឲ្យទាន់ពេលវេលារាល់សកម្មភាពរបស់ក្រុមនេះ។ ប៉ុន្តែ​សម្រាប់​អ្នក​នយោបាយ​របស់​អតីត​បក្សប្រឆាំង​ សារ​របស់​លោក ហ៊ុន សែន បង្ហាញថា​ ការ​រំលាយ​បក្សប្រឆាំងគឺជាកំហុសដ៏ធំមួយ ហើយថា​ សំឡេង​របស់​បក្សប្រឆាំងនៅតែមានឥទ្ធិល​។

ផ្សាយពាណិជ្ជកម្ម

បទបញ្ជារបស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​នគរបាល​ជាតិ​បន្ត​ពង្រឹង​ស្មារតី​ ទប់​ស្កាត់ និង​បង្ក្រាប​ក្រុម​ប្រឆាំង ដែល​លោកហៅថាជា«ក្រុម​ឧទ្ទាមក្បត់ជាតិ» គឺតាម​រយៈ​សារលិខិត ​អបអរខួប​លើកទី៧៦ឆ្នាំ នៃថ្ងៃកំណើតនគរបាលជាតិថ្ងៃទី១៦ ខែឧសភា។

បើតាម​ប្រមុខ​រដ្ឋាភិបាល ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមប្រឆាំង ដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍ន​យោបាយដ៏សំខាន់មួយនេះ។ ដូច្នេះលោក​បញ្ជាឲ្យកម្លាំងនគរបាលជាតិ ត្រូវបន្តពង្រឹងស្មារតី រក្សាឲ្យបាននូវស្ថិរភាព និងបង្ក្រាបឲ្យទាន់ពេលវេលា រាល់សកម្មភាពរបស់ក្រុមនេះ ខណៈលោកព្រមានថាស្ថានការណ៍នៅពេលខាងមុខ ទោះបីតិច ឬច្រើន ផ្ទាល់ឬប្រយោលក្តី គឺសុទ្ធតែមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដ។

ប៉ុន្តែ​សម្រាប់​អ្នក​នយោបាយ​របស់​អតីត​បក្សប្រឆាំង​ សារ​របស់ ​លោក ហ៊ុន សែន ដែល​បញ្ជាឲ្យ​នគរបាល​ត្រៀម​បង្ក្រាប​ក្រុម​ប្រឆាំងបង្ហាញថា​ ការ​រំលាយ​បក្សសង្គ្រោះជាតិ គឺជាកំហុសដ៏ធំមួយ ហើយថា​សំឡេង​របស់​បក្សប្រឆាំងនៅតែមានឥទ្ធិលទាំងលើពលរដ្ឋខ្មែរ និង​លើឆាកអន្តរជាតិ​។ នេះបើតាម​ លោក មាជ សុវណ្ណរ៉ា។

អតីតមន្ត្រីជាន់ខ្ពស់​បក្សប្រឆាំងរូបនេះ ​ដែលកំពុងនៅក្រៅប្រទេស​ បាន​លើក​ឡើង​ថា សារ ​របស់​លោក កឹម សុខា និងជាគោលនយោបាយរបស់បក្សសង្គ្រោះជាតិ ​គឺមិនយក​ខ្មែរណាជាសត្រូវនោះឡើយ។ លោក​ឆ្ងល់ថា សារ ​របស់​លោក ហ៊ុន សែន ពេលនេះ អាចជាចេតនា​មួយ​ក្នុង​ការពន្យាពេល​បោះឆ្នោត ​ឬជាចេតនា​ចង់​ឲ្យ​មានបក្សប្រឆាំងចូលរួមការបោះឆ្នោត ខណៈ​ដែល​គណបក្សនយោបាយ​ជាច្រើន​ទៀត ​ដែល​ចូល​រួម​ការ​បោះឆ្នោត​កន្លងមកមិនទទួលអាសនៈទាល់តែសោះនៅក្នុង​រដ្ឋសភា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI