កម្ពុជា-វ៉ាក់សាំងកូវីដ១៩

អាជ្ញាធរបន្តចាក់វ៉ាក់សាំងដូសទី២ដល់ពលរដ្ឋតំបន់ក្រហមបន្ទាប់ពីពលរដ្ឋ៦៨ម៉ឺននាក់បានចាក់ដូសទី១

ក្រុមគ្រូពេទ្យយោធា ចូលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម
ក្រុមគ្រូពេទ្យយោធា ចូលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម AP - Heng Sinith

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​៦៨​ម៉ឺន​នាក់​រស់​នៅ​តំបន់​ក្រហម​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំនួន​៦​ក្នុង​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ដូស​ទី​១​សម្រាប់​យុទ្ធនាការ​១៥​ថ្ងៃ​មក​នេះ​។ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​១​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥​ឧសភា​ម្សិលមិញ​រួច​មក​ ដំណើរការ​ចាក់​វ៉ាក់សាំង​ដូស​ទី​២ ​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៦​ឧសភា​នេះ​ ជាមួយ​នឹង​វិធានការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់​ដើម្បី​បញ្ជៀស​ភាព​កកកុញ​។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃដំបូងនៃដំណើរការចាក់វ៉ាក់សាំងដូសទី២ នៅតំបន់ក្រហមប្រព្រឹត្តទៅ យ៉ាងមានរបៀបរៀបរយតាមរយៈការរក្សាគម្លាតសុវត្ថិភាពដោយម្នាក់ៗសុទ្ធតែពាក់ម៉ាស កាន់អាកុល និងឯកសារចាក់វ៉ាក់សាំងលើកទី១មកជាមួយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ឧសភានេះពីទីកន្លែងចាក់វ៉ាក់សាំង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានរម្លឹកប្រជាពល​រដ្ឋ​ដែលមកចាក់វ៉ាក់សាំងដូសទី២ ត្រូវភ្ជាប់មកជាមួយឯកសារចាក់វ៉ាក់សាំងដូសទី១ជាចាំបាច់ ដើម្បីផ្ទៀងផ្ទាត់ភាពច្បាស់លាស់ពីទីកន្លែងចាក់ និងពេលវេលា ក្នុងគោលបំណងបញ្ចៀសភាពកកកុញ និងផលប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២ឡើយ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​​​ឯកសារចាក់វ៉ាក់សាំងទាំងពីរដូសមានសារៈសំខាន់សម្រាប់ពល​រដ្ឋ​ត្រូវប្រើប្រាស់នៅថ្ងៃអនាគត ដូច្នេះត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត។

សូមជម្រាបជូនថា រដ្ឋាភិបាលបានកំណត់រយៈពេល១ខែសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងទាំង២ដូសដល់ពលរដ្ឋ តំបន់ក្រហមនៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងផ្នែកខ្លះនៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្ស៊ីកែវ និងខណ្ឌទួលគោក។ សម្រាប់ក្របខណ្ឌទូទាំងប្រទេសដំណើរការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៥ឧសភា គឺមានពលរដ្ឋជាង២លាន១សែននាក់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងដែលស្មើជាង២០ភាគរយនៃផែនការរបស់រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគោលដៅឲ្យបាន១០លាននាក់។  អ្នកជំនាញផ្នែកសុខភាពសាធារណៈមើលឃើញថា ល្បឿនចាក់វ៉ាក់សាំងនឹងរួមចំណែកកាត់បន្ថយអត្រាឆ្លងកូវីដ១៩។  

ស្របពេលល្បឿននៃការចាក់វ៉ាក់សាំងកំពុងបោះពួយ វ៉ាក់សាំងក៏បានមកដល់កម្ពុជាជាបន្តបន្ទាប់ដែរ។ ជាក់ស្ដែងវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី ១៦ខែឧសភានេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសនេះ គឺជាវ៉ាក់សាំងទី ៤ ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីចិន។ បើតាមផែនការ រដ្ឋាភិបាលកម្ពុជា គ្រោងទិញវ៉ាក់សាំង ចាក់ដល់ពលរដ្ឋឲ្យបានជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI