កម្ពុជា-កូវិដ១៩

អភិបាលខេត្តប៉ៃលិនកោះហៅគ្រូពេទ្យម្នាក់ទៅសម្របសម្រួលបន្ទាប់ពីបណ្តេញចេញពីក្របខណ្ឌរដ្ឋ

លោក ខឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន
លោក ខឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន © សហការី

នៅទីបំផុត​ អភិបាល​ខេត្ត​ប៉ៃលិន ​បាន​ចេញ​លិខិត​អញ្ជើញ​លោក​គ្រូពេទ្យ​ម្នាក់ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ​រដ្ឋនោះ ទៅធ្វើ​ការ​សម្របសម្រួល​ឡើងវិញ នៅ​ថ្ងៃ​អង្គារស្អែក​នេះ។ នេះបើតាម​លិខិត​​កោះ​អញ្ជើញ​ដែល​ ផ្សព្វផ្សាយ​ដោយ​ហ្វេសប៊ុករបស់​ភរិយា លោក ​ខឹម មុនីកុសល។​ ការកោះហៅគ្រូពេទ្យរូបនេះ​ ទៅសម្របសម្រួល​ ​ធ្វើ​ឡើង​ក្រោយពី​ក្រសួង​មុខ​ងារសាធារណៈ​បាន​បង្វិល​សំណុំរឿងនេះ​ទៅឲ្យសាលា​ខេត្ត​ប៉ៃ​លិនជាអ្នក​ដោះស្រាយ។

ផ្សាយពាណិជ្ជកម្ម

ការ​ដែល ​លោកស្រី បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន​ ព្រម​ហៅ ​លោក ខឹម មុនីកុសល ទៅ​ធ្វើ​ការ​សម្រប​សម្រួល​ឡើងវិញ​ក្រោយ​ពីបណ្តេញគ្រូពេទ្យ​រូបនេះ​ចេញពី​ក្រប​ខណ្ឌរដ្ឋ ដោយសារតែ​មាន​ប្រតិ​កម្ម​​ច្រើនពីអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក និង​ចាត់​ទុក​ការ​បណ្តេញ​គ្រូពេទ្យ​ចេញពីក្រប​ខណ្ឌ ​ក្នុងគ្រាកូវីដ-១៩​នោះ ​គឺជារឿងអយុត្តិធម៌។ នេះបើជាការ​កត់​សំគាល់​របស់ អ្នកស្រី យ៉ា គឹមឡេង ភរិយា លោក ខឹម មុនីកុសល​។

សូមរំឭកថា លោក ខឹម មុនីកុសល គឺជា​មន្ត្រី​ការិយាល័យ​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺ​នៃ​មន្ទីរ​សុខាភិបាល​​ខេត្ត​ប៉ៃលិន​​ ត្រូវបានអភិបាលខេត្តនេះ បណ្តេញចេញពីក្របខណ្ឌ កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២១ ​។ ចំណាត់ការនេះ គឺក្រោយពីគ្រូពេទ្យនេះ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា​ មន្ត្រី​​​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡឺស័ក​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន​ ​មិន​ជួយ​ធ្វើការងារ​គ្រូពេទ្យ​ខ្លះនោះ​ទេ​ ​ប៉ុន្តែ​នាំគ្នា​អង្គុយ​លេង​ ​Face​book​ ​ក្នុង​តង់​ ​និង​ថតរូប​បង្អួត​គេ​ឯង​ទៅវិញ​។ សំណេរបែបនេះ ត្រូវបានលោកស្រី បាន ស្រីមុំ ចោទ​​ប្រកាន់​​គ្រូពេទ្យ​រូប​នេះ​ថាបាន​ «​ប្រព្រឹត្ត​កំហុស​ ​និង​​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​»​ ហើយ​ត្រូវ​បណ្តេញ​ចេញ​ពី​ក្រប​​ខណ្ឌ​រដ្ឋតែម្តង។

ដោយ​មិនសុខ​ចិត្ត​នឹង​ការបណ្តេញចេញថាជាភាពអយុត្តិធម៌ នៅ​ថ្ងៃទី២៤ ខែមីនា លោក ខឹម មុនីកុសល បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹងតវ៉ាមកកាន់ក្រសួងមុខងារសាធារណៈ។ លោក ព្រុំ សុខា កាលពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២១ បានចេញលិខិតមួយ ដោយ​​សម្រេចបង្វែរបណ្តឹងតវ៉ារបស់គ្រូពេទ្យរូបនោះ ទៅរដ្ឋ​បាលខេត្តប៉ៃលិនដោះស្រាយឡើងវិញ តាមរយៈការបង្កើតគណៈកម្មាធិការសម្រុះសម្រួលទំនាស់​។

យ៉ាងណាក៏ដោយ គេរង់ចាំមើល​ពីលទ្ធផលនៅបន្ទាប់ពីការ​សម្របសម្រួលនៅថ្ងៃទី១៨​ឧសភា ខណៈ លោក ខឹម មុនីកុសល ​បាន​ត្រៀម​ខ្លួន​ចូល​សម្រុះ​សម្រួល​ហើយ និង​សង្ឃឹមថា លទ្ធផល​នឹងអាច​ទទួល​យកបាន​ទាំង​អស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI