កម្ពុជា-ច្បាប់

លោក ប៊ុន ហ៊ុន៖ ការរៀបចំបទដ្ឋានគតិយុត្តមួយសម្រាប់គ្រប់គ្រងឧកញ៉ា គឺដើម្បីឲ្យឧកញ៉ាមានតម្លៃ

លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង
លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង © អគ្គលេខាធិការក្រសួងមហាផ្ទៃ

រដ្ឋាភិបាល​កម្ពុជា​កាលពីខែមេសា ​ឆ្នាំ២០២១​ កន្លងទៅនេះ ​បានបង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ​ដើម្បីសិក្សា​ រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ សម្រាប់ការ​គ្រប់គ្រង​ឧកញ៉ា ​ការផ្តល់គោរមងារ​ឧកញ៉ា ​និងការដក​ហូតគោរមងារ​ឧកញ៉ា។​ ក្រុមការងារនេះ​ មានភារកិច្ច​សិក្សាស្រាវជ្រាវ​ ផ្តួចផ្តើម​ក្នុងការបង្កើត​លិខិតបទដ្ឋាន​គតិយុត្តនានា ​សិក្សាស្រាវជ្រាវច្បាប់​ ដើម្បី​ជាធាតុចូល​ សិក្សាអំពីសិទ្ធិ​ និងកាតព្វកិច្ច​របស់ឧកញ៉ា​ក្នុងការចូលរួម​កិច្ចការសង្គម​ រៀបចំបែបបទ ​និងនីតិវិធី​នៃការគ្រប់គ្រង​ឧកញ៉ា​ក៏ដូចជាការស្នើសុំផ្តល់​គោរមងារ​ឧកញ៉ា ​អ្នកឧកញ៉ា​ និងការដកហូត​គោរមងារ​ឧកញ៉ាជាដើម​។ ​លោក​ ប៊ុន ហ៊ុន ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​និងជាប្រធាន​ក្រុមការងារ​អន្តរក្រសួង​ ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃនេះថា​ លោកកំពុងតែ​ធ្វើការស្នើសុំទៅស្ថាប័ន​នានា ​ដែលស្ថិតនៅក្នុង​ក្រុមការងារនេះ​ បញ្ជូន​តំណាងរបស់ខ្លួន​ រៀងៗខ្លួន​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​លើកដំបូង​នៅពេលខាងមុខ​។​ លើសពីនេះ ​លោក​ ប៊ុន ហ៊ុន​ បញ្ជាក់ថា ​កិច្ចការនេះ​សំខាន់ណាស់ ​ដើម្បីជាការជួយ​លើកតម្លៃ​ឧកញ៉ា​នៅក្នុងសង្គមខ្មែរ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់លោក ប៊ុន ហ៊ុន៖

សូមរំលឹកថា ប្រទេសកម្ពុជានៅក្នុងដំណាក់កាលថ្មីៗនេះ មិនបានបញ្ចេញចំនួនឧកញ៉ាជាក់លាក់ណាមួយទេ ក៏ប៉ុន្តែកាលពីជិត១០ឆ្នាំមុន ចំនួនឧកញ៉ាមានប្រហែល៧០០នាក់។ ជាការកត់សម្គាល់ បុគ្គលមួយចំនួន ដែលមានគោរមងារឧកញ៉ា តែងបានប្រព្រឹត្តអំពើមិនគប្បីជារឿយៗនៅក្នុងសង្គម ដែលទង្វើមិនល្អរបស់ពួកគេ បានធ្វើឲ្យប៉ះពាល់ដល់ឧកញ៉ាផ្សេងៗទៀត ដែលត្រឹមត្រូវ និងជាការធ្វើឲ្យប៉ះពាល់ដល់គោរមងារដ៏ពិសិដ្ឋនេះផងដែរ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ ក៏បានសម្រេចឲ្យមន្ត្រី ធ្វើការជ្រើសរើសដែរ ដោយត្រូវជ្រើសរើសយកមួយ ក្នុងចំណោមមុខងារកងកម្លាំង និងគោរមងារឧកញ៉ា  ដើម្បី​ចៀសវាងទំនាស់​ផល​ប្រយោជន៍​ក្នុង​ការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI