កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

គម្រោងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយឥណ្ឌាត្រូវពន្យារពេលដោយសារកូវីដ-១៩

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ © Ministry of Commerce

គម្រោងសិក្សាលទ្ធភាពជាក់ស្តែងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា ត្រូវបានពន្យារពេលដោយសារការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ការពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំតាមប្រព័ន្ធអនឡាញមួយរវាងលោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា លោកស្រីបណ្ឌិត Devyani Khobragade កាលពីថ្ងៃព្រហស្បតិ៏ទី១៣។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឲ្យដឹងថា គម្រោងសិក្សាការវាយតម្លៃលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា រួមមានកិច្ចប្រជុំពិគ្រោះយោបល់ ការធ្វើសិក្ខាសាលា និងការពិភាក្សាលើសេចក្តីព្រាងលិខិតបទដ្ឋានផ្សេងៗ ត្រូវបានពន្យារពេលដោយសារការរាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសទាំងពីរ។ បើតាមលោកប៉ែន សុវិជាតិ គម្រោងសិក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ត្រូវអនុវត្តដោយវិទ្យាស្ថានឯករាជ្យមួយ សហការជាមួយរដ្ឋាភិបាលកម្ពុជា ហើយគម្រោងសិក្សានេះនឹងបន្តឡើងវិញ នៅបន្ទាប់ពីប្រទេសទាំងសងខាងមានការស្រកចុះនៃការឆ្លងជំងឺកូវីដ-១៩។

ការសិក្សាគម្រោងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ ត្រូវធ្វើឡើងជាជំហានៗ និងគិតគូរឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដល់ការបង្កើតការចរចាកិច្ចព្រមព្រៀងសេរីទ្វេភាគី។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកប៉ែន សុវិជាតិ។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌាសម្រេចបានក្នុងរង្វង់ទឹកប្រាក់១៩០លានដុល្លារអាមេរិក។ ទំហំនេះមានការធ្លាក់ចុះប្រមាណ៥%បើប្រៀបទៅនឹងទំហំពាណិជ្ជកម្មដែលសម្រេចបានកាលពីឆ្នាំ២០១៩។ ក្នុងនោះការនាំចេញពីកម្ពុជា មានតម្លៃប្រមាណ៦១លានដុល្លារ និងការនាំចូលពីឥណ្ឌា មានតម្លៃប្រមាណ១២៨លានដុល្លារ។ ភាគច្រើននៃទំនិញកម្ពុជានាំចេញទៅទីផ្សារឥណ្ឌាជាផលិតផលកសិកម្ម និងនាំចូលពីឥណ្ឌាមកវិញ ជាផលិតផលបម្រើការក្នុងវិស័យវេជ្ជសាស្រ្ត។ ហើយការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ ជាការបើកឱកាសឲ្យកម្ពុជាពង្រីកទីផ្សារនាំចេញរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទីផ្សារចិន។ នេះបើតាមលោក ប៉ែន សុវិជាតិដដែរ។

ក្រៅពីការសិក្សាគម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយឥណ្ឌានេះ ក្រសួងពាណិជ្ជកម្មក៏បាននិងជម្រុញបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសក្នុងតំបន់និងអឺរ៉ុប មានដូចជា ជប៉ុន សម្ព័ន្ធប្រទេសក្នុងតំបន់អឺរ៉ាស៊ានដែលមានរុស្ស៊ីជាអ្នកដឹកនាំ និងចក្រភពអង់គ្លេសជាដើម។ មកដល់ត្រឹមខែឧសភាឆ្នាំ២០២១ កម្ពុជាសម្រេចបានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចំនួន២ មានសាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងត្បូង ដែលគ្រោងនឹងចុះហត្ថលេខាចូលជាផ្លូវការនៅអំឡុងខែមិថុនាខាងមុខនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI