កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជា-ចិន បានប្រកាសប្តេជ្ញាកៀកស្មាកសាងសហគមន៍វាសនារួមជាមួយគ្នា

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិនក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិនក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង © សហការី

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​និងរដ្ឋមន្រ្តី​ការបរទេសចិន​បានជួបពិភាក្សាគ្នា​ដាច់ដោយឡែក​មួយនៅក្រៅកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​ពិសេស​ អាស៊ាន-ចិន​ និងកិច្ចប្រជុំ​រដ្ឋមន្រ្តីការ​បរទេស​នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ កា​លពីថ្ងៃទី០៨ ​ខែមិថុនា​នៅក្នុងប្រទេសចិន​។ ប្រ​មុខការទូត​ទាំងពីរ​សុទ្ធតែ​បង្ហាញពី​គោលជំហរ​រួមពង្រីក​ និងពង្រឹង​បន្ថែ​មលើទំនាក់ទំនង​ចាក់ទឹកមិនលិច​រវាងកម្ពុជា-ចិន​ និងបានប្តេជ្ញា​ធ្វើការជាមួយគ្នា​កាន់តែស៊ីជម្រៅ​បន្ថែមទៀត​ ដើម្បី​ឈានទៅកសាង​សហគមន៍​វាសនា​រួមគ្នាកម្ពុជា-ចិន​។

ផ្សាយពាណិជ្ជកម្ម

លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងលោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដែកថែបរវាងប្រទេសទាំង២។ លើសពីនេះទៅទៀត ប្រមុខការទូតទាំងពីរក៏បានប្រកាសពីការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ នេះបើតាមការបង្ហាញឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃអង្គារ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីភ្លាម។

តាមរយៈទំនាក់ទំនងចាក់ទឹកមិនលិចនេះ រដ្ឋមន្រ្តីការបរទេសចិនបានសន្យានៅមុខរដ្ឋមន្រ្តីការបរទេសកម្ពុជាថា ចិននឹងនាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត ជាពិសេស គឺផលិតផលអង្ករ និងស្វាយ។ ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូសបន្ថែមទៀតមកឱ្យកម្ពុជា។ រីឯ វ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញចំនួន៤,៥លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅក្នុងខែមិថុនានេះ។ ចំណែក ទាក់ទងផ្នែកពាណិជ្ជកម្មវិញ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន បានសម្រេចឯកភាពគ្នាពន្លឿននិតីវិធីផ្ទៃក្នុងសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ។

បន្ថែមពីលើបញ្ហានេះ និងជាការកត់សម្គាល់ លោកវ៉ាង យី និងលោកប្រាក់ សុខុន បានបង្ហាញនូវកាយវិការនៃទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍ គឺការប្រទាក់ដៃបង្ហាញពីមិត្តភាពដ៏រឹងមាំយូរអង្វែងរវាងគ្នា និងគ្នា។ ជាការកត់សម្គាល់មួយទៀតដែរ គឺជំនួបទ្វេភាគីរវាងមន្រ្តីជាន់ខ្ពស់ផ្នែកការទូតកម្ពុជា និងចិននេះ ធ្វើឡើង បន្ទាប់ពីអនុរដ្ឋមមន្រ្តីការបរទេសអាមេរិកបានមកជួបជាមួយប្រមុខដឹកនាំកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងបន្ថែមកាលពីដើមខែនេះ។

ប៉ុន្តែ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកនៅតែបានបង្ហាញពីការព្រួយបារម្ភរបស់អាមេរិកចំពោះភាពស្និតស្នាលខ្លាំងរវាងកម្ពុជា និងចិន ជាពិសេស ការអនុញ្ញាតឱ្យចិនមានមូលដ្ឋានទ័ពលើទឹកដីកម្ពុជាដែលកម្ពុជាតែងតែបានទាត់ចោលជារើយៗរួចមកហើយពីបញ្ហានេះ។ យ៉ាងណាក៏ដោយ ដើម្បីជម្រះភាពសង្ស័យមិនចេះចប់មិនចេះហើយនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅកំពង់ផែរាមរបស់កម្ពុជា។ ការអនុញ្ញាតនេះ គឺធ្វើឡើងតាមសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកWendy R. Sherman៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI