កម្ពុជា-សង្គម

អាជ្ញាធរក្រុងភ្នំពេញនឹងប្រើវិធានការក្តៅនៅចុងសប្តាហ៍នេះចំពោះផ្ទះលើទឹកណាដែលមិនព្រមរុះរើចេញពីផ្ទៃទន្លេ

អាជ្ញាធររាជធានីចុះត្រួតពិនិត្យពីដំណើរការរុះរើសំណង់មិនរៀបរយលើទឹក
អាជ្ញាធររាជធានីចុះត្រួតពិនិត្យពីដំណើរការរុះរើសំណង់មិនរៀបរយលើទឹក © ស្នងការរាជធានីភ្នំពេញ

ឱសានវាទ​របស់សាលា​រាជធានី​ភ្នំពេញ​ឱ្យពលរដ្ឋ​រុះរើ​ ឬចល័ត​បែចិញ្ចឹមត្រី​ផ្ទះបណ្តែតទឹក​ ផ្ទះទូក​តូចៗ ​និងសំណង់មិនរៀបរយ​លើផ្ទៃទន្លេ​ក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ ក្នុងរយៈពេល​១សប្តាហ៍​បានបញ្ចប់​ហើយកាលពីថ្ងៃទី០៩​ ខែមិថុនា​។ ប៉ុន្តែ ​សាលា​រាជធានី​ភ្នំពេញ​ បានពន្យារ​ពេលបន្ថែម​ដល់ពួកគេ​រហូតត្រឹមថ្ងៃទី១២​ ខែមិថុនា​ ។​ ជាមួយនឹងការ​ពន្យារពេល​នេះ អាជ្ញាធរ​រាជធានីភ្នំពេញ​ក៏បានបន្តចុះទៅ​ផ្សព្វផ្សាយ​អប់រំ​ពួកគេ​បន្ថែម​ពីវិធានការ​ឱ្យរុះរើចេញ​។​ យ៉ាងណាមិញ​ បើពួកគេ​មិនរុះរើ​ចេញទេ ​អាជ្ញាធរនឹង​ចាត់វិធាន​ការក្តៅតែម្តង​នៅថ្ងៃទី១២​ មិថុនា​ស្អែកនេះ​។

ផ្សាយពាណិជ្ជកម្ម

ឱសានវាទ​របស់សាលា​រាជធានី​ភ្នំពេញ​ឱ្យពលរដ្ឋ​រុះរើ​ ឬចល័ត​បែចិញ្ចឹមត្រី​ ផ្ទះបណ្តែតទឹក​ ផ្ទះទូក​តូចៗ ​និងសំណង់មិនរៀបរយ​លើផ្ទៃទន្លេ​ ក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ក្នុងរយៈពេល​១សប្តាហ៍​បានបញ្ចប់​ហើយកាលពីថ្ងៃទី០៩​ ខែមិថុនា​។ ប៉ុន្តែ ​សាលា​រាជធានី​ភ្នំពេញ​បានពន្យារ​ពេលបន្ថែម​ដល់ពួកគេ​រហូតត្រឹមថ្ងៃទី១២​ ខែមិថុនា​ ។​ ជាមួយនឹងការ​ពន្យារពេល​នេះ អាជ្ញាធរ​រាជធានីភ្នំពេញ​ក៏បានបន្តចុះទៅ​ផ្សព្វផ្សាយ​អប់រំ​ពួកគេ​បន្ថែម​ពីវិធានការ​ឱ្យរុះរើចេញ​។​ យ៉ាងណាមិញ​ បើពួកគេ​មិនរុះរើ​ចេញទេ ​អាជ្ញាធរនឹង​ចាត់វិធាន​ការក្តៅតែម្តង​នៅថ្ងៃទី១២​ មិថុនា​ស្អែកនេះ​។

គិតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តប្រើប្រាស់«វិធានការត្រជាក់» ដោយបានចុះទៅផ្សព្វផ្សាយ និងណែនាំដល់អ្នករស់នៅលើផ្ទៃទឹកឱ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដោយខ្លួនឯង មុននឹងប្រើប្រាស់«វិធានការក្តៅ»។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃសុក្រនេះថា ក្រោយពីចុះផ្សព្វផ្សាយជាបន្តបន្ទាប់ ពលរដ្ឋជាច្រើនបានសហការដោយបានរុះរើផ្ទះទឹក និងបែចិញ្ចឹមត្រីមួយចំនួនចេញ។ ប៉ុន្តែ មួយចំនួនទៀតនៅមិនទាន់ធ្វើការរុះរើនៅឡើយ។ ចំពោះបញ្ហានេះ អាជ្ញាធរនៅតែបន្តចុះទៅណែនាំដល់ថ្ងៃទី១២ ខែមិថុនា ហើយបើនៅតែមិនរុះរើចេញទៀត គឺអាជ្ញាធរនឹងចាត់វិធានការចាំបាច់តាមការបញ្ជារបស់សាលារាជធានីភ្នំពេញ។

កាលពីថ្ងៃទី០២ ខែមិថុនា សប្តាហ៍មុន សាលារាជធានីភ្នំពេញបានប្រកាសទុក១សប្តាហ៍ពេញ ដើម្បីឱ្យពលរដ្ឋរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ​​ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការធ្វើបែបនេះ គឺដើម្បីថែរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ។

ភា្លមៗ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានចេញមកប្រតិកម្មដោយបោះពាក្យថា ការឱ្យរុះរើចេញភ្លាមៗបែបនេះ គឺមិនអាចទៅរួចនោះទេ។ បន្ថែមលើនេះ ស្ថានទូតវៀតណាមក៏បានផ្ញើកំណត់ទូតមួយទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំជួបផ្ទាល់ពិភាក្សាពីបញ្ហានេះ។ ក្រៅពីស្ថានទូត គឺប្រជាពលរដ្ឋ និងសមាគមវៀតណាមក៏បានស្នើឱ្យអាជ្ញាធរកម្ពុជាជួយស្វែងរកដីគោកសម្រាប់ឱ្យពួកគេរស់នៅ និងស្នើពន្យារពេលបន្ថែមដល់ការរុះរើនេះ។

ក្រោយមក សាលារាជធានីភ្នំពេញ ក៏បានពន្យារពេលដល់ថ្ងៃទី១២ ខែមិថុនា។ សាលារាជធានីភ្នំពេញបានអះអាងថា ការពន្យារពេលនេះ គឺអាជ្ញាធរមិនចង់ធ្វើភ្លាមៗ ដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងខូចខាតសម្ភារៈផ្សេងៗរបស់ពួកគេ។

យ៉ាងណាក៏ដោយ អាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការក្តៅ បើសិនពួកគេមិនព្រមរុះរើចេញទេនោះ។ អាជ្ញាធររាជធានីភ្នំពេញថែមទាំងបានព្រមានថា នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូតខាតទ្រព្យសម្បត្តិឡើយនៅពេលអនុវត្តវិធានការក្តៅនេះ។ លើសពីនេះ បើមានករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI