កម្ពុជា-នយោបាយ

មានបេក្ខភាពតែ ២នាក់ប៉ុណ្ណោះ ដាក់ពាក្យប្រកួតប្រជែងតំណែងប្រធានគ.ជ.ប

ស្លាកសញ្ញាសម្គាល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ស្លាកសញ្ញាសម្គាល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត © Internet

មានតែបេក្ខជន​ ២រូបប៉ុណ្ណោះ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​​ប្រកួត​ប្រជែង យក​​តំណែង​ជាប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជំនួស​លោក​ ស៊ិក ប៊ុនហុក។ នេះគឺជាការ​បញ្ជាក់​ពីអ្នក​នាំពាក្យ​រដ្ឋសភា លោក​ឡេង ប៉េងឡុង​ នៅល្ងាចថ្ងៃទី ​១១ខែមិថុនានេះ ​ដែលជាថ្ងៃបិទបញ្ចប់​ការ​ទទួល​ពាក្យ​ស្នើសុំ​ឈរឈ្មោះ​ជាប្រធានគ.ជ.ប។ ​លោក ឡេង ប៉េងឡុង ឳ្យ​ដឹងដែរថា ការប្រកាស​ពី​បេក្ខជន ដែល​មាន​លក្ខណៈគ្រប់គ្រាន់ ក្នុងការ​ក្លាយជាប្រធាន​គ.ជ.ប ថ្មី នឹងសម្រេច​នៅថ្ងៃទី ១៥ខែមិថុនាសប្តាហ៍ក្រោយ។

ផ្សាយពាណិជ្ជកម្ម

លោក​ឡេង ប៉េងឡុង បាន​ប្រាប់​វិទ្យុ​នៅ​ល្ងាចថ្ងៃទី ១១ខែមិថុនានេះថា ជាលទ្ធផល​ពេល​បិទ​ការ​ទទួល​ពាក្យ គឺរដ្ឋសភា អាចទទួលបាន​បេក្ខភាពត្រឹម ២រូបប៉ុណ្ណោះ ដែលបាន​ដាក់​ពាក្យ​ស្នើសុំ​ឈរឈ្មោះជាប្រធានគ.ជ.ប ដើម្បីជំនួស​លោក ស៊ិក ប៊ុនហុក។ យ៉ាងណាមិញ លោក​ឡេង ប៉េងឡុង សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ស្ថាប័ន​របស់​បេក្ខជន​ទាំង ២នាក់នេះទេ ដោយ​គ្រាន់បញ្ជាក់ថា គឺជាសាធារណជន។

តាម​លោក ​ឡេង ប៉េងឡុង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹង​ប្រជុំ​សម្រេច នៅថ្ងៃទី ១៥ខែមិថុនា​សប្តាហ៍ក្រោយ ​ថា​តើ​បេក្ខជន​ទាំង ២រូបនេះ មាន​លក្ខណៈគ្រប់គ្រាន់​ ឬ អត់ មុន​នឹង​បញ្ចូន​ទៅឳ្យគណបក្ស​ប្រជាជន​កម្ពុជា ជាអ្នក​សម្រេចជ្រើសរើស​យក​តែមួយ។

ជាការកត់សម្គាល់ នៅពេល​ដែលរដ្ឋសភា កំពុងដំណើរការ​​និតិវិធី​ជ្រើសរើស​ប្រធានគ.ជ.ប ដើម្បីជំនួស​តំណែង​លោក​ស៊ិក ប៊ុនហុក ដែល​បានដាក់​ពាក្យ​ស្នើសុំ​លាឈប់ កាលពីសប្តាហ៍មុន ដោយ​សារ​បញ្ហា​សុខភាព​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី ១១ខែមិថុនានេះដែរ ស្នើសុំរដ្ឋសភា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ពីការជ្រើសរើស​សមាសភាព គ.ជ.ប ដើម្បី​ឳ្យ​ស្ថាប័ន​គជប មាន​តម្លាភាព និង​អាចជឿទុក​ចិត្តបាន។

ក្នុងសេចក្តីថ្លែងការណ៍របស់​ខ្លួន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ស្នើឳ្យ​សមាសភាពគជប ចំនួន ៩​រូប មាន ៤រូប ត្រូវជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំរដ្ឋាភិបាល និង ៥រូប ត្រូវ​ជ្រើសរើស​ដោយបើកចំហ និង​តម្លាភាព ក្នុង​ករណី​ដែល​មានគណបក្ស​នយោបាយ​តែ ១​មានអាសនៈនៅរដ្ឋសភា ដូចសព្វថ្ងៃ។ ​

ប៉ុន្តែចំពោះសំណើរ​​នេះ ត្រូវបាន​លោក​ឡេង ប៉េងឡុង​ ឆ្លើយ​តប​ថា គឺមិន​អាច​កាត់ក្បាល​តម្រឹម​តាម​មួក​បានទេ ព្រោះ​ទាំងអស់​គ្នា មិន​អាច​ដឹងថា ទៅថ្ងៃអនាគត នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​ប៉ុន្មាន ដែល​នឹងអាចទទួលបាន​អាសនៈក្នុងរដ្ឋសភា។ តាម​លោក ឡេង ប៉េងឡុង ប្រសិនបើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញពេលនេះ គឺអាចប្រើ​តែក្នុងពេលនេះ ហើយ​អាចនឹង​បន្ត​មានភាពចម្រូងចម្រាស់ នៅពេលខាងមុខ។

សូមបញ្ជាក់ថា តាម​ច្បាប់​ស្តីពីសមាសភាព​ស្ថាប័ន​រៀបចំការបោះឆ្នោត​ត្រង់​មាត្រា ១៥១-ថ្មី (ពីរ) គឺគជប មាន​សមាសភាព​ ៩រូប ដែល​ទទួល​អណត្តិ​ ៥ឆ្នាំ ដោយ​ ៤រូប ត្រូវជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤រូប ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុងរដ្ឋសភា ដែលមិន​ចូលរួម​ក្នុងរដ្ឋាភិបាល និង ១រូប ត្រូវ​ជ្រើសរើសដោយ​មានការ​ព្រមព្រៀង​គ្នារវាងគណបក្សទាំងអស់ ដែលមានអាសនៈ​ក្នុងរដ្ឋសភា។ ដូច្នេះ បើ​យោងតាម​ច្បាប់​សព្វថ្ងៃ គឺគណបក្សប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយ​ដែល​មាន​សិទ្ធិ​សម្រេច​លើ​សមាសភាពគជប ទាំង ៩រូប ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា ជាគណបក្ស​កាន់​អំណាច និងជាគណបក្ស​តែមួយគត់ ដែលមានអសនៈក្នុងរដ្ឋសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI