កម្ពុជា-នយោបាយ

តំណាងយោធាអាមេរិកស្នើធ្វើទស្សនកិច្ចនៅកំពង់ផែរាមឡើងវិញ ក្រោយទីតាំងមួយចំនួនត្រូវបានហាមឃាត់

កំពង់ផែរាម
កំពង់ផែរាម © សហការី

អនុព័ន្ធ​យោធាអាមេរិក​ប្រចាំនៅកម្ពុជា ​បានស្នើសុំ​ឲ្យមន្ត្រី​យោធា​កម្ពុជា​រៀបចំដំណើរទស្សនកិច្ចរ​បស់លោកនៅកំពង់ផែរាម​ឡើងវិញ ​បន្ទាប់ពី​ទស្សនកិច្ច​របស់លោក ​អមដោយមន្ត្រី​យោធាជាន់ខ្ពស់​ក្រសួងការពារជាតិកម្ពុជា​ មិនត្រូវអនុញ្ញាត​ឲ្យដើរមើលគ្រប់កន្លែងទាំងអស់​នៅក្នុងទីតាំងនោះ។​  ការលើកឡើងរបស់តំណាង​យោធាអាមេរិកដូច្នេះ​ ត្រូវបានផ្សព្វផ្សាយ​នៅថ្ងៃសុក្រនេះ​ តាមទំព័រហ្វេសប៊ុកផ្លូ​វការរបស់ស្ថានទូត​សហរដ្ឋអាមេរិកប្រ​ចាំនៅកម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ដោយមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferrara បានធ្វើដំណើរទៅកំពង់ផែសមុទ្ររាម នៅថ្ងៃសុក្រ ទី១១ ខែមិថុនា 

ដើម្បីធ្វើទស្សនកិច្ចដ៏ខ្លី​មួយ ដោយមន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាអាមេរិក បានទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក​នោះទេ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ស្ថានទូតឲ្យដឹងថា នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។ ទូតអាមេរិកបញ្ជាក់ថា ទស្សនកិច្ចជាធម្មតា និងញឹកញាប់​​ របស់អនុព័ន្ធយោធាសហរដ្ឋអាមេរិក និងអនុព័ន្ធយោធា​បរទេសដទៃទៀត​ នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយដ៏សំខាន់ ឆ្ពោះទៅរកតម្លាភាព និងជាការទុកចិត្តគ្នាទៅវិញទៅមក។

ជុំវិញសំណើររបស់តំណាងយោធាអាមេរិកទៅពិនិត្យមើលកំពង់ផែរាមជាថ្មី ក្រសួងការពាជាតិកម្ពុជា បញ្ជាក់ថា មិនអាចឆ្លើយតបភ្លាមៗបានទេ។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយក​ដ្ឋានន​យោបាយ និងកិច្ចការ​បរទេស​ក្រសួង​ការពារជា​តិ​ ប្រាប់វិទ្យុបារាំង RFI ថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ គឺកម្ពុជាជាអ្នកកំណត់ចំពោះទីតាំងទស្សនកិច្ច ដោយសារទីនេះជាទឹកដីកម្ពុជា ហើយកម្ពុជាក៏ត្រូវការរក្សាការសម្ងាត់ ដែលទាក់ទងទៅនឹងសន្តិសុខជាតិផងដែរ។

សូមរំលឹកថា នៅក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman កាលពីថ្ងៃទី១ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យមើល មូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម តាមសំណើរ។ ការស្នើសុំរបស់អ្នកការទូតជាន់ខ្ពស់អាមេរិកដូច្នេះ គឺធ្វើឡើងក្រោមហេតុផលសង្ស័យថាកម្ពុជាបានអនុញ្ញាតឲ្យចិន ដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅទីនោះ ដែលបញ្ហានេះ ត្រូវអ្នកវិភាគយល់ថាជាការប្រជែងទីតាំងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចចិន និងអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែសំណុំរឿងដ៏រសើប ដែលបង្កប់ដោយការសង្ស័យនេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាច្រានចោលជាច្រើនលើកច្រើនសារមកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI