កម្ពុជា-សង្គម

ជាងមួយឆមាសឆ្នាំ២០២១ កម្ពុជាបង្រ្កាបបទល្មើសគ្រឿងញៀនបានជាង៤តោន

គ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាននាពេលចុងក្រោយ
គ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាននាពេលចុងក្រោយ © FB/Anti-Drug Department

គិតពីចុងឆ្នាំ២០២០មកដល់ខែមិថុនាឆ្នាំ២០២១ អាជ្ញាធរសមត្ថកិច្ចកម្ពុជាបង្រ្កាបបានបទល្មើសគ្រឿងញៀនជាង១ម៉ឺនករណី ឬស្មើនឹងជាង៤តោន។ នេះបើតាមការបញ្ជាក់ពីលោក​មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍ទី១២មិថុនានេះ។ បើតាមលោកមាស វិរិទ្ធ ករណីបង្រ្កាបបានមួយរយៈចុងក្រោយនេះ ភាគច្រើនឧក្រិដ្ឋជនជាជនជាតិចិន។

ផ្សាយពាណិជ្ជកម្ម

លំហូរនៃការនាំចូលនិងចែកចាយបន្តគ្រឿងញៀននៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ទោះបីសកលលោក រួមនឹងកម្ពុជា កំពុងរវល់ដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ការជួញដូរគ្រឿងញៀនមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតំបន់ត្រីកោណមាស ដែលជាទីតាំងផលិតគ្រឿងញៀនមានការកើនឡើង។ ម្យ៉ាងវិញទៀត នាពេលបច្ចុប្បន្ន ការផលិតគឿងញៀនមានភាពរហ័ស ងាយស្រួល និងតម្លៃលក់លើទីផ្សារក៏មានតម្លៃថោក ទើបការជួញដូរគ្រឿងញៀនមានសភាពកើនឡើង។ នេះបើតាមលោក មាស​ វិរិទ្ធិ។

របាយការណ៍មួយកម្រាស់១២១ទំព័ររបស់អង្គការសហប្រជាជាតិទទួលបន្ទុកបទល្មើសគ្រឿងញៀននិងឧក្រិដ្ឋកម្ម ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានឲ្យដឹងថា កម្ពុជាបានក្លាយជាគោលដៅមួយក្នុងការផលិតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន។ ដោយតាមទិន្នន័យនៅឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាបង្រ្កាបបានគ្រឿងញៀនប្រភេទគ្រីស្តាល់មេតំហ្វេតាមីនចំនួន៨៦៣គីឡូក្រាម លើសពីឆ្នាំ២០១៩ដែលមាន៣៨៤គីឡូក្រាម។

ក៏ប៉ុន្តែនៅក្នុងរបាយការណ៍ស្តីពីការវិវឌ្ឍន៍និងបញ្ហាប្រឈមថ្មីបំផុតនៃគ្រឿងញៀនសំយោគនៅអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ បង្ហាញដែរថា ការចរចាគ្រឿងញៀនប្រភេទគ្រាប់អ៊ិចស្តាស៊ី និងម្សៅកូកាអ៊ីន នៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដូចគ្នា។

នៅចំពោះមុខបញ្ហាការកើនឡើងការជួញដូរគ្រឿងញៀននៅកម្ពុជា លោកមាស វិរិទ្ធ បានគូសបញ្ជាក់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានតាំងពីឆ្នាំ២០១៧មក។ តែអ្វីដែលត្រូវធ្វើជាបន្តទៀត គឺការរឹតបន្តឹងវិធានការបង្រា្កបឲ្យកាន់តែសកម្មជាងមុន។

ជាការកត់សម្គាល់ការបង្រ្កាបគ្រឿងញៀននៅកម្ពុជាប៉ុន្មានខែចុងក្រោយមានការកើនឡើងជាបន្តបន្ទាប់។ តួយ៉ាងកាលពីថ្ងៃទី២៨ ២៩ និង៣០ឧសភា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបទល្មើស ចំនួន៤ទីតាំង រឹបអូសបានគ្រឿងញៀនជាង១០០គីឡូក្រាមនិងឃាត់ខ្លួនឧក្រិដ្ឋជន៦នាក់ មានម្នាក់ជាជនជាតិវៀតណាម និង៥នាក់ទៀតជាជនជាតិចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI